អភិបាលខេត្ដព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋដែលជួបការលំបាកនៅក្នុងខេត្ដ
AKP ព្រះសីហនុ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ -- ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីឯកឧត្តម ទៀ សុខា ប្រធានសមាគមន៍ចលនាយុវជនកម្ពុជា ១៥៧ សាខាខេត្តព្រះសីហនុ លោកប្រធានអគ្គិសនីខេត្តព្រះសីហនុ និងលោកឧកញ៉ា គិត ប៊ុន និងលោកជំទាវ ឡឹក លក្ខណា ម្ចាស់ក្រុមហ៊ុន ថាយហ្កើរ ដាយនែមីក ត្រេសស៊ល ឯ.ក បាននាំយកអំណោយមនុស្សធម៌ឧបត្ថមជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ "ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងធនធានរបស់សង្គម" ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។ ពិធីទទួលអំណោយទាំងនេះ បានធ្វើឡើង នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ នា ព្រឹកថ្ងៃអាទិត្យ ៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

សូមបញ្ជាក់ថា សម្រាប់សប្បុរសជនដែលបានផ្ដល់អំណោយទាំងនេះ រួមមាន៖ ១. ឯកឧត្តម ទៀ សុខា ប្រធានសមាគមន៍ចលនាយុវជនកម្ពុជា ១៥៧ សាខាខេត្តព្រះសីហនុឧបត្ថម្ភ អង្ករ ១០តោន ទឹកសុទ្ធ ២០០ កេស អាល់កុល ១៥កាន ត្រីខ ១៥កេស ម៉ាស ៧កេស ប៊ីចេង ៧បាវ និងខ្ទឹមស ៧បាវ។ ២. លោកប្រធានអគ្គិសនីខេត្តព្រះសីហនុ ថវិកា ២០ ០០០ ដុល្លាអាម៉េរិក។ ៣. លោកឧកញ៉ា គិត ប៊ុន និងលោកជំទាវ ឡឹក លក្ខណា ម្ចាស់ក្រុមហ៊ុន ថាយហ្កើរ ដាយនែមីក ត្រេសស៊ល ឯ.ក ថវិកាចំនួន ១៧ ២២០ ៧០០ រៀល។

ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុមានប្រសាសន៍ថ្លែងអំណរគុណចំពោះឯកឧត្តម ទៀ សុខា ប្រធានសមាគមន៍យុវជនកម្ពុជា ១៥៧ សាខាខេត្តព្រះសីហនុ លោកប្រធានអគ្គិសនីខេត្ត និងលោកឧកញ៉ា គិត ប៊ុន និងលោកជំទាវ ឡឹក លក្ខណា ដែលបាននាំយកអំណោយជាគ្រឿងឧបភោគបរិ ភោគ និងថវិកាឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឱ្យសាខាមានសម្ភារ និងថវិកាដើម្បីយកមកបម្រើសកម្មភាពមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រជាពលរដ្ឋនៅក្នុងបំបន់បិទខ្ទប់ ដែលកំពុងខ្វះខាតស្បៀងក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ឬនិន្នាការនយោបាយ។ ឯកឧត្តមអភិបាលខេត្ដបានបញ្ជាក់ថា ក្នុងអំឡុងពេលបិទខ្ទប់ យើងបានប្រមូលផ្តុំកម្លាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងស្នើសុំកម្លាំងពីភូមិភាគ៣ កងពលតូចថ្មើរជើងលេខ៣១ និងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ចូលជួយអន្តរាគមន៍តំបន់បិទខ្ទប់ (តំបន់ក្រហម) ក៏ប៉ុន្តែមកដល់ពេលនេះយើងបានកែសម្រួលតំបន់ក្រហម មកលឿងទុំ និងតំបន់លឿងទុំ មកលឿងវិញ ដោយសារតែយើងបានយកសំណាកប្រជាពលរដ្ឋតំបន់បិទខ្ទប់រួចរាល់កាលពីថ្ងៃទី១៣ ខែឧសភាកន្លងមក។ ទន្ទឹមនេះ សម្រាប់ប្រជាពលរដ្ឋនៅសេសសល់តែគ្រួសារណាដែលវិជ្ជមានកូវីដតែប៉ុណ្ណោះ ដែលពួកគាត់មិនបានការពារតាមការណែនាំ ៣.ការពារ និង ៣កុំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមបានបន្ដថា អាជ្ញាធរនៅតែបន្ត បិទខ្ទប់ផ្ទះរបស់ប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដតែប៉ុណ្ណោះ ធ្វើឱ្យអត្រានៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ មានការថយចុះយ៉ាងគំហុក។

ឯកឧត្ដមបានបន្ថែមថា ទន្ទឹមនោះ យើងក៏ត្រូវគិតគូរពីផែនការយុទ្ធសាស្ត្រ និងទំនិញយុទ្ធសាស្ត្រ ដើម្បីបម្រើឱ្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅខេត្តព្រះ សីហនុរបស់យើងបន្តទៀត ដូចជាការ រកទិញម៉ាស៊ីនផលិតឧកស៊ីសែន ដើម្បីបំពេញតម្រូវការខ្វះខាតនៅពេលដែលមានអ្នកជំងឺកូវីដចូលមកសម្រាកព្យាបាលច្រើន ។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា មកដល់ពេលនេះខេត្តព្រះសីហនុ មានអ្នកជំងឺកូវីដ-១៩ សរុបចំនួន ២ ៦៥៦ នាក់ និងអ្នកជាសះស្បើយចំនួន ១ ៨១៣ នាក់ និងអ្នកស្លាប់ចំនួន ១២នាក់ ៕

ដោយ ងូ សុមុនី






