អង្គភាពប្រឆាំងអំពើពុករលួយជូនដំណឹងពីលទ្ធផលនៃការបានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល
AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥--គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន១១២៨៥ច្បាប់។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ។ យោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៥ បានបញ្ជាក់ឱ្យដឹងថា ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស៧ថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍-អាទិត្យ និងថ្ងៃបុណ្យឡើយ ចាប់ពីម៉ោង០៨៖០០ព្រឹក ដល់ម៉ោង០៥៖០០ល្ងាច។
អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងបន្ថែមថា ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួន១០០ភាគរយ រួមមាន ក្រសួង-ស្ថាប័នចំនួន១ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងរាជធានី-ខេត្តចំនួន០៦ ក្នុងនោះខេត្តប៉ៃលិន កំពង់ចាម ព្រៃវែង កំពង់ស្ពឺ មណ្ឌលគិរី និងកំពង់ឆ្នាំង។
សម្រាប់ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ពីថ្ងៃទី០១-៣១ មករា ឆ្នាំ២០២៥ គឺអនុវត្តតាមសេចក្តីជូនដំណឹងស្តីពីកាលបរិច្ឆេទទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២៥ លេខ ០០៦/២៤ ស.ជ.ណ. ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤៕

ដោយ៖ ដេប៉ូ





