បើកការប្រកួតពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័នរដូវកាលថ្មី ២០១៨ ដោយមាន៣១ក្រុមចូលរួមប្រជែងជើងឯក
AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ -- ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់មិត្តភាពយុវជន អន្តរក្រសួងស្ថាប័ន លើកទី៦ រដូវ កាលថ្មី២០១៨ ត្រូវបានប្រកាសបើកឱ្យដំណើរការជាផ្លូវការហើយ កាលពីល្ងាច ចុងសប្តាហ៍ កន្លងទៅ នៅ Premium Sport Club រាជធានីភ្នំពេញ ដោយមានក្រុមចំនួន៣១ បានចូលរួម ប្រជែងម្ចាស់ដំណែងជើងឯក ដោយទទួលបានការអញ្ជើញជាកិត្តិយស ពីឯកឧត្តម សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

ឯកឧត្តម សុខ សប្បាយណា ប្រធានគណៈកម្មាធិការកីឡាបាល់ទាត់ នៃព្រឹត្តិការណ៍ នេះគូសបញ្ជាក់ថា សកម្មភាពកីឡានេះ គឺជាផ្នែកមួយនៃសកម្មភាពរបស់សហភាព សហព័ន្ធ យុវជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងការអភិវឌ្ឍ សង្គមជាតិ។ ឯកឧត្តមបានបន្ដថា តាមរយៈការប្រកួតកីឡាបាល់ទាត់ នេះត្រូវបានធ្វើឡើងក្នុងគោលបំណងនៃការលើកកម្ពស់ឱ្យយុវជនជាមន្ត្រីរាជការមកពីស្ថាប័ននានាចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជន និងយុវជននានាឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

លោក បាន បុត្តា ប្រធានគណៈកម្មការប្រតិបត្តិបានធ្វើរបាយការណ៍ឱ្យដឹងថា ឆ្នាំនេះ មានក្រសួង ស្ថាប័នរដ្ឋចំនួន៣១ ចូលរួមប្រកួតដោយចែកចេញជា៨ពូល និងដៃគូសហការឧបត្ថម្ភមានចំនួន១៥ក្រុមហ៊ុន។ លោកបន្ដថា ការប្រកួតធ្វើឡើង តាមរូបមន្តប្រកួតជម្រុះក្នុងពូល ដោយជ្រើសរើសយកក្រុមដែលមានពិន្ទុខ្ពស់ជាងគេពីរក្រុមឡើងទៅវគ្គ១៦ក្រុម បន្ទាប់មកវគ្គ៨ក្រុម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ហើយកម្មវិធីប្រកួតត្រូវធ្វើឡើងរៀងរាល់ ថ្ងៃចន្ទ មាន២ប្រកួត ថ្ងៃពុធមាន១ប្រកួត ថ្ងៃសុក្រមាន២ប្រកួត និងថ្ងៃអាទិត្យមាន៣ប្រកួត។

សម្រាប់១ប្រកួតបើកឆាកនោះ គឺក្រុមក្រសួងសុខាភិបាល និងក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីរៈ ចែកគ្នាម្នាក់១ពិន្ទុ នៅក្នុងពូលA បន្ទាប់ពីរក្សាលទ្ធផលស្មើគ្នា ០ទល់០។ ក្នុងនាមជាអ្នកចូលរួមឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍នេះ, លោក យាន ស៊ីថាត Sale Supervisor ក្រុមហ៊ុន Tang Chong Motor Cambodia ដែលនាំចូល និងចែកចាយរថយន្ត NISSAN បានថ្លែងថា លោកពិតជារីករាយជាខ្លាំង ដែលក្រុមហ៊ុនរបស់លោកបានចូលរួមសហការឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍បាល់ទាត់នេះ ដើម្បីរួមចំណែក លើកកម្ពុជាវិស័យកីឡា បាល់ទាត់នៅព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរីកចម្រើន ក៏ដូចជារួមគ្នាជួយផ្តល់ឱកាស ឱ្យកីឡាករជាមន្ត្រីរាជការនៅគ្រប់ក្រសួងស្ថាប័នបានជួបជុំគ្នាលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជាមួយគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀតផងដែរ។

ចំណែកឯលោក នឿន ស៊ីនាង តំណាងផ្សព្វផ្សាយក្រុមហ៊ុន ភ្នំពេញបាយអូហ្វាម៉ាបានបង្ហាញពីភាពរីករាយរបស់ខ្លួនចំនួន៦រដូវកាល ក្នុងការចូលរួមឧបត្ថម្ភគាំទ្រ ក្នុងការលើក កម្ពស់ដល់សុខភាពតាមរយៈការលេង កីឡា ក៏ដូចជាបានផ្សព្វផ្សាយអំពីផលិតផលរបស់ខ្លួនជូនដល់កីឡាករ និងអ្នកគាំទ្រទៀតផង៕
ដោយ ហេង ណាលីន






