ប្រជាកសិករនៅខេត្តកំពង់ធំ យកចិត្តទុកដាក់បង្កបង្កើនផលស្រូវប្រដេញទឹក និងស្រូវប្រាំង
AKP កំពង់ធំ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ -លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដឹងនៅថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ថា គិតត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្ឆ្នាំ២០១៨ ប្រជាកសិករនៅខេត្តកំពង់ធំ បានយកចិត្តទុកដាក់អនុវត្តន៍ធ្វើស្រូវប្រដេញទឹក និងស្រូវប្រាំងឆ្នាំ២០១៨-២០១៩បានចំនួន ៥០.៧៤៩ហិកតា ស្មើនឹង១២៧ភាគរយនៃផែនការ៤០.០០០ហិកតា បើប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០១៧-២០១៨ ខ្ពស់ជាងចំនួន ១៨.៧៦១ហិកតា និងបានយកចិត្តទុក ដាក់ប្រមូលផលស្រូវរដូវវស្សាឆ្នាំ២០១៨ បានចំនួន ១៨.១១៣៩ហិកតា ដោយទទួលបានទិន្នផលជាមធ្យម ២,៧៨៤តោន ក្នុង១ហិកតា ព្រមទាំងបានធ្វើការប្រមូលផលដំឡូងមីផងដែរ។
ក្នុងរយៈពេលជាមួយគ្នានេះដែរ ប្រជាកសិករនៅខេត្តកំពង់ធំ បានយកចិត្តទុកដាក់ដាំដំណាំរួមផ្សំរដូវប្រាំងបានចំនួន ២៤៧ហិកតា ក្នុងនោះបន្លែគ្រប់មុខចំនួន ៩២ហិកតា, ឪឡឹកចំនួន ៥៧ហិកតា, ពោតចំនួន ១៩ហិកតា, និងដំឡូងជ្វា៧៥ហិកតា។
លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានបន្តឱ្យដឹងថា តម្លៃស្រូវផ្ការំដួល(ស្រូវសើម)ថ្លៃចន្លោះពី ១.២០០ទៅ ១.២៣០រៀល ក្នុង១គីឡូក្រាម, ស្រូវចម្រុះថ្លៃចន្លោះពី ៨០០ទៅ ៨២០រៀល ក្នុង១គីឡូក្រាម(ស្រូវសើម), ដំឡូងមីស្រស់ថ្លៃចន្លោះពី ៣៥០រៀលទី៣៦៥រៀល ក្នុង១គីឡូក្រាម, និងដំឡូងមីស្ងួតថ្លៃចន្លោះពី ៦៨០រៀលទៅ ៧០០រៀល៕
ដោយ ស៊ុម វណ្ណា






