ប្រទេសជប៉ុន ប្រកាសថា មានបំណងចង់ជួយដល់កម្ពុជាលើវិស័យពិការភាព ដើម្បីរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្ដ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ -- ប្រទេសជប៉ុនមានបំណងចង់ជួយដល់កម្ពុជាលើវិស័យពិការភាព ទាក់ទងនឹងគោលនយោបាយ និងបញ្ហាផ្សេងៗទៀតទៅនឹងការអភិវឌ្ឍជនពិការជាបន្តបន្ទាប់នៅកម្ពុជា។ នេះបើយោងតាមប្រសាសន៍លោកបណ្ឌិត Ryuhei SANO ក្នុងសន្និសីទអាស៊ីស្តីពី “លទ្ធភាពការងារ សម្រាប់ជនមានពិការភាព” លើកទី១១ ឆ្នាំ២០១៨ ដែលរៀបចំដោយអង្គការបុគ្គលសារវន្ត កម្ពុជា និងអង្គការ Workability Asia សហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រោមប្រធានបទ”ជំរុញឱ្យមានឱកាសការងារចម្រុះប្រកបដោយភាពច្នៃប្រឌិតថ្មីឆ្ពោះទៅរកការប្រកួតប្រជែងប្រកបដោយនិរន្តរភាព” កាលពីព្រឹកថ្ងៃទី ១៧ ខែធ្នូនេះ នៅសណ្ឋាគារសាន់វ៉េ។

លោកបណ្ឌិត Ryuhei SANO បានបញ្ជាក់ថា ប្រទេសជប៉ុនជាប្រទេសមួយក្នុង ចំណោមប្រទេសនៅក្នុងតំបន់អាងទន្លេមេគង្គហើយជប៉ុនបានដាក់គម្រោងកិច្ចសហប្រតិបត្តិការរបស់ខ្លួនលើប្រទេសជាសមាជិកអាងទន្លេមេគង្គដែលបានជ្រើសរើសកម្ពុជាជាប្រទេស មួយក្នុងចំណោមប្រទេសទាំងអស់នៃអាងទន្លេមេគង្គដើម្បីជួយគ្រប់យ៉ាងក្នុងបំណងឱ្យកម្ពុជាមានលទ្ធភាពអភិវឌ្ឍន៍ខ្លួនបានល្អ។ លោកបន្ថែមថា ប្រទេសជប៉ុនជាប្រទេសមានបទ ពិសោធន៍ខាងធ្វើគោលនយោបាយ ខាងធ្វើផែនការសកម្មភាពយុទ្ធសាស្ត្រ ដើម្បីចែក រំលែក បទពិសោធន៍គោលនយោបាយយុទ្ធសាស្ត្រទាំងនោះដល់កម្ពុជាធ្វើយ៉ាងណាឱ្យកម្ពុជាអាចឈានទៅរកការរីកចម្រើនមានមុខមាត់។
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាព ជនពិការ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូ ប្រទេស បង់ ក្លាដេស សាធារណរដ្ឋប្រជាមានិតចិន ហ្វាំងឡង់ សាធារណរដ្ឋឥណ្ឌា ជប៉ុន ម៉ាឡេស៊ី នេប៉ាល់ ហូឡង់ ហ្វីលីពីន ថៃ សហរដ្ឋអាមេរិក និងប្រទេសវៀតណាម ដែលបានអញ្ជើញមកចូលរួមក្នុងសន្និសីទលើកទី១១ដែលមានរយៈពេលពីរថ្ងៃនៅកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ប្រធានបទ នៃសន្និសីទឆ្នាំនេះបានគូសបញ្ជាក់ពីសារៈសំខាន់ដែលយើងទាំងអស់គ្នាគួរចាប់ផ្តើមផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមពិសេសការសំរួចតួនាទីដ៏សំខាន់របស់ជនមានពិការភាពទៅក្នុងកំណើនសេដ្ឋកិច្ច