ពិធីឆ្លងឆ្នាំសកលខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង៣៦ម៉ឺននាក់
AKP បាត់ដំបង ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥-- ក្នុងរយៈពេល៣ថ្ងៃ បើគិតពីថ្ងៃទី២៩ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅចំនួនភ្ញៀវទេសចរដែលបានមកកម្សាន្តក្នុងពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៥ ទូទាំងខេត្តបាត់ដំបង គឺមានចំនួនរហូតដល់ទៅជាង៣៦០ ០០០នាក់។

ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង អ៊ុចអ៊ុំ ភីនីហ្សារ៉ា បានឱ្យដឹងថា នៅក្នុងរយៈពេល ៣ ថ្ងៃ នៃពិធីឆ្លងឆ្នាំសកលនេះ គឺមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកម្សាន្តក្នុងខេត្តបាត់ដំបងយ៉ាងច្រើនកុះករ ដោយសាររដ្ឋបាលខេត្តសហការជាមួយមន្ទីរទេសចរណ៍ខេត្ត បានរៀបចំឱ្យមានឆាកតន្ត្រី ស្តង់លក់ចំណីអាហារ និងមានពិព័រណ៍មុខម្ហូបខ្មែរប្រចាំខេត្តបាត់ដំបង និងទីតាំងកម្សាន្តផ្សេងៗទៀត ដែលទាំងនេះហើយជាកត្តាទាក់ទាញភ្ញៀវចូលមកកម្សាន្តយ៉ាងច្រើនបែបនេះ។

លោកប្រធានមន្ទីរក៏បានបញ្ជាក់ដែរថា បើតាមស្ថិតិ និងសេចក្តីរាយការណ៍ គឺនៅថ្ងៃទី២៩ ខែធ្នូ មានភ្ញៀវទេសចរជាតិចំនួន ៣៨.៩៧៥ នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន៣២០នាក់។ នៅថ្ងៃទី៣០ ខែធ្នូ មានភ្ញៀវទេសចរជាតិចំនួន៥៣.៧៨៦ នាក់ និងអន្តរជាតិចំនួន៣៣៨ នាក់ ដោយឡែកសម្រាប់ថ្ងៃទី៣១ ខែធ្នូ មានភ្ញៀវទេសចរជាតិចំនួន២៧០.២៦៧នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន៣៦៩នាក់។ សរុបស្ថិតិភ្ញៀវទេសចរគិតចាប់ពីថ្ងៃទី២៩ដល់ ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២៤ មាន៖ ភ្ញៀវជាតិ មានចំនួន ៣៦៣,០២៨ នាក់ មានការកើនឡើង ២.៩០ភាគរយបើធៀបឆ្នាំ២០២៣ មានចំនួន ៣៥២,៧៩០ នាក់។ ភ្ញៀវអន្តរជាតិមានចំនួន ១,០២៧ នាក់ មានការកើនឡើង ១១.៨៧ភាគរយ បើធៀបឆ្នាំ២០២៣ មានចំនួន៩១៨ នាក់។ ភ្ញៀវទេសចរសរុប មានចំនួន៣៦៤,០៥៥នាក់ មានការកើនឡើង២,៩៣ភាគរយបើធៀបឆ្នាំ២០២៣ មានចំនួន ៣៥៣,៧០៨ នាក់។

នេះជាមោទនភាពយ៉ាងក្រៃលែងចំពោះខេត្តបាត់ដំបង ដែលបានទទួលភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងបានបង្កភាពសប្បាយរីករាយ និងកក់ក្តៅដោយសារតែមានការការពារយ៉ាងម៉ឺងម៉ាត់ ពីកម្លាំងសមត្ថកិច្ចទាំងបីស្ថាប័នដើម្បីឱ្យប្រជាពលរដ្ឋមកកម្សាន្តសប្បាយប្រកបដោយសុវត្ថិភាព និងសុខុមាលភាពផងដែរ៕


ដោយ សុផល





