រដ្ឋបាលខេត្តព្រះវិហារ នៅតែបន្តចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចាស់ជរា ចំនួន ២០០គ្រួសារ
AKP ព្រះវិហារ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ -- ឯកឧត្ដម មាស សុភា ទេសរដ្ឋមន្ដ្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ដព្រះវិហារបានអញ្ជើញចូលរួមពិធីចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចាស់ជរា ស្ថិតនៅភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីថ្ងៃសៅរ៍ ១០កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ដែលមានចូលរួមពីឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ។
ឯកឧត្ដម មាស សុភា បានមានប្រសាសន៍ថា អំណោយដែលយកមកចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន២០០គ្រួសារ នៅពេលនេះជាអំណោយរបស់រាជរដ្ឋាភិបាល ដោយមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ សមាគមន៍និស្សិតបញ្ញាវន្តក្មេងវត្តសាខា ខេត្តព្រះវិហារ និងសប្បុរសជនជាច្រើនរូបទៀតផងដែរ។ ឯកឧត្ដមបានកោតសរសើរ ដល់ក្រុមការងារសមាគមន៍និស្សិតបញ្ញាវន្តក្មេងវត្តសាខាខេត្តព្រះវិហារ ដែលបានធ្វើសកម្មភាពមនុស្សធម៌ជាច្រើននៅតាមតំបន់នានា ក្នុងខេត្តព្រះវិហារ។
ឯកឧត្ដមទេសរដ្ឋមន្រ្ដីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវប្រឆាំងដាច់ខាតចំពោះជនណា ក្រុមណា ឬបក្សនយោបាយណា ដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា។
ឯកឧត្ដមបានណែនាំឱ្យប្រជាពលរដ្ឋបន្តអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីកុំឱ្យមានការឆ្លងជំងឺកូវីដ-១៩នៅក្នុងខេត្តរបស់យើង៕
ដោយ ទិត ស្រ៊