អ្នកនាំពាក្យសាលារាជធានីភ្មំពេញប្រកាសច្រានចោលការផ្សាយព័ត៌មានអំពីការកំណត់ផែនទីបែងចែកតំបន់ក្រហម លឿង និងលឿងទុំ ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១--លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានប្រកាសច្រានចោលការផ្សព្វផ្សាយព័ត៌មានអំពីការកំណត់ផែនទី បែងចែក តំបន់ក្រហម លឿងទុំ និងតំបន់លឿង ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ។ ការប្រកាសច្រានចោលរបស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញនេះ បានធ្វើឡើងនៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីមានការមានការ ផ្សព្វផ្សាយ និងចែកចាយនូវផែនទីមិនផ្លូវការដែលបានបែងចែកតំបន់ទាំងបី គឺតំបន់ពណ៌ក្រហម ពណ៌លឿង និងលឿងទុំ ដែលឆ្លុះបញ្ចាំងពីភូមិសាស្រ្ដក្នុងរាជធានីភ្នំពេញ។
លោក ម៉េត មាសភក្តី បានលើកឡើងថា គិតត្រឹមយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញមិនទាន់បានរៀបចំកំណត់ផែនទីស្តីពីការបែងចែកជា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ជាផ្លូវការណាក្នុងការផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសាធារណជនទូទៅឱ្យបានជ្រាបក្នុងករណីនេះនៅឡើយនោះទេ។ លោកបានបន្ដថា រដ្ឋបាលរាជធានីភ្នំពេញ ទើបតែបានកំណត់នូវតំបន់ក្រហម ដែលបានកំណត់តាមរយៈសេចក្ដីសម្រេចចំនួន៣ ហើយបន្ដអនុវត្ដន៍រហូតមកដល់ពេលនេះដែលបានបញ្ជាក់អំពីតំបន់ក្រហមតែមួយគត់នៅក្នុងរាជធានីភ្នំពេញ។ លោកបញ្ជាក់បន្ថែមថា សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលទើបនឹងចេញនៅថ្ងៃទី២៦ ខែមេសានេះ នឹងមានសុពលភាពចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១តទៅ។
លោក ម៉េត មាសភក្តី បានអំពាវដល់បងប្អូនប្រជាពលរដ្ឋបញ្ឈប់នូវការផ្សព្វផ្សាយ និងចែកចាយផែនទីដែលមិនផ្លូវការដែលបញ្ជាក់អំពីការកំណត់តំបន់ក្រហម លឿង និងតំបន់លឿងទុំ ដែលមិនផ្លូវការ នាំឱ្យមានការយល់ច្រលំដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណមតិទូទៅក្នុងរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ។
យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា បានបន្ដបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងបែងចែកកំណត់ជា តំបន់ក្រហម តំបន់លឿងទុំ និង តំបន់លឿង៕
ដោយ សួស សំរិត






