ខេត្តបន្ទាយមានជ័យទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង២ម៉ឺននាក់ ក្នុងឱកាសឆ្លងឆ្នាំសកល២០២៥
AKP បន្ទាយមានជ័យ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥-- មន្ត្រីមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យដឹងថាយ៉ាងហោចមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន២៧.៨០១នាក់មានដើរលេងកម្សាន្តក្នុងខេត្តបន្ទាយមានជ័យក្នុងឱកាសថ្ងៃបុណ្យឆ្លងឆ្នាំសកល២០២៥។

លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនេះ ភ្ញៀវជាតិ និងអន្តរជាតិបាននាំគ្នាទៅដើរលេងកម្សាន្តនៅបរិវេណកាស៊ីណូផ្កាយប្រាំជាប់ជាយដែនកម្ពុជា-ថៃក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណក្នុងបរិវេណសួនកម្សាន្តតេជោ ឈ្នះឈ្នះ ដែលរៀបចំរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ និងតាមរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានា ក្នុងនោះទេសចរជាតិ២៣.៤៨៦នាក់ និងបរទេស ៤.៣១៥នាក់ ហើយភាគច្រើនជាភ្ញៀវអន្តរជាតិនៅតំបន់ក្រុងប៉ោយប៉ែត។

លោកប្រធានមន្ទីរបានបន្តថា យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋបានត្រៀមរង់ចាំមើលការដុតកាំជ្រួចនៅរាត្រីឆ្លងឆ្នាំផ្ទុះ និងមើលការប្រគុំតន្ត្រីថ្នាក់ជាតិ និងអន្តរជាតិ២ទៅ៣កន្លែង។ ទន្ទឹមនឹងនេះ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល មានសន្តិសុខ សណ្តាប់ធ្នាប់ល្អក្រោមការថែរក្សាការពារសម្រួលចរាចរណ៍ទៅមកយ៉ាងយកចិត្តទុកដាក់ពីកម្លាំងមានសមត្ថកិច្ចបានល្អប្រសើរ មានការគោរពគ្នាទៅវិញទៅមកបានល្អ ដោយពុំមានបាតុភាពអ្វីកើតឡើងនោះទេ៕


ដោយ ឈុន សារ៉ាត





