សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់បង្ហាញភាពជោគជ័យក្នុងការស៊ាំទប់ទល់នឹងហានិភ័យទីផ្សារបានយ៉ាងល្អ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥--
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ថា សហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» បង្ហាញភាពជោគជ័យរបស់ខ្លួនដោយស៊ាំជាមួយទប់ទល់នឹងហានិភ័យទីផ្សារបានយ៉ាងល្អ តាមរយៈការបន្តបែងចែកភាគលាភប្រាក់ចំណេញប្រចាំខែដល់សមាជិកជាលើកទី៣។

ក្នុងខណៈពេលដែលថ្លៃបន្លែនៅក្រៅសហគមន៍បានធ្លាក់ចុះខ្លាំងនៅកាលពីខែធ្នូ ឆ្នាំ២០២៤ ដែលភាគច្រើននៃកសិករដែលមិនមែនជាសមាជិកសហគមន៍មិនអាចទទួលបានប្រាក់ចំណេញឡើយ ប៉ុន្តែសហគន៍នៅតែលក់បានតម្លៃថេរតាមកុងត្រា។ បើយើងធ្វើការប្រៀបធៀបថ្លៃសម្រាប់ខែធ្នូ ឆ្នាំ២០២៤ ជាមធ្យមបន្លែសហគមន៍លក់ចេញក្នុងតម្លៃ១៥០០រៀលក្នុងមួយគីឡូក្រាម ទាបជាងខែកន្លងទៅបន្តិច តែនៅតែទទួលបានប្រាក់ចំណេញសមរម្យ និងខ្ពស់ជាងថ្លៃបន្លែនៅក្រៅសហគមន៍រហូតដល់ទៅ៣ដង ដែលជាទូទៅតម្លៃអ្នកនៅខាងក្រៅសគមន៍បានត្រឹមតែ៥០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។

ហើយថ្លៃដើមផលិតសម្រាប់ដំណាំបន្លែក្នុងតំបន់នេះប្រហែល៨០០រៀលក្នុងមួយគីឡូក្រាម ។ ទន្ទឹមនឹងនេះ សហគមន៍កសិកម្មទំនើប បន្លែផ្ទះសំណាញ់ត្រាំកក់ ក៏បានបង្កើនបរិមាណផលិតកម្មបន្លែរបស់ខ្លួនក្នុងខែធ្នូ ឆ្នាំ២០២៤ ខ្ពស់ជាងកាលពីខែវិច្ឆិកាក្នុងចំនួនជិត២០តោនផងដែរ៕

ដោយ ណយ នឿន





