បទវិចារណកថា៖ ទិវាសិទ្ធមនុស្សលែងជាថ្ងៃឈប់សម្រាកសម្រាប់កម្ពុជា តែក៏មិនមានន័យថាយើងលែងគោរពសិទ្ធិមនុស្សនោះដែរ
AKP ភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ -- ថ្ងៃនេះ គឺជាថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩ ពោលគឺជាថ្ងៃដែល ពិភពលោកប្រារព្ធទិវាសិទ្ធិមនុស្ស។ ជារៀងរាល់ឆ្នាំ គេតែងប្រារព្ធទិវាសិទ្ធមនុស្ស ១០ធ្នូនេះ ដើម្បីរំលឹក និងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិមនុស្ស ដែលមានជាប់ជាមួយយើងម្នាក់ៗតាំងពីកំណើតមក ហើយសិទ្ធិទាំងអស់នេះជាកម្មសិទ្ធិរបស់យើង និងក៏ជាកម្មសិទ្ធិរបស់អ្នកនៅជុំវិញខ្លួនយើងដែរ ដូច្នេះយើងត្រូវតែគោរពឱ្យបានត្រឹមត្រូវ ដោយស្មើភាព និងក្នុងស្មារតីយោគយល់គ្នាទៅវិញទៅមក ក្នុងព្រំដែនច្បាប់ និងសិទ្ធិអ្នកដទៃ។

ជាទូទៅ ថ្ងៃទី១០ធ្នូ មិនមែនជាថ្ងៃបុណ្យជាតិ ឬ ជាថ្ងៃប្រវត្តិសាស្រ្តអ្វីនោះទេសម្រាប់កម្ពុជា ប៉ុន្តែដោយសារតែកម្ពុជាគឺជាប្រទេសដែលទើបតែទទួលបានរស្មីនូវអ្វីដែលគេហៅថា សិទ្ធិមនុស្សដ៏ពេញលេញ ទើបថ្ងៃនោះ វានៅតែមានអត្ថន័យ និងជាថ្ងៃឈប់សម្រាករបស់ប្រជាពលរដ្ឋខ្មែរ ពោលគឺយើងអនុវត្តបែបនេះជារៀងរាល់ឆ្នាំ អស់រយៈពេលជាច្រើនឆ្នាំមកហើយ គឺចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មកម្ល៉េះ ។

តាំងពីពេលនោះមក ដើម្បីអបអរទិវាសិទ្ធិមនុស្ស សកម្មភាពផ្សេងៗ ដូចគ្នាការប្រមូលផ្តុំ មិទ្ទីង វេទិកាពិភាក្សា យុទ្ធនាការផ្សព្វផ្សាយ ។ល។ ត្រូវបានរៀបចំឡើងដោយរាជរដ្ឋាភិបាល គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងសមាគមនានា ដោយសកម្មភាពទាំងនោះ គឺសុទ្ធតែមានការចូលរួមពីប្រជាពលរដ្ឋ។ នៅក្នុងឆ្នាំនេះ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រុមអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា និងប្រតិភូសហភាពអឺរ៉ុប បានរៀបចំពិធីអបអរសាទរទិវានេះ ក្រោមមូលបទ៖ “យុវជនក្រោកឡើងដើម្បីសិទ្ធិមនុស្ស”។ ព្រឹត្តិការណ៍នេះបានជួយរំលេចពីតួនាទីដឹកនាំរបស់យុវជនដែលជាប្រភពនៃការជំរុញឱ្យមានអនាគតមួយកាន់តែប្រសើរ អមដោយមានការអំពាវនាវជាសកលដើម្បីឱ្យមានការធ្វើសកម្មភាព “ក្រោកឡើងដើម្បីសិទ្ធិមនុស្ស” ដែលអ្នករៀបចំបានអបអរសាទរនឹងសក្តានុពលរបស់យុវជននៅកម្ពុជា និងសកលលោក ដែលជាភ្នាក់ងារធ្វើឱ្យមានការផ្លាស់ប្តូរបែបស្ថាបនា បំពងសំឡេងរបស់ពួកគេឱ្យឮខ្ទរខ្ទារ និងធ្វើការជាមួយ
ទស្សនិកជននៅទូទាំងពិភពលោកគ្រប់ស្រទាប់វណ្ណៈ ក្នុងការលើកស្ទួយ និងការពារសិទ្ធិនានា។

នេះគឺជាទិដ្ឋភាពមួយជ្រុងតូច ដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះការគោរព និងបើកចំហសិទ្ធិនៅកម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ហត្ថលេខីមួយ ដែលបានចូលរួមប្រកាសសិទ្ធិមនុស្សជាសកលនេះ។
