ឯកឧត្តម គួច ចំរើន ដឹកនាំក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរការងារខេត្តកណ្តាល
AKP កណ្តាល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជេីញដឹកនាំក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម គួច ចំរើន បានជំរុញដល់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បេឡាជាតិសន្តិសុខសង្គមខេត្ត និងមូលនិធិជាតិជំនួយសង្គមខេត្ត ត្រូវបន្តខិតខំក្នុងការងារពាក់ព័ន្ធនឹងការងារផ្តល់បណ្ណសមធម៌សង្គមនានាជូនដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ និវត្តន៍ជន កម្មករ កម្មការិនីឱ្យបានច្រើន ដើម្បីឱ្យពួកគាត់ទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ។

ជាមួយគ្នានេះ បេឡាជាតិសន្តិសុខសង្គមខេត្ត និងមូលនិធិជាតិជំនួយសង្គមខេត្ត ត្រូវត្រៀមធ្វើបទបង្ហាញពាក់ព័ន្ធនឹងការងាររបស់ខ្លួនជូនរដ្ឋបាលក្រុង-ស្រុកទាំង១៣ ដើម្បីយកទៅផ្សព្វផ្សាយបន្តនៅពេលជួបប្រជុំជាមួយមហាជនក្នុងមូលដ្ឋាន សំដៅធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងអំពីអត្ថប្រយោជន៍ផ្សេងៗរបស់បណ្ណសមធម៌សង្គមនានា ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលបានកំណត់សម្រាប់ផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធក្នុងសាខាបេឡាជាតិសន្តិសុខសង្គមខេត្តកណ្ដាល និងសាខាមូលនិធិជាតិជំនួយសង្គមខេត្តកណ្តាល ផងដែរ៕

ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





