បទវិចារណកថា៖ កម្ពុជាកំពុងតែឈរនៅលើវិថីការទូតដ៏វិជ្ជមានលើបញ្ហាផ្ទៃក្នុង និងរឿងសកលលោក
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ -- ថ្វីត្បិតតែជាប្រទេសតូច ហើយសេដ្ឋកិច្ចមិនធំដុំអាចប្រៀបបាននឹងបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់ក៏ពិតមែន ប៉ុន្តែកម្ពុជាកំពុងតែបោះជំហាន និងឈានទៅដល់ទីតាំងមួយដ៏វិជ្ជមាននៅលើនយោបាយការបរទេស និងបញ្ហាសកលលោក ដែលគេកំពុងតែកត់សម្គាល់ពីរ គឺការប្រឹងប្រែងដើម្បីរក្សាឱ្យបាននូវការអនុគ្រោះពន្ធ ដែលបានផ្តល់ឱ្យកម្ពុជាក្រោមគម្រោងពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ពីសហភាពអឺរ៉ុប និងរឿងដែលកំពុងតែក្តៅនិងរសើប គឺការរីករាលដាលនៃជំងឺរលាកសួត ដែលបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី ដែលថ្មីៗនេះអង្គការសុខភាពពិភពលោកបានដាក់ឈ្មោះជាផ្លូវការថា COVID-19 ។

នៅក្នុងរយៈពេលប៉ុន្មានខែមកនេះ កម្ពុជាបានប្រឈមមុខនឹងនយោបាយការបរទេសដ៏តឹងតែងនៅក្នុងការការពារឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួន ជាមួយនឹងសហភាពអឺរ៉ុបទាក់ទងនឹងការរិះគន់អំពីដំណើរការ នៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការរិតត្បិតសិទ្ធិបញ្ចេញមតិ ដោយសារតែសាលដីកាសម្រេចរបស់តុលាកាកំពូលទាក់ទងនឹងការរំលាយចោលគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងនៅក្នុងប្រទេស និងការហាមប្រាមសិទ្ធិធ្វើនយោបាយ ដល់បុគ្គលជាមន្រ្តីជាន់ខ្ពស់នៅក្នុងអតីតគណបក្សនេះចំនួន១១៨ នាក់ រយៈពេល០៥ ឆ្នាំ ដោយសារបញ្ហាឃុបឃិតនឹងបរទេសក្បត់ជាតិ ។ ហើយបញ្ហាដ៏គួរឱ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយទៀតគឺការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាទាក់ទិននឹងនយោបាយការទូត ក៏ដូចជាការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរលាកសួតដែលបណ្តាលមកពីមេរោគ COVID-19 ដែលបានធ្វើនៅក្នុងពេលដែលប្រទេសនានាកំពុងតែខ្លាចរអានូវការរីកសាយភាពនៃមេរោគនេះ ។
ពាក់ព័ន្ធនឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធដែលបានផ្តល់ឱ្យកម្ពុជាក្រោមគម្រោងពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ ដែលគណៈកម្មការអឺរ៉ុបបានសម្រេចនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ វាអាចថា ជារឿងដែលគួរឱ្យសោកស្តាយខ្លះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនេះហាក់បង្ហាញនូវភាពជាដៃគូ ដែលមិនអាចខ្វះបានមួយរវាងសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា ។
