ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ អញ្ជើញបញ្ចុះបឋមសិលា កសាងឧបដ្ឋានសាលា វត្ដពោធិ៍សិលារាម ហៅវត្ដគីឡូលេខ៨ ក្នុងក្រុងព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ -- ឯកឧត្ដម មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារបានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលាឆាន់ ក្នុងវត្តពោធិ៍សិលារាមហៅវត្តគីឡូលេខ៨ ស្ថិតក្នុងភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ដោយមានការចូលរួមពីដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អាជ្ញាធរក្រុង ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនរូបផងដែរ ។
ឯកឧត្ដម មាស សុភា បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេល។ ឯកឧត្ដមក៏បានអំពាវនាវដល់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃឱ្យនៅគង់វង្សបានយូរអង្វែង ដើម្បី ឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រកាន់តែមានការអភិវឌ្ឍបានរីកចម្រើនថែមទៀត។
ឯកឧត្ដមបន្ដថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺមានការអភិវឌ្ឍរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ គឺផ្តើមចេញពីប្រទេសយើងមានសុខសន្តិភាពពេញលេញ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវចូលរួមជាកម្លាំងថែរក្សាសុខសន្តិភាព ឱ្យនៅគង់វង្សយូរអង្វែង បន្តការគាំទ្រកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ទើបធ្វើឱ្យប្រទេសយើងកាន់តែមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ មានទាំងវិស័យពុទ្ធចក្រ អាណាចក្រ ព្រមទាំងមានសាសនាផ្សេងទៀតមានការរីកចម្រើនដូចគ្នា៕
ដោយ ទិត ស្រ៊