អ៊ីរ៉ង់បញ្ជាក់ជាផ្លូវការនូវការចរចារជាមួយអារ៉ាប៊ីសាអ៊ូឌីតដើម្បីភ្ជាប់ទំនាក់ទំនង
AKP ភ្នំពេញថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ - អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បាននិយាយនៅក្នុងការទទួលស្គាល់ជាសាធារណៈជាលើកដំបូងនៃកិច្ចពិភាក្សាដោយទីក្រុងតេអេរ៉ង់ថា ប្រទេសអ៊ីរ៉ង់កំពុងពិភាក្សាជាមួយអារ៉ាប៊ីសាអ៊ូឌីតដើម្បីដោះស្រាយបញ្ហាដែលកំពុងនឹងថ្កល់នៅក្នុងវិធីនៃទំនាក់ទំនងធម្មតារវាងប្រទេសទាំងពីរ។

លោក Khatibzadeh បាននិយាយថា «ការបន្ថយការកើនឡើងនូវភាពតានតឹងរវាងប្រទេសមូស្លីមទាំងពីរនេះនៅក្នុងតំបន់ឈូងសមុទ្រពែរ្ស គឺដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងតំបន់»។
លេខាធិការសារព័ត៌មាននៃក្រសួងនេះបាននិយាយបន្ថែមថា ទីក្រុងតេអេរ៉ង់កំពុងប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងដ៏ល្អបំផុតរបស់ខ្លួនសម្រាប់កិច្ចពិភាក្សាដើម្បីដោះស្រាយបញ្ហារវាងប្រទេសទាំងពីរ។ សេចក្តីថ្លែងការណ៍របស់លោក Khatibzadeh ធ្វើឡើងបន្ទាប់ពីការបដិសេធពីមុនរបស់អ៊ីរ៉ង់ក្នុងការទទួលស្គាល់ថា កិច្ចចរចានេះបានកើតឡើង។ មិនយូរប៉ុន្មាន សេចក្តីប្រកាសរបស់ទីក្រុងតេអេរ៉ង់ ប្រធានផែនការគោលនយោបាយរបស់ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត លោក Rayed Krimly បានចែករំលែកថា ប្រទេសអ៊ីរ៉ង់ និងអារ៉ាប់ប៊ីសាអូឌីតបានចូលរួមក្នុងកិច្ចចរចាដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់៕
(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)