ដែលជាកម្លាំងដ៏ខ្លាំងក្លាសម្រាប់ការផ្លាស់ប្តូរនៅក្នុងតំបន់។ ឯកឧត្តមបន្ដថា ព្រឹត្តិការណ៍សន្និសីទនាពេលនេះ គឺជាឱកាសដ៏សំខាន់មួយសម្រាប់សមាជិក និងក្រុមការងារ នៃ Workability Asia និងភ្ញៀវចូលរួមក្នុងបណ្តាញទាំងអស់បង្កើននូវការ យល់ដឹងកាន់តែច្រើន អំពីបញ្ហាប្រឈម និងឱកាសដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច ដែលមាននិរន្តរភាព និងការផ្តល់សិទ្ធិអំណាចសេដ្ឋកិច្ចដល់ជនមានពិការរភាពរ។ ឯកឧត្តមកបានលើកឡើងថា បច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជា មានជនមានពិការភាពប្រមាណ ៥២៤.០០០នាក់ ស្មើ៤ភាគរយនៃចំនួនប្រជាជនសរុប។ ជនមានពិការភាពកំពុងបម្រើការងារនៅ៤០ស្ថាប័នរដ្ឋ មានចំនួន២.៨៣៩នាក់ ស្ត្រីមានពិការភាពមានចំនួន៧៥៦នាក់ ក្នុងនោះពិការកម្រិតធ្ងន់ចំនួន ១.៤៧៨នាក់ ដែលក្នុងម្នាក់គិតស្មើនឹង ២នាក់ ហើយចំនួនសរុប៤.៤៧១នាក់ ស្មើនឹង១.៩៣ ភាគរយ។ ដោយឡែក វិស័យឯកជន មានចំនួន៧៧អង្គភាព ជនមានពិការភាពបានចូល បម្រើការងារមានចំនួន ៣០.៥៥នាក់ ក្នុងនោះមានស្រ្តី ១.៩៤៧នាក់ កម្រិតធ្ងន់ចំនួន ៤២០នាក់ សរុបគឺស្មើ ៣.៤៧៥នាក់។ បើសរុបទាំងស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេស មានចំនួន ជនមានពិការភាព៥.៨៦៨នាក់។

ឯកឧត្តមអគ្គលេខាធិការបន្ដទៀតថា ថ្វីបើវិស័យជនមានពិការភាពនៅកម្ពុជាមានការ រីកចម្រើនមួយកម្រិត តែបញ្ហាប្រឈមមួយចំនួននៅតែជាបញ្ហាចោទនៅឡើយ។ របាំង ប្រឈមទាំងនោះមានដូចជា កន្លែងធ្វើការទាំងនៅស្ថាប័នរដ្ឋ ក៏ដូចជានៅក្នុងវិស័យឯកជនមួយចំនួននៅមិនទាន់អាចបង្កលក្ខណៈងាយស្រួល សម្រាប់បងប្អូនមានពិការភាពនៅឡើយ ឧទាហរណ៍កន្លែងខ្លះមានតុ កៅអីទាបៗ ដែលបងប្អូនជនមានពិការភាព មានរទេះមិនអាចធ្វើ ការចល័តចេញចូលដោយមានភាពងាយស្រួល។ ឯអគារនៅក្នុងស្ថាប័នរដ្ឋ ក៏ដូចជានៅក្នុង វិស័យឯកជនក៏នៅមិនទាន់បានដាក់អក្សរសញ្ញាសម្រាប់ជនពិការនៅកន្លែងធ្វើការ កន្លែង ជំរាលនីមួយៗចេញពីបន្ទប់មួយ ទៅបន្ទប់មួយនៅមានថ្នាក់ ដែលជាឧបសគ្គសម្រាប់បងប្អូន ដែលមានពិការភាព។ ទន្ទឹមនេះ បងប្អូនមានពិការភាពក៏នៅតែមានសមត្ថភាព នៅមិនទាន់ ដល់កម្រិត ក្នុងការប្រកួតប្រជែងទីផ្សារការងារសម្រាប់របាំងសម្រាប់ពួកគាត់ផងដែរ ដែល ទាមទារឱ្យមានការបង្កើនសមត្ថភាពរបស់ពួកគាត់បន្ថែម៕
ដោយ ប៉ាល់ សុង






