លោក ស៊ី ជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងប៉េកាំង
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ -- ប្រធានាធិបតីចិន លោក ស៊ីជីនពីង (Xi Jinping) បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដែលកំពុងបំពេញទស្សនកិច្ចនៅវិមានប្រជាជនធំ ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃពុធ ដោយភាគីទាំងពីរបានយល់ព្រមពង្រីកសន្ធិសញ្ញាភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិន និងរុស្ស៊ីបន្ថែមទៀត។
លោក ស៊ី បានកត់សម្គាល់ថា ឆ្នាំនេះគឺជាខួបលើកទី៣០ នៃការបង្កើតភាពជាដៃគូសម្របសម្រួលយុទ្ធសាស្ត្ររវាងចិន និងរុស្ស៊ី និងខួបលើកទី២៥នៃការចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិន និងរុស្ស៊ី។
លោកបានមានប្រសាសន៍ថា ទំនាក់ទំនងចិន-រុស្ស៊ីបានឈានមកដល់ចំណុចនេះមួយជំហានម្តងៗ ដោយសារតែប្រទេសទាំងពីរបានបន្តពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ និងការសម្របសម្រួលយុទ្ធសាស្ត្រដោយភាពរឹងមាំ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងការជំរុញឱ្យឡើងដល់កម្ពស់ថ្មីជានិច្ច និងការពារភាពមិនលំអៀង និងយុត្តិធម៌អន្តរជាតិ និងជំរុញការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិជាមួយនឹងការប្តេជ្ញាចិត្តដ៏រឹងមាំ។
លោក ស៊ី បានមានប្រសាសន៍ថា «ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រទេសសំខាន់ៗនៅលើពិភពលោក ប្រទេសចិន និងរុស្ស៊ីគួរតែមានទស្សនវិស័យយុទ្ធសាស្ត្រ និងរយៈពេលវែង ជំរុញការអភិវឌ្ឍ និងការរស់ឡើងវិញនៃប្រទេសរបស់យើងរៀងៗខ្លួនតាមរយៈការសម្របសម្រួលយុទ្ធសាស្ត្រដ៏ទូលំទូលាយដែលមានគុណភាពខ្ពស់ជាងមុន និងធ្វើការដើម្បីធ្វើឱ្យប្រព័ន្ធគ្រប់គ្រងសកលលោកកាន់តែយុត្តិធម៌ និងសមហេតុផល»។
លោក ស៊ី បានបន្ថែមថា យើងទំនុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយកាន់តែស៊ីជម្រៅ កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗដូចជា ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការវិនិយោគ ថាមពល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរប្រជាជន និងថ្នាក់ក្រោមជាតិបានបន្តរីកចម្រើនហើយចំណងមិត្តភាពរវាងប្រជាជនទាំងពីរកាន់តែរឹងមាំ។
លោក ពូទីន បាននិយាយថា ទំនាក់ទំនងរុស្ស៊ី-ចិន ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីភាគីទាំងពីរ បានឈានដល់កម្រិតដែលមិនធ្លាប់មានពីមុនមក ដែលមានការផ្លាស់ប្តូរកម្រិតកំពូលយ៉ាងជិតស្និទ្ធ និងការជឿទុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយដ៏រឹងមាំ។
លោកពូទីនបានបន្ថែមថា ភាគីទាំងពីរបានឃើញមានការកើនឡើងជាលំដាប់នៃពាណិជ្ជកម្មទ្វេភាគី ការផ្គត់ផ្គង់ និងតម្រូវការថាមពលដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងវិស័យដឹកជញ្ជូន ភស្តុភារ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងចំណោមវិស័យផ្សេងទៀត និងសន្ទុះដ៏រឹងមាំក្នុងការផ្លាស់ប្តូរប្រជាជន និងប្រជាជន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