គណៈកម្មការអឺរ៉ុបបានសម្រេចព្យួរការអនុគ្រោះពន្ធដែលបានផ្តល់ឱ្យកម្ពុជាក្រោមគម្រោងពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ លើផ្នែកខ្លះតែប៉ុណ្ណោះ ។ យោងទៅតាមការសម្រេចចិត្តនេះ វានឹងប៉ះពាល់ដល់ផលិតផលមួយចំនួនដែលកម្ពុជាបាននាំចូលទៅកាន់ទីផ្សារនៅសហភាពអឺរ៉ុប លើមុខទំនិញមួយចំនួន ដែលរួមមានផ្នែកខ្លះនៃសម្លៀកបំពាក់ និងស្បែកជើង ព្រមទាំងផលិតផលនៅក្នុងការធ្វើដំណើរ និងផលិតផលស្ករស ។ ប្រភពដដែលបានបន្តទៀតថា ការសម្រេចព្យួរការអនុគ្រោះនេះមានទំហំប្រហែលមួយភាគប្រាំ ឬ មានតម្លៃប្រមាណជា១.០០០ លានអឺរ៉ូ នៃតម្លៃនាំចេញប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា ទៅកាន់សហភាពអឺរ៉ុបតែប៉ុណ្ណោះ។ យើងខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា តាមស្មារតីនៃសេចក្តីសម្រេចនោះ មិនមែនមានសេចក្តីថា កម្ពុជាត្រូវបង់ពន្ធ ១.០០០ លានអឺរ៉ូទៅឱ្យសហភាពអឺរ៉ុបនោះទេ ការសម្រេចនេះគឺ កម្ពុជាត្រូវបង់ពន្ធទៅតាមតម្រូវការច្បាប់នៃទំនិញនាំចូលទៅកាន់ទីផ្សារអឺរ៉ុប លើចំណែកនាំចូលទំនិញពីកម្ពុជាដែលមានតម្លៃប្រមាណជា១.០០០ លានអឺរ៉ូនេះតែប៉ុណ្ណោះ ។ តាមការប៉ាន់ស្មាន ការសម្រេចនោះអាចឱ្យផលិតផលកម្ពុជាប្រមាណជា ៤០ ប្រភេទត្រូវបង់ពន្ធ ពោលគឺតម្លៃនៃការបង់ពន្ធនេះគឺមានប្រមាណជា ជាង១០០លានអឺរ៉ូ ក្រៅពីនោះគឺអ្វីៗនៅដដែល ។
រហូតមកដល់ពេលបច្ចុប្បន្ននេះ យើងដឹងថា សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសកម្ពុជាដែលស្មើនឹង ៤៥ ភាគរយនៃការនាំចេញរបស់កម្ពុជា ។ នេះបើតាមតួលេខដែលគណៈកម្មការអឺរ៉ុបបានអះអាងនៅដោយផ្អែកលើតួលេខកាលពីឆ្នាំ២០១៨ ។
ការនាំចេញទៅកាន់សហភាពអឺរ៉ុបពីប្រទេសកម្ពុជាបានកើនឡើងដល់ ៥,៤ ពាន់លានអឺរ៉ូនៅឆ្នាំ២០១៨ ពោលគឺច្រើនជាងទ្វេដងនៃទឹកប្រាក់ ២,៥ ពាន់លានអឺរ៉ូដែលបានកត់ត្រាក្នុងឆ្នាំ ២០១៣ ។ ប្រភពដដែលបានបន្តថា ទំនិញកម្ពុជា ប្រមាណជា ៩៥,៧ ភាគរយនៃការនាំចេញ បានចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុបដោយសារតែការអនុគ្រោះពន្ធ ដែលមានតម្លៃសរុប ៥,២ ពាន់លានអឺរ៉ូ ក្នុងចំណោមទំនិញកម្ពុជានាំចូលមានតម្លៃសរុប ៥,៤ ពាន់លានអឺរ៉ូ ។ ទាំងនេះគឺជាចំណុចដ៏ប្រឈមសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែការសម្រេចកាលពីម្សិលមិញនេះ គឺមានភាពវិជ្ជមានច្រើន ។
ប្រភពដដែលបានបន្តទៀតថា ការសម្រេចចិត្តព្យួរនេះក៏មិនមែនចូលជាធរមាន ឆាប់ៗនេះដែរ ពោលគឺវានឹងចូលជាធរមាន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ខាងមុខឯណោះ ដូច្នេះវានៅមានពេលប្រហែលជា ៦ខែទៀតសម្រាប់កម្ពុជារៀបចំគោលនយោបាយ និងកំណែទម្រង់ ដើម្បីឆ្លើយតបនឹងបញ្ហា ។ ម្យ៉ាងវិញទៀត ការព្យួរនេះក៏នឹងមិនកំណត់ថានឹងនៅដូច្នេះរហូតដែរ គឺអាចនឹងមានការសម្រេចបន្ធូរបន្ថយនៅពេលក្រោយទៀតក៏ថាបាន ។
