រដ្ឋបាលខេត្តឧត្ដរមានជ័យ បើកវេទិកាពិគ្រោះយោបល់ ស្ដីពីការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ (២០២១-២០២៣)
AKP ឧត្តរមានជ័យ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ -- ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ ស្ដីពីការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត និងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីដំណើរការរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ឃុំ សង្កាត់ នៅតាមក្រុង ស្រុក សម្រាប់អនុវត្តន៍ឆ្នាំ (២០២១-២០២៣) នៅសាលប្រជុំសាលាខេត្ត កាលពីថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត មន្ទីរ-អង្គភាព អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ និងតំណាងអង្កការនានាបានអញ្ជើញចូលរួមផងដែរ។
ឯកឧត្តម ប៉ែន កុសល្យ មានប្រសាសន៍ថា កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងគោលបំណង បង្ហាញអំពីតម្រូវការអភិវឌ្ឍមូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួល បន្ស៊ីនូវតម្រូវការអភិវឌ្ឍន៍ទាំងនេះជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីឈានដល់ការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត ប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមបានបន្តថា នៅក្នុងដំណើរការ នៃវេទិកាពិគ្រោះយោបល់សម្រាប់ឆ្នាំ២០២១នេះ យើងទាំងអស់គ្នាត្រូវយកចិត្ដទុកដាក់ពិនិត្យពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ដោយត្រូវធ្វើយ៉ាងណាកុំឱ្យមានការខ្វះចន្លោះកើតឡើងជាយថាហេតុ ព្រោះថាវេទិកានេះ គឺជាផ្នែកមួយដ៏សំខាន់ ដែលតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងវិស័យឯកជន អង្គការដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនានា ត្រូវរួមគ្នាពង្រឹងកិច្ចសហការជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ជាពិសេសធ្វើការសម្របសម្រួល និងបន្ស៊ីគ្នារវាងគម្រោង នៃកម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្តជាមួយនឹង គម្រោង នៃកម្មវិធីវិនិយោគរបស់រដ្ឋបាល ក្រុង ស្រុក។
ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរដល់សមាជិកនៃអង្គវេទិកាទាំងមូល សូមយកចិត្តទុកដាក់ស្តាប់ ពិភាក្សា និងលើកឡើងជាសំណួរសំណូមពរផ្សេងៗ ដើម្បីយល់អំពីដំណើរការរួម និងរបៀបរៀបចំចាត់ចែងនៅក្នុងដំណើរការអភិវឌ្ឍន៍ខេត្ត ព្រមទាំងគោលការណ៍សំខាន់ៗពាក់ព័ន្ធ នឹងការចុះកិច្ចព្រមព្រៀងរវាង ស្ថាប័ន អង្គការ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជននានា ជាមួយរដ្ឋបាលខេត្ត យកទៅអនុវត្តន៍ត្រូវនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន៕
ដោយ ទិត ស្រ៊