យោងតាមអនុក្រឹត្យស្តីពីការឈប់សម្រាករបស់មន្រ្តីរាជការ បុគ្គលិកអង្គការសង្គមស៊ីវិល និង កម្មករ កម្មការិនី នយោជិក និងនិយោជកទាំងអស់ ថ្ងៃទី១០ ខែធ្នូ នៅក្នុងឆ្នាំនេះ នៅតែជាថ្ងៃក្រហម ប៉ុន្តែចាប់ពីឆ្នាំក្រោយទៅ ថ្ងៃទី១០ ខែធ្នូ លែងជាថ្ងៃក្រហមទៀតហើយ ពោលគឺមិនមែនជាថ្ងៃឈប់សម្រាកទៀតទេ។ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល បានចុះហត្ថលេខាដកពិធីបុណ្យចំនួនប្រាំ ក្នុងនោះក៏មានទិវាសិទ្ធមនុស្ស ១០ធ្នូ នេះដែរ ពីបញ្ជីថ្ងៃឈប់សម្រាកសម្រាប់ឆ្នាំ២០២០ មានការរិះគន់ជាច្រើនពីសំណាក់សកម្មជន និង អ្នកនយោបាយមួយចំនួន ប៉ុន្តែសូមកុំភ្លេចថា យើងមិនឈប់សម្រាក មិនមែនមានន័យថាយើងមិនអបអរ ហើយក៏មិនមែនមានន័យថារាជរដ្ឋាភិបាលកម្ពុជាបំបិទសិទ្ធិមនុស្ស ហើយ បដិសេធការអនុវត្តតាមសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិដែរ។ ថ្ងៃទី១០ធ្នូ នៅតែជាថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ថា ជាទិវាសិទ្ធិមនុស្សដដែល សកម្មភាព និងយុទ្ធនានាការដែលស្របច្បាប់នានានៅតែទទួលបានការស្វាគមន៍ និងពូនជ្រុំដដែល គ្រាន់តែមិនឈប់សម្រាក ។ ការដែលរាជរដ្ឋាភិបាលសម្រេចបែបនេះ ក៏មិនមែនជារឿងចម្លែកដែរ ពីព្រោះថា នៅលើពិភពលោកនេះ មិនមែនឱ្យតែប្រទេសដែលគោរពសិទ្ធិមនុស្ស ប្រតិបត្តិតាមលទ្ធិប្រជាធិបតេយ្យ គឺសុទ្ធតែអនុញ្ញាតឱ្យពលរដ្ឋគេឈប់សម្រាកនៅថ្ងៃនេះទាំងអស់ដែរ ។ តើមានបញ្ចឹមប្រទេស និង ប្រទេសកំពូលអ្នកគោរពសិទ្ធិមនុស្សប៉ុន្មានដែរ ដែលអនុញ្ញាតឱ្យពលរដ្ឋគេឈប់សម្រាក នៅថ្ងៃសិទ្ធមនុស្សនេះ?

ទិវាសិទ្ធមនុស្ស ១០ធ្នូ គឺគ្រាន់តែជាថ្ងៃនិមិត្តរូបតែប៉ុណ្ណោះ វាមិនមែនជារង្វាស់ថា ទាល់តែប្រទេសត្រូវឈប់សម្រាកថ្ងៃនេះ ទើបគេថាមានសិទ្ធិសេរីភាពពេញលេញនោះទេ។ អ្វីដែលសំខាន់រង្វាស់ដែលគេកំណត់ថា ប្រទេសមួយមានការគោរពសិទ្ធិមនុស្សឬអត់ គឺនៅលើការគោរព និងអនុវត្តតាមសេចក្តីថ្លែងការណ៍ជាសាកល ដែលគេបានចែងថា សិទ្ធិមនុស្សគឺជាសិទ្ធិដែលមានជាប់តាំងពីកំណើតរបស់មនុស្សម្នាក់ៗទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ ភេទ សាសនា និន្នាការនយោបាយ សញ្ជាតិ និងពណ៌សម្បុរឡើយ ។ សិទ្ធិជាមូលដ្ឋានទាំងនោះ បើអង្គុយរាប់គឺមិនអស់ទេ ពីព្រោះវាចែងសឹងតែគ្រប់វគ្គគ្រប់ឃ្លា គ្រប់សកម្មភាពមនុស្សទាំងអស់ តាំងពីដេក ដើរ ឈរ អង្គុយ រហូតដល់ដេកវិញ ។ សិទ្ធិទាំងនោះ មានដូចជា សិទ្ធិនយោបាយ សិទ្ធិរស់រានមានជីវិត សិទ្ធិគ្មានការរើសអើង សិទ្ធសេរីភាពក្នុងការធ្វើដំណើរ សិទ្ធិបញ្ចេញមតិ សិទ្ធិកម្មសិទ្ធិ សិទ្ធិមានចំណីអាហារ សិទ្ធិទទួលបានការអប់រំ សិទ្ធិខាងជំនឿ សិទ្ធិចូលរួម ។ល។
