លោកស្រី លំ គន្ធារី បាននាំយកអំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យទាំងស្រុងនៅស្រុកសន្ទុក
AKP កំពង់ធំ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥-- លោកស្រី លំ គន្ធារី អភិបាលរងខេត្ត និងជាប្រធានស្ដីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងអនុសាខាស្រុកសន្ទុក ផ្តល់ជូនដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ១ខ្នងអស់ទាំងស្រុង ស្ថិតនៅភូមិទីពោ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥។

តាមរបាយការណ៍របស់លោកស្រី ឡេង សុខខី អភិបាលបាលរងស្រុកសន្ទុក បានបញ្ជាក់ថា មានករណីអគ្គិភ័យបណ្ដាលឱ្យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងអស់ទាំងស្រុង នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នៅវេលាម៉ោង២២ និង ៣៥នាទីយប់ ម្ចាស់ផ្ទះឈ្មោះ សែម ឆុំ ភេទប្រុស អាយុ៦១ឆ្នាំបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងសម្ភារ ផ្ទះឈើ ប្រក់ក្បឿង ជញ្ជាំងក្តារ ទំហំ៦ម៉ែត្រគុណ៩ម៉ែត្រ ក្នុងនោះខូចខាតម៉ួតូ០១គ្រឿង ឯកសារប្លង់ដី សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណបណ្ណ០២សន្លឹក តុ ទូ និងខោអាវមួយចំនួន និងលុយខ្មែរចំនួន២លានរៀលមូលហេតុ ឆេះពីភ្លើងចង្ក្រាន។ ករណីនេះបណ្តាលឱ្យមានរបួសមនុស្សចាស់១នាក់ឈ្មោះ ញ៉ក់ គីន ភេទស្រីអាយុ៩០ឆ្នាំ ត្រូវជាម្តាយម្ចាស់ផ្ទះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក ហើយបានទទួលមរណភាពនៅមន្ទីរពេទ្យ។

លោកស្រី លំ គន្ធារី បានលើកឡើងថា ដោយមានការធ្វេសប្រហែសធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិមួយចំនួន ដោយសារអគ្គិភ័យបានលេបត្របាក់ផ្ទះ១ខ្នងអស់ទាំងស្រុង។ ដូចនេះហើយក្នុងនាមជាអ្នកដឹកនាំខេត្តកំពង់ធំបានចូលរួមសោកស្ដាយ និងនាំយកអំណោយផ្ដល់ជូន ដើម្បីលើកទឹកចិត្តដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះឱ្យមានស្មារតីរឹងមាំ និងប្រកបមុខរបរបន្តទៀតដើម្បីចិញ្ចឹមគ្រួសារឱ្យមានលក្ខណៈល្អប្រសើរ "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយដល់មូលដ្ឋាន"។

ក្នុងឱកាសនោះ លោកស្រី លំ គន្ធារី បានជំរុញលើកទឹកចិត្តបន្ថែមទៀត ដើម្បីឱ្យក្រុមគ្រួសារមានភាពរឹងមាំ អភិវឌ្ឍក្រុមគ្រួសារឱ្យមានការរីកចម្រើន លើសពីនេះសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ មុនចេញដំណើរទៅណាមកណា ត្រូវតែពន្លត់ភ្លើងចង្ក្រាន ធូប ទៀន និងបិទកុងតាក់ចរន្តអគ្គិសនី ឱ្យបានត្រឹមត្រូវ ចៀសផុតពីគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

សូមបញ្ជាក់ថា អំណោយរបស់សាខាកាកបាទក្រហមកម្ពុជា និងអនុសាខាស្រុកសន្ទុកដែលបានផ្ដល់ជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ រួមមាន៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីវ មុង ភួយ សារុង ក្រមា ឆ្នាំង២ កន្ទេល១ តង់១ និងថវិកាមួយចំនួន ក្នុងនោះអំណោយអនុសាខាស្រុកសន្ទុកមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៀត៕
ដោយ ស៊ុម វណ្ណា





