សិក្ខាសាលាប្រចាំឆ្នាំ លើកម្មវិធីសហប្រតិបត្តិការ អូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ដំណាក់កាលទី២
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាកសាងផែនការប្រចាំឆ្នាំផ្នែកបរិយាបន្នពិការភាព កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ដំណាក់កាលទី២ (ACCESS 2)។ សិក្ខាសាលានេះមានគោលបំណងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពសំខាន់ៗ មេរៀនដែលទទួលបាន បញ្ហាប្រឈម និងចំណុចដែលត្រូវកែលម្អ ក្នុងការពង្រឹងបរិយាបន្នពិការភាព។

សិក្ខាសាលានេះ បានពិភាក្សាអំពីផែនការការងារប្រចាំឆ្នាំរបស់ក្រុមការងារបរិយាបន្នពិការភាពសម្រាប់ខែកក្កដា ឆ្នាំ២០២៦ ដល់ខែមិថុនា ឆ្នាំ២០២៧ ដោយផ្តោតលើ ការគាំទ្រអង្គការតំណាងជនមានពិការភាព (OPD) ឱ្យអាចចូលរួមប្រកបដោយអត្ថន័យក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅថ្នាក់មូលដ្ឋាន ដែលមានឥទ្ធិពលជាវិជ្ជមានដល់សមាជិករបស់ពួកគេ។ ពង្រឹងការគ្របដណ្តប់នៃការកំណត់អត្តសញ្ញាណជនពិការ និងការតភ្ជាប់របស់វាជាមួយប័ណ្ណសមធម៌ និងកម្មវិធីកិច្ចគាំពារសង្គម ។ ការគាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស PDAC និងកម្មវិធីវិនិយោគ IP ឱ្យទទួលបានថវិកាជាប្រចាំ និងបញ្ចូលជាផ្នែកមួយនៃប្រព័ន្ធរបស់រដ្ឋាភិបាល។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានមានមតិផ្ដាំផ្ញើរដល់អ្នកចូលរួមទាំងអស់សូមផ្ដល់ធាតុចូលឱ្យចំគោលដៅច្បាស់លាស់ ដើម្បីឱ្យផែនការនេះអនុវត្តបានជោគជ័យមានប្រសិទ្ធិភាព និងមានផលប្រយោជន៍ដល់បងប្អូនជនមានពិការភាពដែលរស់នៅមូលដ្ឋានយ៉ាងពិតប្រាកដ។ សិក្ខាសាលានេះ មានការចូលរួមពីតំណាងស្ថានទូតអូស្ត្រាលី តំណាងនាយកដ្ឋានសុខុមាលភាពជនពិការ មូនិធិជាតិជំនួនសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តគោលដៅទាំង៥ របស់កម្មវិធី ACCESS 2 នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការអង្គការតំណាងជនមានពិការភាពដៃគូអនុវត្តជាយុទ្ធសាស្ត្រនៃកម្មវិធី ACCESS 2 សរុប ៤១នាក់ (ស្រី ១២នាក់) ដោយជនមានពិការភាពមានចំនួន ៩នាក់ (ស្រី ៥នាក់)៕


ដោយ៖ ណយ នឿន (ប្រភព៖ក្រុមប្រឹក្សាសកម្មភាពជនពិការ)





