ពលរដ្ឋរងគ្រោះភ្លើងឆេះផ្ទះនៅស្រុកមុខកំពូលទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល
AKP កណ្ដាល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារ ស្ថិតក្នុងភូមិព្រែកដំបង ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយមកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះនាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។ ម៉្យាងទៀតអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភគឺមិនមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះបញ្ហាខ្សែភ្លើងចាស់ៗ ភ្លើងទៀន ធូប ដែលអាចបង្កជាអគ្គិភ័យផ្សេងៗ ធ្វើឱ្យយើងបាត់បង់នូវទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ខ្លួន។

ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានសាខាបានលើកទឹកចិត្តដល់គ្រួសាររងគ្រោះទាំង៦គ្រួសារ ដែលត្រូវបានភ្លើងឆេះផ្ទះ មិនត្រូវបាក់ទឹកចិត្ត និងអស់សង្ឃឹមឡើយ ត្រូវបន្តខិតខំរកស៊ីចិញ្ចឹមជីវិត គ្រួសារយើងបន្តទៀត។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆាបឆេះលំនៅឋានរបស់ប្រជាពលរដ្ឋអស់៦ខ្នង ស្ថិតនៅក្នុងចំណុចភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល បណ្តាលឱ្យឆាបឆេះទាំងស្រុង។ អំណោយរបស់សាខាកាកបាទក្រហមខេត្តផ្ដល់ជូននាពេលនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ៥០គីឡូ មី១កេស តង់ធំ១ ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ទឹកផ្លែឈើ១កេស ទឹកបរិសុទ្ធ១កេស ត្រីខ១យួរ ឃីតសម្ភារប្រើប្រាស់១កញ្ចប់ សម្ភារផ្ទះបាយ១ឈុត និងថវិកា១ ០០០ ០០០ រៀល៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





