សម្ដេចបវរធិបតី អបអរសាទរបេក្ខជនជាប់ស្ថាពរទទួលបានអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សានៅសាកលវិទ្យាល័យខេមរៈ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ – សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរបេក្ខជនជាប់ស្ថាពរទទួលបានអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅសាកលវិទ្យាល័យខេមរៈ សម្រាប់ឆ្នាំ ២០២៤-២០២៥។
សូម បេក្ខជនជាប់ស្ថាពរ ត្រូវបន្តនីតិវិធីដើម្បីចូលសិក្សាដូចខាងក្រោម៖
– ដំណាក់កាលទី១៖ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកអាហារូបករណ៍ ដោយមកបង្ហាញខ្លួនជាចាំបាច់ នៅស្នាក់ការអាហារូបករណ៍ ដែលមានអាសយដ្ឋានផ្ទះលេខ៤ ផ្លូវលេខ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (សូមភ្ជាប់មកជាមួយនៅសលាកបត្រឯកត្តជន ដែលយកចេញពីប្រព័ន្ធចុះឈ្មោះអាហារូបករណ៍) ត្រឹមថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ជាកំហិត។ ក្នុងករណីបេក្ខជនជាប់ស្ថាពរ ពុំមកបង្ហាញខ្លួនតាមកាលបរិច្ឆេទដូចបានកំណត់គណៈកម្មាធិការចាត់ទុកថាបេក្ខជនបោះបង់សិទ្ធិទទួលអាហារូបករណ៍។
– ដំណាក់កាលទី២៖ ត្រូវដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យខេមរៈ នៅតាមបណ្តោយផ្លូវ២៧១ អគារ៣៥A ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕





ដោយ៖ គង់ សិរីរ័ត្ន





