កាំជណ្តើរឡើងភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ ត្រូវបានរៀបចំពិធីក្រុងពាលីកសាងឡើងវិញបន្ទាប់ពីបានបាក់ស្រុតកាលពីរដូវទឹកភ្លៀង ចំណាយថវិកាចំនួន ១៤ម៉ឺនដុល្លារ
AKP ព្រះវិហារ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ -- កាំជណ្តើរឡើងភ្នំត្បែងមានជ័យ នៅក្នុងខេត្តព្រះវិហារ ប្រមាណ២០០កាំ ដែលបានរងការខូចខាតបាក់ស្រុត ដោយជំនន់ទឹកភ្លៀងកាលពីរដូវវស្សាកន្លងមក ត្រូវបានចាប់ផ្តើមដំណើរសាងសង់ជួសជុលឡើងវិញហើយ ដោយបានរៀបចំពិធីសែនក្រុងពាលី ដើម្បីសាងសង់ជាផ្លូវការដែលត្រូវចំណាយថវិកា ប្រមាណ ១៤ម៉ឺនដុល្លារអាម៉េរិក។ ពិធីនេះបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ១០កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្រ្ដី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ។
បើតាមរបាយការណ៍របស់លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលជាអ្នកទទួលការសាងសង់កាំជណ្តើរឡើងភ្នំត្បែងមានជ័យនេះ បានឱ្យដឹងថា កាំជណ្តើរឡើងភ្នំត្បែងមានជ័យ ដែលបាក់ស្រុតរងការខូចខាតដោយជំនន់ទឹកភ្លៀងកាលពីរដូវវស្សាកន្លងមកនេះ បានចាប់ផ្តើមសាងសង់ឡើងវិញធ្វើអំពីដែកវិញ លែងធ្វើអំពីស៊ីម៉ង់តិ៍ដូចមុនហើយ ដែលការធ្វើអំពីដែកនេះចំណាយថវិកាចំនួន១៤ម៉ឺនដុល្លារ។
ឯកឧត្តមទេសរដ្ឋមន្រ្ដី មាស សុភា បានគូសបញ្ជាក់ថា ការកសាងកាំជណ្តើរឡើងភ្នំត្បែងមានជ័យនេះ មានសារៈសំខាន់ណាស់ដល់ការឡើងចុះកន្លែងកម្សាន្តទេសចរណ៍សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ។ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានបន្ដថា ការបាក់ស្រុតរងការខូចខាតដោយជំនន់ទឹកភ្លៀងកាលពីរដូវវស្សាកន្លងមកនេះ បានធ្វើឱ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជិតឆ្ងាយ មានការពិបាកក្នុងការឡើងចុះភ្នំខ្លាំងណាស់។ ជាមួយគ្នានេះ កន្លងមក ដើម្បីសម្រួលដល់ការធ្វើដំណើរឡើងភ្នំ របស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរឱ្យមានភាពងាយស្រួល និងចៀសផុតពីគ្រោះថ្នាក់ផ្សេងៗនោះ ឯកឧត្ដមអភិបាលខេត្តព្រះវិហារបានដឹកនាំក្រុមការងារចុះទៅពិនិត្យផ្ទាល់ដល់ទីតាំង និងបានណែនាំឱ្យរៀបចំផ្លូវវាងជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើដំណើរ ។ ឯកឧត្ដមបានណែនាំដល់អ្នកទទួលការសាងសង់ ត្រូវធ្វើការកសាងលើកនេះសូម សាងសង់ឱ្យជាប់បានយូរ និងពន្លឿនការសាងសង់ឱ្យឆាប់រហ័សដែលអាចធ្វើទៅបាន ។
សូមបញ្ជាក់ផងដែរថា ភ្នំត្បែងមានជ័យ ស្ថិតក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ភ្នំត្បែងមានជ័យ គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយនៅលើកំពូលភ្នំ ដែលមានភាពទាក់ទាញ ដោយសារនៅលើកំពូលភ្នំត្បែង មានវត្តថ្ម៣ដុំ វត្តដំបូកខ្មៅក្របៅជ្រុំ មានទឹកជ្រោះ ក៏ដូចជាតំបន់ជាច្រើនទៀត ដែលមានទំនាក់ទំនង និងបារមីលោកតា «សួង» អ្នកសច្ចាំងភ្នំត្បែង ដ៏ពូកែស័ក្កសិទ្ធិរបស់ខ្មែរយើងពីបុរាណកាលមក ។ ចំពោះថវិកាសម្រាប់សាងសង់កាំជណ្តើរឡើងភ្នំត្បែងមានជ័យនេះ គឺបានមកពីការដង្ហែរអង្គកឋិនទានសាមគ្គី ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមទេសរដ្ឋមន្រ្ដី មាស សុភា និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត។ ចំពោះថវិកាទាំងនេះ គឺនៅមិនទាន់គ្រប់គ្រាន់សម្រាប់ការកសាងកាំជណ្តើរនោះទេ ប៉ុន្តែទោះជាយ៉ាងណាឯកឧត្ដមអភិបាលខេត្តព្រះវិហារប្តេជ្ញាថា នឹងខិតខំគៀរគររកថវិកាបន្ថែមទៀត ដើម្បីសាងសង់កាំជណ្តើរនេះឱ្យរួចរាល់ជាស្ថាពរ ៕
ដោយ ទិត ស្រ៊