រដ្ឋបាលខេត្តឧត្ដរមានជ័យ បើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា
AKP ឧត្ដរមានជ័យ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ -- រដ្ឋបាលខេត្តឧត្ដរមានជ័យ បើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្ដម បណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរង នៃអាជ្ញាធរសវនកម្មជាតិ នៅសណ្ឋាគារឈើនប្រាក់កប កាលពីថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយក យករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីតំណាងមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងអំណរគុណ ដល់សវនកម្មជាតិ ចុះមកបើកសិក្ខាសាលានៅខេត្តឧត្ដរមានជ័យ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ តាមមន្ទីរនៅជុំវិញខេត្តឱ្យមានការយល់ដឹងខ្ពស់អំពីសវនកម្ម ហើយសូមសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រងត្រាប់ស្ដាប់ ដើម្បីយកជាចំណេះដឹងក្នុងការអនុវត្តកិច្ចការងារឱ្យបានល្អប្រសើរនៅថ្នាក់មូលដ្ឋាន។
ឯកឧត្តមបណ្ឌិត អ៊ុក សារាវុធ បានគូសបញ្ជាក់ឱ្យដឹងថា អង្គសិក្ខាសាលានាពេលនេះ មានគោលដៅចូលរួមពង្រឹង និងបង្កើនសមត្ថភាព ដល់មន្ត្រីរាជការដែលបំពេញការងារ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រយន្តការអនុវត្តការងារសវនកម្ម ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការសម្រេចគោលបំណងចូលរួមចំណែកកាត់បន្ថយ និងទប់ស្កាត់នូវរាល់កំហុសដែលបង្កឱ្យមានគុណវិបត្តិ ក្នុងការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ព្រមទាំងពង្រឹង និងបង្កើនជំនឿចិត្តលើកិច្ចការងារ សវនកម្មពីសំណាក់សាធារណជនជាតិ និងអន្តរជាតិលើការត្រួតពិនិត្យ ការគ្រប់គ្រង និងការប្រើប្រាស់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលប្រកប ដោយតម្លាភាព និងគណនេយ្យភាព។
ឯកឧត្តមបណ្ឌិតបន្តទៀតថា អាជ្ញាធរសវនកម្មជាតិ ជាស្ថាប័នសវនកម្មកំពូល ដែលមិនអាចខ្វះបានក្នុងបរិបទ នៃប្រទេសកម្ពុជា ដែលជាប្រទេសនីតិរដ្ឋ និងប្រជាធិបតេយ្យ ហេតុដូច្នេះហើយ ទើបតម្រូវឱ្យអង្គភាព ស្ថាប័ន មន្ទីរជំនាញ ក្រុង ស្រុក និងឃុំ សង្កាត់ ចំណុះរដ្ឋបាលខេត្តឧត្ដរមានជ័យទាំងអស់ ចាំបាច់ត្រូវបន្តសហការ ជាមួយអាជ្ញាធរសវនកម្មជាតិ ដើម្បីពង្រឹងអភិបាលកិច្ចល្អ លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កែលម្អកំហុសឆ្គង និងបំពេញរាល់កង្វះខាត សំដៅជំរុញឱ្យការអនុវត្តការងារទទួលបានប្រសិទ្ធផលខ្ពស់។
ឯកឧត្ដមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ បានធ្វើបទបង្ហាញស្តីពី ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់លើ៤ ចំណុចសំខាន់ៗ រួមមាន៖ ទី១. សាវតាស្ថាប័នអាជ្ញាធរសវនកម្មជាតិ។ ទី២. ហេតុអ្វីត្រូវមានច្បាប់ស្តីពីសវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា។ ទី៣. ខ្លឹមសារនៃច្បាប់សវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងទី៤. ខ្លឹមសារនៃស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរជំនាញ, កងកម្លាំងប្រដាប់អាវុធ ក្រុង ស្រុក, ឃុំ សង្កាត់ និងអង្គភាពពាក់ព័ន្ធ នៃរដ្ឋបាលខេត្តឧត្ដរមានជ័យ ព្រមទាំងបានធ្វើការបកស្រាយ និងឆ្លើយបំភ្លឺនូវសំណួរ មួយចំនួន ដែលបានលើកឡើងដោយសិក្ខាកាម នៃអង្គសិក្ខាសាលា។
គួររម្លឹកថា អាជ្ញាធរសវនកម្មជាតិ គឺជាស្ថាប័នសាធារណៈឯករាជ្យ អំពីកិច្ចប្រតិបត្តិការការងារ និងមានភារកិច្ចធ្វើការត្រួតពិនិត្យ និងផ្តល់អនុសាសន៍កែតម្រូវ លើរាល់កំហុសឆ្គងរបស់អង្គភាពរងសវនកម្ម ព្រមទាំងធ្វើរបាយការណ៍ ស្តីពីលទ្ធផលការងារ ជូនស្ថាប័ននីតិប្បញ្ញត្តិ ពោលគឺរដ្ឋសភា និងព្រឹទ្ធសភា និងចម្លងជូនរាជរដ្ឋាភិបាល៕
ដោយ ទិត ស្រ៊