ជុំវិញការសម្រេចចិត្តបែបនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាសេនាធិការនយោបាយការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយចំពោះការសម្រេចចិត្តនេះ ហើយបានហៅការសម្រេចចិត្តរបស់គណកម្មការអឺរ៉ុបនេះថាជាសេចក្តីសម្រេចចិត្តដ៏អយុត្តិធម៌មកលើកម្ពុជា ដែលពេលនេះគេដឹងថា កម្ពុជាតែងតែខិតខំអនុវត្តយ៉ាងពេញលេញតាមច្បាប់ នៅក្នុងនាមជាប្រទេសឯករាជ្យ មានអធិបតេយ្យភាព និងច្បាប់ ក៏ដូចជាសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិនានាដែលមានចែងជាសកល ។ ហើយម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលកម្ពុជាក៏នៅតែមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយនឹងសហភាពអឺរ៉ុបបន្ថែមទៀត ដោយឈរនៅលើស្មារតីនៃការគោរព និងការទទួលផលប្រយោជន៍ទៅវិញទៅមក ជាមួយនឹងការបញ្ជាក់សារជាថ្មីពីបំណងប្រាថ្នាយ៉ាងមុតមាំក្នុងការអនុវត្តតាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សនៅក្នុងតំបន់ ។
ចំណុចលើកឡើងខាងលើនេះជាទឡ្ហីករណ៍មួយចំនួនតូចដែលបង្ហាញពីគោលជំហរច្បាស់លាស់ មានខ្សែបន្ទាត់នយោបាយការទូត និងដំណោះស្រាយជាក់លាក់របស់កម្ពុជានៅក្នុងការឆ្លើយតបរវាងបញ្ហាផ្ទៃក្នុងផ្សារភ្ជាប់នឹងបញ្ហានៃនយោបាយការបរទេស ដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងប្រទេស ប៉ុន្តែរបត់នៃនយោបាយការបរទេស និងការទូតមួយទៀត ដែលអាចចាត់ទុកថា ជារឿងដ៏ទាក់ទាញមួយទៀតរបស់កម្ពុជាគឺ នយោបាយមនុស្សធម៌ និងសហប្រតិបត្តិការអន្តរជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើជុំវិញការរីករាលដាលនៃជំងឺរលាកសួតថ្មី ដែលបង្កដោយ COVID-19 ដែលបាន និងកំពុងតែធ្វើឱ្យប្រទេសនានាខ្លាចរអា បន្ថែមទៅលើគោលនយោបាយដែលមានស្រាប់ ដូចជា ការខិតខំពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ការខិតខំចូលរួមឱ្យកាន់តែសកម្មនៅក្នុងការថែរក្សាសន្តិភាពនៅលើពិភពលោក ។ល។
គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ការរីករាលដាលនូវមេរោគនេះ បានបង្កឱ្យមនុស្សធ្លាក់ខ្លួនឈឺកើនឡើងដល់ ៥៩.៥៣៩ នាក់ ហើយក្នុងនោះ អ្នកជំងឺចំនួន ១.៣៦១នាក់បានស្លាប់ ។ មេរោគ COVID-19 នេះនៅតែបន្តឆ្លងរីករាលដាល ប៉ុន្តែភាគច្រើនគឺកើតមានតែនៅក្នុងប្រទេសចិន បើទោះបីជាមានរបាយការណ៍ នៃការរកឃើញអ្នកជំងឺលើសពី២៨ ប្រទេស និងតំបន់ នៅទូទាំងពិភពលោក រហូតដល់ប្រទេសមួយចំនួនបានបិទព្រំដែន ផ្តាច់ទំនងទំនង និងការដឹកជញ្ជូនផ្នែកខ្លះជាមួយនឹងប្រទេសចិន ហើយករណីភ័យខ្លាចមួយទៀតដែលគេបានឃើញច្បាស់នោះ គឺការបដិសេធជាបន្តបន្ទាប់ចំពោះការចូលចតរបស់នាវាទេសចរណ៍ វែស្ទើរដាម (Westerdam) ដែលមានមនុស្សជាង២.០០០ នាក់ នៅលើនាវា ពីសំណាក់ប្រទេស និងដែនកោះមួយចំនួន ដោយសារតែការភ័យខ្លាចនឹងការរីករាលដាលនៃមេរោគ ប៉ុន្តែកម្ពុជាបានឆ្លើយតបវិញចំពោះបញ្ហានេះដោយវិជ្ជមាន ដោយឈរលើជំហរមនុស្សធម៌ និងសហប្រតិបត្តិការអន្តរជាតិដ៏មុតមាំ ។
នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើនូវរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយ ដោយបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅក្នុងប្រទេសចិន និងបានជួបមេដឹកនាំចិន ខណៈពេលដែលប្រទេសនានា កំពុងតែខ្លាចរអានឹងការរីករាលដាលនៃមេរោគ COVID-19 ហើយមួយសប្តាហ៍ក្រោយមក ពោលគឺនៅថ្ងៃទី១២ ខែកុម្ភៈ ម្សិលមិញនេះ កម្ពុជាបានប្រកាសបើកទ្វារទទួលការចូលចតរបស់នាវាទេសចរណ៍ វែស្ទើរដាម (Westerdam) ដែលត្រូវបានគេរុញច្រានចេញជាបន្តបន្ទាប់ ដោយសារតែការបារម្ភអំពីការឆ្លងមេរោគ COVID-19 ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហរប្រកបដោយមនុស្សធម៌ តាមរយៈបទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកមួយថា « តើត្រូវឱ្យពួកគេ (អ្នកទេសចរ និងនាវិកនៅលើនាវា) ទៅណា បើគេបានបិទអស់ហើយ ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ ។ ការអនុញ្ញតឱ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន ។» « យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ កិច្ចការនេះបង្ហាញពីការងារមនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជាសម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ ។ បើគេមិនទទួល កម្ពុជាទទួល កម្ពុជាក៏ចង់បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិននោះទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាបញ្ហាប្រឈមជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ ។ យើងត្រូវតែជួយពួកគេនៅពេលដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកបដោយស្មារតីទទួលខុសត្រូវ ។ » នេះគឺជាសារមួយ ហើយក្រោយការសម្រេចចិត្តនេះ កម្ពុជាបានទទួលនូវការកោតសរសើរពីសំណាក់មេដឹកនាំមួយចំនួន នៅលើពិភពលោក ដោយរួមទាំងមេដឹកនាំចិន អង្គការសុខភាពពិភពលោកជាដើម ។
ជាការពិត ការអនុវត្តនយោបាយបែបនេះ នាំឱ្យមានការរិះគន់ខ្លះ ដោយសារតែការបារម្ភនៃការរីកសាយភាយនៃមេរោគ ប៉ុន្តែការអនុញ្ញាតឱ្យនាវាទេសចរណ៍នេះចូលចត មិនមែនកម្ពុជា អនុញាតឱ្យចូលដោយគ្មានទម្រង់ការ ឬ នីតិវិធីសុវត្ថិភាព ឆ្លើយតបត្រឹមត្រូវនោះទេ គឺគ្រប់ជំហានសុទ្ធតែមានទម្រង់ការច្បាស់លាស់ ដោយមានការពិនិត្យសិក្សា គ្រប់ដំណាក់កាល ។
សរុបមកវិញ ថ្វីត្បិតតែប្រទេសកម្ពុជាយើងជាប្រទេសមួយតូច ហើយសេដ្ឋកិច្ចមិនធំដុំអាចប្រៀបបាននឹងបណ្តាប្រទេសនានានៅក្នុងតំបន់ និងពិភពលោកក៏ពិតមែន ប៉ុន្តែកម្ពុជាកំពុងតែបោះជំហាន និងឈានទៅដល់ទីតាំងមួយដ៏វិជ្ជមាននៅលើនយោបាយការបរទេស និងបញ្ហាសកលលោក ។ កម្ពុជាកំពុងតែបង្ហាញ និងអនុវត្តគោលជំហរមួយច្បាស់លាស់ នៅក្នុងទីតាំងមួយដោយឈរនៅលើផលប្រយោជន៍ជាតិ ប្រជាពលរដ្ឋ នៅក្នុងប្រទេស និងផលប្រយោជន៍ជាសកល ដែលអាចនិយាយបានថា ជាផ្នែកមួយដែលកម្ពុជាអាចធ្វើបាននៅក្នុងសកម្មភាពរួមវិភាគទានលើបញ្ហាមនុស្សធម៌ និងមនុស្សជាតិជាសកល។
ដោយ ហេង បញ្ញា






