មន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ សីលធម៌របស់គ្រូពេទ្យគឺកើតឡើងដោយសារគ្រូពេទ្យមានសមត្ថភាព
AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ -- មន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលលើកឡើងថា សីលធម៌របស់គ្រូពេទ្យគឺកើតឡើងដោយសារ តែគ្រូពេទ្យមានសមត្ថភាព បើគ្រូពេទ្យគ្មានសមត្ថភាពទេគឺមើលមិនឃើញការប្រឈមធ្ងន់ធ្ងរ របស់អ្នកជំងឺ ឬដឹងពីរោគសញ្ញារបស់អ្នកជំងឺទេ។

ក្នុងទិវាវេជ្ជសាស្រ្ដរោគកុមារវិទ្យាលើកទី២១ នៅកម្ពុជា កាលពីចុងសប្ដាហ៍នេះ នៅ សណ្ឋាគារភ្នំពេញ ឯកឧត្តមសាស្រ្ដាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បាន មានប្រសាសន៍ថា គ្រូពេទ្យត្រូវមានលក្ខណៈសម្បត្ដិទាំងពីរគឺសមត្ថភាព និងក្រមសីលធម៌ ហើយបើគ្រូពេទ្យមានតែសីលធម៌មិនអាចមើលជំងឺកើតទេគឺគ្រាន់តែអាណិតតែអ្នកជំងឺនោះ មិនអាចធ្វើអ្វីបានក្នុងការជួយដោះស្រាយ ឬសង្គ្រោះជីវិតអ្នកជំងឺបានទេ។ ឯកឧត្តមបាន បញ្ជាក់ថា អ្វីដែលត្រូវការ និងចង់បានមុនគេគឺសមត្ថភាពជំនាញរបស់គ្រូពេទ្យ កាលណា គ្រូពេទ្យឃើញថាត្រូវធ្វើអ្វីមួយហើយ គឺគ្រូពេទ្យមិនអាចងាកចេញរួចពីបញ្ហាជំនាញរបស់ខ្លួន និងអ្នកជំងឺនោះទេ ហើយគ្រូពេទ្យមានសមត្ថភាពមើលឃើញនូវបញ្ហា ដើម្បី ខិតខំប្រឹងប្រែង ដោះស្រាយ និងលះបង់ជួយដល់ជីវិតអ្នកជំងឺ។ ឯកឧត្តមបានបន្ដថា គ្រូពេទ្យមើល មិនឃើញ បញ្ហា ឬគ្រោះថ្នាក់របស់អ្នកជំងឺ ដែលមិនអាចដោះស្រាយជួយអាយុជីវិតរបស់អ្នកជំងឺបាន ផងនោះ គឺមិនមែនគ្រូពេទ្យគ្មានសីលធម៌នោះទេដោយសារតែគ្រូពេទ្យគ្មានសមត្ថភាព ប៉ុន្ដែបើមានសមត្ថភាពគឺត្រូវដើរឈានមួយជំហានមុនក្រមសីលធម៌។

ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា ការជួបជុំរបស់គ្រូពេទ្យកុមារកម្ពុជានេះគឺត្រូវការ បណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពគ្រូពេទ្យទាំងអស់ ទាំងនៅតាមខេត្ដ និងនៅក្នុងរាជធានី ភ្នំពេញ ក្នុងការផ្ដល់ចំណេះដឹង ព្រមទាំងបទពិសោធន៍ដើម្បីចូលរួមបំពេញបន្ថែមនូវចំណុច ខ្វះខាតដល់គ្រូពេទ្យ សម្រាប់ជំនាញវេជ្ជសាស្រ្ដ បច្ចេកវិទ្យាថ្មីដែលគ្រូពេទ្យនៅទូទាំងប្រទេស ធ្វើការព្យាបាលកុមារ។
ឯកឧត្តមបានទទួលស្គាល់ថា បច្ចុប្បន្ននេះ គ្រូពេទ្យមួយចំនួនតូចគឺមានការខ្វះខាតនូវ សីលធម៌ទាំងពាក្យសម្ដី អាកប្បកិរិយា និងការទទួលខុសត្រូវចំពោះវិជ្ជាជីវៈរបស់ខ្លួន និង ចំពោះអ្នកជំងឺ ប៉ុន្ដែគ្រូពេទ្យមួយចំនួនធំគឺមានសមត្ថភាព និងជំនាញរបស់ខ្លួនត្រឹមត្រូវ។ ឯកឧត្តមក៏បានណែនាំឱ្យគ្រូពេទ្យមិនត្រូវ ប្រើអារម្មណ៍យកមកដាក់កន្លែងការងារ ឬប្រើជា មួយអ្នកជំងឺនោះទេ ត្រូវធ្វើតាមជំនាញប្រកបដោយការទទួលខុសត្រូវខ្ពស់។

ឯកឧត្ដម យិត ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូ ពេទ្យកុមារកម្ពុជា បានឱ្យដឹងថា សមាគមតែងតែរៀបចំវេទិកាជួបជុំជាមួយគ្រូពេទ្យនេះឡើងជាទៀងទាត់ក្នុងមួយឆ្នាំម្ដង ក្នុងគោលបំណងដើម្បីផ្ដល់ឱកាសដល់គ្រូពេទ្យឯកទេស ផ្នែករោគកុមារ នៅទូទាំងប្រទេសបានចែករំលែក និងផ្ដាស់ប្ដូរនូវបទពិសោធន៍ពីគ្នាទៅវិញ ទៅមកក៏ដូចជាចំណេះដឹងថ្មីៗ ទាក់ទងនឹងរោគកុមារ សម្រាប់ប្រើជាប្រយោជន៍ក្នុងការថែទាំ និងព្យាបាលដល់កុមារកម្ពុជាប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមក៏បានស្នើដល់គ្រូពេទ្យ កុមារទាំងអស់ដែលមកពីមន្ទីរពេទ្យនានាតាមបណ្ដាខេត្ដ ក្រុងទូទាំងប្រទេសត្រូវយកចំណេះ ដឹងថ្មីៗទាំងនេះ ចូលរួមផ្ដល់នូវសេវាព្យាបាលកុមារ ឱ្យមានគុណភាព សុវត្ថិភាព និងប្រសិទ្ធ ភាព ជាពិសេសយកចិត្តទុកដាក់ជាប់ជានិច្ចក្នុងការប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូ ពេទ្យក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ អ៊ុន រិទ្ធី






