កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមន្ទីរពិសោធន៍សំណង់ និងសាធារណការ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១--កាលពីថ្ងៃ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១ លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពិសោធន៍សំណង់ និងសាធារណការ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមន្ទីរពិសោធន៍សំណង់ និងសាធារ ណការ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីព្រាងផែនការហិរញ្ញវត្ថុ និងវិនិយោគឆ្នាំ២០២១ របាយការណ៍នៃការអនុវត្តការងារអាជីវកម្ម សេវាកម្ម និងការងារវិនិយោគ រយៈពេល៩ខែ ក្នុងឆ្នាំ២០២០ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងរបស់មន្ទីរពិសោធន៍សំណង់ និងសាធារណការ ក៏ដូចជាការប្រមូលធាតុចូលបន្ថែមទៀត ដើម្បីឱ្យការរៀបចំផែន ការនានាកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
នៅក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការរៀបចំផែនការច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងមានលក្ខណៈវិទ្យាសាស្ត្រស្របតាមបទដ្ឋានគតិយុត្តនានា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងប្រកបដោយតម្លាភាព និងការអនុវត្តវិន័យបានខ្ជាប់ខ្ជួនរបស់បុគ្គលិកទាំងអស់ គឺជាយុទ្ធសាស្ត្រដ៏មុតស្រួចដែលអាចដឹកនាំនាវាមន្ទីរពិសោធន៍សំណង់ និងសាធារណការ ទៅកាន់ភាពជោគជ័យរបស់ខ្លួន ទាំងការងារបច្ចេកទេស និងការងារផ្ដល់សេវាសាធារណៈ។
ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការ បានបង្ហាញមោទនភាពចំពោះសមិទ្ធផល និងផែនការនានាដែលបានរៀបចំឡើងដោយក្រុមប្រឹក្សាភិបាល និងបានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរដល់អង្គប្រជុំដែលបានចូលរួមជាមតិយោបល់យ៉ាងផុលផុសគ្រប់របៀបវារៈ ដោយហេតុថារាល់មតិយោបល់របស់អង្គប្រជុំគឺជាធាតុចូលយ៉ាងសំខាន់ ក្នុងការកែច្នៃនិងច្នៃប្រឌិតឱ្យផែនការនានា និងរចនាសម្ព័ន្ធគ្រប់គ្រងរបស់មន្ទីរពិសោធន៍កាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព៕
ដោយ ទេស ច័ន្ទសុធារី (ប្រភពៈក្រសួងសាធារណការ និងដឹកជញ្ជូន)