មន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ ការមកដល់នូវវ៉ាក់សាំងចំនួន៥០ម៉ឺនដូសបន្ថែមទៀត បានឆ្លុះបញ្ចាំងពីចំណងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន ដែលមិនអាចកាត់ថ្លៃបាន
AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ -- ក្នុងខណៈដែលវ៉ាក់សាំងរបស់ក្រុមហ៊ុនស៊ីណូវ៉ាក់ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាបន្ថែមទៀតនោះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា នៅកម្ពុជា មានតែវ៉ាក់សាំងរបស់ចិនទេ ដែលបានមកដល់ជាបន្តបន្ទាប់ ដែលនេះបានបង្ហាញឱ្យឃើញថាចំណងមិត្តភាពកម្ពុជា-ចិន គឺជាចំណងមិត្តភាពដែកថែប ដែលមិនអាចកាត់ថ្លៃបាន ដែលបានមកពីកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំជានខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងពិធីទទួលការមកដល់នៃវ៉ាក់សាំងចំនួន៥០ម៉ឺនដូស បន្ថែមទៀតដែលជាការបញ្ជា ទិញរបស់រាជរដ្ឋាភិបាលកម្ពុជាពីក្រុមហ៊ុនស៊ីណូវ៉ាក់ នៃប្រទេសចិន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា បច្ចុប្បន្ននេះ គណៈកម្មការចំពោះកិច្ច ក៏ដូចជាគណៈកម្មការលទ្ធកម្ម ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី កំពុងជំរុញការការចាក់វ៉ាក់សាំង នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងបណ្ដាខេត្តដែលប្រឈមមួយចំនួន ឱ្យដល់ប្រជាពលរដ្ឋគ្រប់ៗគ្នាចាប់ពីអាយុ១៨ឆ្នាំឡើងទៅ។ លោកជំទាវបានបញ្ជាក់ថា “ដូច្នេះយើងគិតថា ក្នុងឆ្នាំ២០២១នេះ យ៉ាងហោចណាស់ ក៏បានចាក់វ៉ាក់សាំងឱ្យអ្នកនៅភ្នំពេញ ខេត្តកណ្ដាល និងបណ្ដាខេត្ត ដែលប្រឈមមួយចំនួនផងដែរ។ ទន្ទឹមនេះ យើងនឹងងបន្តរាយបណ្ដាញដើម្បីចាក់វ៉ាក់សាំងនៅតាមខេត្តផ្សេងៗទៀត ឱ្យបានគ្រប់ប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ”។ លោកជំទាវបានបន្តថា បញ្ហាវ៉ាកសាំងនេះ រាជរដ្ឋាភិបាលកំពុងតែបញ្ជាទិញជាបន្តបន្ទាប់ ពីក្រុមហ៊ុនស៊ីណូហ្វាម ក្រុមហ៊ុនស៊ីណូវ៉ាក់ និងវ៉ាក់សាំងជំនួយផ្សេងៗទៀត ដែលយើងកំពុងតែធ្វើការចរចា ក៏ដូចជាធ្វើការទំនាក់ទំនងជាមួយនឹងដៃគូអភិវឌ្ឍន៍របស់យើង។ លោកជំទាវបានបន្តទៀតថា នៅកម្ពុជា មានតែវ៉ាក់សាំងរបស់ចិនទេ ដែលបានមកដល់ជាបន្តបន្ទាប់ ដែលនេះបានបង្ហាញឱ្យឃើញថាចំណងមិត្តភាពកម្ពុជា គឺជាចំណងមិត្តភាពដែកថែបដែលមិនអាចកាត់ថ្លៃបាន ដែលបានមកពីកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំជានខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិន។ ជាងនេះទៀត នៅកម្ពុជា ឯកឧត្ដមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានយកចិត្តទុកដាក់ជួយដល់ប្រទេសកម្ពុជា ក្នុងការសម្របសម្រួលជាមួយនឹងក្រុមហ៊ុនវ៉ាក់សាំងក្នុងប្រទេសចិន ដើម្បីធ្វើយ៉ាងណាឱ្យការបញ្ជាទិញវ៉ាក់សាំងរបស់កម្ពុជា បានមកដល់ទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់វ៉ាក់សាំងរបស់កម្ពុជា។

គួរបញ្ជាក់ដែរថា វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងលើកទី៤ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈលើកទី១ មានចំនួន ១លាន៥សែនដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនាឆ្នាំ២០២១ លើកទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងលើកទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា។ រហូតមកដល់ពេលនេះ កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៤លាន៥សែនដូស រួចមកហើយ ដែលក្នុងនោះរួមមាន៖ ស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន ១លា៧សែនដូស វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ២លាន៥សែនដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤ ០០០ ដូស ជាជំនួយរបស់កូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។ កម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ហើយមកដល់ពេលនេះ ប្រជាពលរដ្ឋជាង ២លាននាក់ហើយបានចាក់វ៉ាក់សាំង។ លើសពីនេះទៀត កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង ២០លានដូស ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពសាំ និងឱ្យទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញនាពេលខាងមុខ។

គួររម្លឹងផងដែរថា កាលពីពេលថ្មីៗនេះ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានមានប្រសាន៍ថា ការចាក់វ៉ាក់សាំងនេះ យើងក៏បាននិងកំពុងអនុវត្តន៍យុទ្ធសាស្ត្រផ្ការីក គឺចាក់ពីក្នុងចេញក្រៅ គឺចាក់នៅរាជធានីភ្នំពេញដែលមានមនុស្សរស់នៅកុះករជាមុន បន្ទាប់ទៅនឹងចេញទៅបណ្តាខេត្តទៅតាមលំដាប់អាទិភាព។ សម្ដេចតេជោក៏ជម្រាបជូនដល់បងបងប្អូនកុំបារម្ភ រាជរដ្ឋាភិបាលនឹងចាក់ជូនគ្រប់ៗគ្នាគ្រាន់តែមុន និងក្រោយប៉ុណ្ណោះ៕
ដោយ ជឹម ណារី