នៅក្នុងចំណោមសិទ្ធិទាំងអស់នោះ រាជរដ្ឋាភិបាល គ្មានហាមចំណុចណាមួយឡើយ ហើយមានតែខិតខំលើកកម្ពស់បន្ថែម ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេរីភាព ខណៈដែលសិទ្ធិសេរីភាពទាំងនេះ ពេលខ្លះ ត្រូវបានជនមួយចំនួនបានប្រើជ្រុលហួសពីច្បាប់ ផងក៏មាន ។
ជាការពិត សិទ្ធិមនុស្សគឺជាសិទ្ធិដែលមានជាប់ពីកំណើត មិនអាចកាត់ផ្តាច់បានទេ ហើយក៏មិនអាចយកពីមនុស្សម្នាក់ទៅឱ្យមនុស្សម្នាក់ទៀតបានដែរ ។ រហូតមកដល់ពេលនេះ គ្មាននរណាម្នាក់ សូម្បីតែតុលាការ មានសិទ្ធិដកហូតសិទ្ធិបុគ្គលណាម្នាក់បានទេ ទោះក្នុងហេតុផលណាក៏ដោយ ប៉ុន្តែសិទ្ធិ និងសេរីភាពទាំងនោះ គឺត្រូវតែស្ថិតនៅក្រោមច្បាប់ ដើម្បីធានាស្ថេរភាព និងសណ្តាប់ធ្នាប់សង្គម និងប្រទេស ។
នៅក្នុងប្រទេសមួយចំនួន គេបានយកច្បាប់ជាបម្រាមមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិខ្លះបានទេ ប៉ុន្តែនៅកម្ពុជាហាក់បីដូចជាមិនមានបម្រាមហាមឃាត់ ឬ បំបិទសិទ្ធិទាំងនោះឡើយ ជាពិសេស សិទ្ធិ ៥ ធំៗ ដែលត្រូវបានគេលើកឡើងនៅក្នុងកតិកាសញ្ញាអន្តរជាតិ ដែលរួមមាន សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គម និងសិទ្ធិវប្បធម៌ លើកលែងតែសកម្មភាពមួយចំនួន ដែលអាជ្ញាធរពិនិត្យឃើញថា សកម្មភាពនោះ វាអាចបង្កអស្ថេរភាពសង្គម ប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម និង ជាពិសេសគឺអាចប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ដែលជាពលរដ្ឋដូចគ្នា ។ ហើយសកម្មភាព និង អន្តរាគមន៍គឺមិនមែនធ្វើដោយចិត្តឯងនោះទេ គឺមានច្បាប់ មានលិខិតបទដ្ឋានគតិយុត្តិជាគោល ។
សរុបមក កម្ពុជានៅពេលបច្ចុប្បន្នគឺនៅតែជាប្រទេសមួយ ដែលរាជរដ្ឋាភិបាលប្តេជ្ញា បន្តពូនជ្រុំ និងលើកកម្ពស់សិទិ្ធសេរីភាពដដែល ហើយក៏នឹងបន្តរក្សា គោរព និង អនុវត្តតាមកតិកាសញ្ញា និងអនុសញ្ញាផ្សេងៗ ដែលចែងអំពីសិទ្ធិមនុស្សនេះដែរ ប៉ុន្តែយើងជាពលរដ្ឋគឺត្រូវតែយល់ថា សិទ្ធិសេរីភាព ថ្វីត្បិតតែវាជាអំណាចដែលត្រូវបានទទួលស្គាល់ជាសកលក៏ពិតមែន ប៉ុន្តែវាត្រូវតែស្ថិតនៅក្រោមខ្សែបន្ទាត់នៃច្បាប់ សង្គម និងក្រមសីលធម៌។ មនុស្សគ្រប់រូប ត្រូវបានទទួលស្គាល់ថាមានសិទ្ធិទាំងអស់គ្នា ដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិនានា ប៉ុន្តែមិនថាតែប្រទេសយើង ឬ ប្រទេសណានោះទេ គឺសុទ្ធតែមានច្បាប់ ដែលបានចែងដោយយោងទៅតាមបរិបទនៃប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ និង របៀបរបបរស់នៅក្នុងសង្គម ដូច្នេះនៅពេលដែលយើងប្រើសិទ្ធិរបស់យើង គេក៏ប្រើសិទ្ធិរបស់គេបានដូចគ្នា ដូច្នេះដើម្បីជៀសវាងនូវទំនាស់ និងបញ្ហា ការប្រើប្រាស់នូវសិទ្ធិសេរីភាពរបស់យើងម្នាក់ៗ ត្រូវតែស្ថិតនៅក្រោមលក្ខខណ្ឌកំណត់នៅក្នុងច្បាប់។
ដោយ ហេង បញ្ញា






