បិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលកម្រិតអាស៊ានកីឡាសូហ្វតិន្នីស
AKP ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ -- វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលកម្រិតអាស៊ានកីឡាសូហ្វតិន្នីសបានបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅអគារសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជានៃពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីដំណើរការអស់រយៈពេល៤ថ្ងៃកន្លងមក។
លោក ជា សែនវិស្សុត អគ្គលេខាធិការ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានឱ្យដឹងថា សិក្ខាកាមចូលរួមវគ្គនេះ មានចំនួនសរុប២០នាក់មកពីសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អង្គការមិត្តសំឡាញ់ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ដែលបង្រៀនដោយគ្រូឧទ្ទេសប្រចាំវគ្គនេះមានចំនួន៣នាក់ ដូចជាគ្រូជនជាតិកូរ៉េ លោក CHOI CHONG RYU, លោក KIM GUNG JUN និងគ្រូឧទ្ទេសខែ្មរ លោក យី សារិន។
ឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមដែលចូលរួមទាំងអស់ទទួលបាននូវការយល់ដឹងបទពិសោធន៍ថ្មី ដែលមានលទ្ធផលល្អ៧០ភាគរយ ល្អបង្គួរ២០ភាគរយ និងលទ្ធផលយល់ដឹងក្រោមមធ្យម១០ភាគរយ។ វគ្គសិក្សានេះផ្តោតសំខាន់លើបទបញ្ជានៃការប្រកួត, បុគ្គលិកលក្ខណៈអាជ្ញាកណ្តាលកាត់សេចក្តី និងខ្សែបន្ទាត់, ទម្រង់ក្រដាសដាក់ពិន្ទុ (Score Sheet), របៀបដាក់ពិន្ទុ និងបូកហ្គេម, ទ្រឹស្តីអំពីរបៀបមើលបាល់ចេញ-ចូល និងការអនុវត្តផ្ទាល់នៅលើទីលាន និងដោះស្រាយបញ្ហានៅមុនពេលប្រកួត អំឡុងពេលប្រកួត និងក្រោយពេលប្រកួត។
ជាមួយគ្នានោះ លោកអគ្គលេខាធិការរូបនេះបានបង្ហាញនូវ ចំណុចខ្លាំង និងចំណុចនៃការចូលរួម ដើម្បីបន្តការអភិវឌ្ឍវិស័យកីឡានេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ប្រសិនបើអាចលុបបំបាត់នូវបញ្ហាប្រឈមបាន នោះសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា និងទទួលបានលទ្ធផលល្អប្រសើរ ឈានទៅរកមេដាយជូនជាតិជាក់ជាមិនខាន។ ក្នុងនាមសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា លោកបានប្តេជ្ញា ចិត្តថានឹងបន្តរក្សាការខិតខំលើគ្រប់ការងារទាំងអស់ ជាពិសេសគឺពង្រឹងនូវវិស័យប្រភេទកីឡាមួយនេះឱ្យមានការអភិវឌ្ឍទៅមុខទាំងហេដ្ឋារចនាសម្ព័ន្ធ និងបន្តខិតខំអភិវឌ្ឍសមត្ថភាព និងពង្រឹងកីឡាករ កីឡាការិនី ឱ្យទទួលបានគុណភាពខ្ពស់ ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ព្រមជាមួយនឹងការត្រៀមប្រកួតកីឡាសូហ្វតិន្នីសជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅក្នុងឆ្នាំ ២០២១ និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង អនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាមានប្រសាសន៍ថា នេះជាការខិតខំរៀបចំរបស់សហព័ន្ធ ដែលកំពុងស្ថិតនៅក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ ដើម្បីបណ្តុះបណ្តាលធនធានអាជ្ញាកណ្តាលកីឡាសូហ្វតិន្នីស ក្រោមការបង្ហាត់បង្រៀនពីគ្រូឧទ្ទេសពីគ្រូកូរ៉េ ដែលជាគ្រូកម្រិតខ្ពស់អន្តរជាតិ។ ឯកឧត្តមបន្ថែមថា ប្រភេទកីឡាសូហ្វតិន្នីសប្រហែលជាមិនមាននៅក្នុងស៊ីហ្គេម ២០២១ ប៉ុន្តែយើងមានគោលដៅធំចម្បងចំនួនពីរ នាពេលខាងមុខគឺនោះគឺការទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាសូហ្វតិន្នីសជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ នាខែមិថុនា ឆ្នាំ២០២១ និងការប្រកួតកីឡាជើងឯកអាស៊ី កីឡាសូហ្វតិន្នីស មួយទៀត នៅប្រទេសថៃ នាខែវិច្ឆិកា ឆ្នាំ២០២១ ដោយឯកឧត្តមបណ្ឌិត ជា ប៊ុនហេង បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យបន្តការប្រឹងប្រែងបន្ថែមទៀត ដើម្បីបន្តដំណើរការអភិវឌ្ឍឱ្យកាន់តែមានសក្តានុពល។
ឯកឧត្តមសង្កត់ធ្ងន់ថា អាជ្ញាកណ្តលក្រៅពីការខិតខំឱ្យការប្រកួតមានសុក្រឹតភាព គឺត្រូវតែចេះរៀបចំផែនការបែងចែកការប្រកួតជាដើម ដោយឯកឧត្តមចាត់ ទុកវគ្គនេះគឺជាការផលិតធនធានឱ្យមន្ត្រីកាត់សេចក្តីការប្រកួតកម្រិតអាស៊ានប្រចាំប្រទេសកម្ពុជា ដែលត្រូវតែដើរទន្ទឹមគ្នា ក្នុងការអភិវឌ្ឍឆ្ពោះទៅដណ្តើមមេដាយជូនជាតិពីលើឆាកអន្តរជាតិ៕
ដោយ ហេង ណាលីន