ឯកឧត្តម ហ៊ែល តូនី និងឯកឧត្តម ចែម ផល្លា បើកប្រជុំពិនិត្យឯកសារទស្សនទានស្ដីពីគំនិតផ្ដួចផ្ដើមដើម្បីចីរភាពបរិស្ថានទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប អមដោយឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ និងឯកឧត្តម ចែម ផល្លា អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធ៌ម កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាជាមួយសមាជិក និងថ្នាក់ដឹកនាំក្រុមប្រឹក្សា ដើម្បីពិនិត្យ ពិភាក្សា អំពីឯកសារទស្សនទានស្ដីពី "គំនិតផ្ដួចផ្ដើមដើម្បីចីរភាពបរិស្ថានទន្លេសាប"។

អង្គប្រជុំបានឯកភាពគ្នាឱ្យមានការសិក្សារួមគ្នាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា ក្នុងនោះអាជ្ញាធរទន្លេសាប ដែលជាស្ថាប័នដឹកនាំ និងសម្របសម្រួលលើការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាប ជាពិសេសធ្វេីការសិក្សារួមគ្នា (Feasibility Study) ជាមួយក្រសួងបរិស្ថាន ដើម្បីជាធាតុចូលក្នុងការរៀបចំកសាងឯកសារទស្សនទាន គំនិតផ្ដួចផ្ដើមដើម្បីចីរភាពបរិស្ថានទន្លេសាប ឱ្យកាន់តែច្បាស់លាស់ និងស៊ីជម្រៅ មុនដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចជាគោលការណ៍ ។

កិច្ចប្រជុំពិភាក្សានៃកម្មវិធីស្តីពី "គំនិតផ្តួចផ្ដើមដើម្បីចីរភាពបរិស្ថានទន្លេសាប" មានគោលបំណងសំខាន់ៗចំនួន៤គឺ៖ ទី១. ធ្វើវុឌ្ឍិកម្មគុណភាពបឹងទន្លេសាបឡើងវិញ ដោយកាត់បន្ថយឱ្យបានច្រើននូវការបំពុលដោយសារសំណល់ (រឹង រាវ)។ ទី២. ធ្វើវុឌ្ឍិកម្មអេកូឡូស៊ីបឹងទន្លេសាបឡើងវិញ ដោយកាត់បន្ថយឱ្យបានច្រើននូវវត្តមានប្រភេទរុក្ខជាតិទឹកដែលរាតត្បាតនៅក្នុងបឹងទន្លេសាប។ ទី៣. ធ្វើពិពិធកម្មរបរចិញ្ចឹមជីវិត ដើម្បីបញ្ចូលការងារ មុខរបរ និងជំនាញជំនួសផ្សេងទៀត និងទី៤. ស្តារឡើងវិញនូវតំបន់ទំនាបលិចទឹកដែលរេចរឹលដោយដាំរុក្ខជាតិឡើងវិញ និងអនុវត្តវិធានការអភិរក្ស៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





