រដ្ឋបាលរាជធានីភ្នំពេញផ្សព្វផ្សាយឱ្យពលរដ្ឋចូលរួមធ្វើអនាម័យវេចខ្ចប់សំរាមដាក់ក្នុងធុងសំរាម និងដាំដើមឈើសំដៅលើកកម្ពស់ និងកិច្ចគាំពារបរិស្ថាន
AKP ភ្នំពេញ ថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២៦ -- រដ្ឋបាលរាជធានីភ្នំពេញ បានផ្សព្វផ្សាយឱ្យពលរដ្ឋចូលរួមធ្វើអនាម័យវេចខ្ចប់សំរាមដាក់ក្នុងធុងសំរាម និងដាំដើមឈើសំដៅលើកកម្ពស់ និងកិច្ចគាំពារបរិស្ថាន ដើម្បីចូលរួមបរិស្ថានពិភពលោក ក្រោមប្រធានបទ «សំណល់សូន្យ (Zero Waste)» ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ នៅរាជធានីភ្នំពេញ។
អនុលោមតាមអនុក្រឹត្យលេខ ១៥អនក្រ.បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការកំណត់យកថ្ងៃទី០៥ ខែមិថុនា ជាឱកាសរៀបចំប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពបរិស្ថានសំដៅលើកកម្ពស់សុខភាពសាធារណៈ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ បង្កើនការយល់ដឹងដល់សាធារណជនអំពីបញ្ហាបរិស្ថាន លើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឱ្យបានត្រឹមត្រូវដោយធ្វើការវេចខ្ចប់ និងញែកសំរាម សំណល់រឹង ដែលអាច ប្រើប្រាស់ឡើងវិញ ឬកែច្នៃបានដោយឡែកពីសំណល់រឹងដែលត្រូវបោះចោល រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់គ្រប់រដ្ឋបាលខណ្ឌ សង្កាត់ គ្រឹះស្ថានសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ដែលរស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សូមចូលរួមអនុវត្តដូចខាងក្រោម៖ ១.សូមធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ជំរុញការចូលរួមក្នុងការធ្វើអនាម័យ ការដាំដើមឈើ និងការ គ្រប់គ្រង ទុកដាក់ និងវេចខ្ចប់សំណល់រឹង សំរាមក្នុងធុងសំរាម ឬនៅតាមទីតាំងកំណត់ឱ្យបានត្រឹមត្រូវ ជៀសវាងការដុត ឬបោះចោល មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលអាចបង្កការប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងគុណភាពបរិស្ថាន។ ២.សូមចូលរួមធ្វើការផ្សព្វផ្សាយតាមរយៈសកម្មភាពអប់រំផ្សេងៗ មានជាអាទិ៍ ការនិពន្ធអត្ថបទ ការប្រកួតផ្ទាំងរូបភាពនៅតាមសាលារៀន ការដាំដើមឈើ ការកែច្នៃសំណល់នានា យុទ្ធនាការសម្អាត។ល។ និងចាត់ចែងធ្វើអនាម័យ ទាំងក្នុង និងក្រៅបរិវេណអង្គភាពរបស់ខ្លួនដោយត្រូវប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវស្របតាមគោលការណ៍ 4Rs (បដិសេធមិនប្រើប្រាស់ កាត់បន្ថយការបង្កើតការប្រើប្រាស់ ឡើងវិញ និងការកែច្នៃ) សំដៅធានាបានសង្គមបៃតង និងបរិស្ថានចីរភាព។ ៣.សូមយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងសំណល់រឹង សំរាម និងសំណល់រាវឱ្យបានត្រឹមត្រូវ ចូលរួមធ្វើអនាម័យ សន្សំសំចៃថាមពល និងការពារថែរក្សាជីវៈចម្រុះ និងធនធានធម្មជាតិតាមរមណីយដ្ឋានមជ្ឈមណ្ឌល កម្សាន្តភោជនីយដ្ឋាន និងអាហារដ្ឋាន៕




ដោយ៖ សួស សំរិត





