ក្លិបក្រសួងមហាផ្ទៃជាប់ចំណាត់ថ្នាក់លេខ១ កីឡាសូរីនហ្ស៊ិកាំប៉ូ ជើងឯកថ្នាក់ជាតិ ២០១៨
AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ -- ក្លិបសូរីនហ្ស៊ិកាំប៉ូក្រសួងមហាផ្ទៃដណ្តើមបានចំណាត់ថ្នាក់លេខ១ ដោយឈ្នះមេដាយមាស ច្រើនជាងគេ ក្នុងចំណោមក្លិបចូលរួមសរុបចំនួន៥ នៃព្រឹត្តិការណ៍កីឡាសូរីនហ្ស៊ិកាំប៉ូ ជម្រើស ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨ ដោយបានបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃអាទិត្យ ទី១៦ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកីឡាប្រយុទ្ធកម្ពុជា-ជប៉ុន ក្រោមអធិបតីពីឯកឧត្តម ឯម ម៉ាអ៊ូរី និងលោកឧកញ៉ា សុខ ផេង។

លោក ឡាច ច័ន្ទសុវណ្ណ ប្រធានសហព័ន្ធកីឡាសូរីនហ្ស៊ិកាំប៉ូកម្ពុជាមានប្រសាសន៍ថា ព្រឹត្តិការណ៍ថ្នាក់ជាតិឆ្នាំនេះមានកីឡាករ កីឡាការិនីចូលរួមជាង៦០នាក់មកពី៥ក្លិប ដែលបានប្រជែងលើវិញ្ញាសាចំនួន៨ ហើយក្លិបដែលឈ្នះមេដាយច្រើនជាងគេ គឺក្លិបក្រសួងមហាផ្ទៃ ដោយដណ្តើមបានមេដាយសរុបចំនួន៧ ក្នុងនោះ មេដាយមាស៥ ប្រាក់១ និងសំរឹទ្ធិ១ ខណៈលេខ២ ក្លិបមជ្ឈមណ្ឌលកីឡាប្រយុទ្ធកម្ពុជា-ជប៉ុន មេដាយមាស៣ ប្រាក់១ សំរឹទ្ធិ១ និងលេខ៣ បានទៅលើក្លិបសូរីនហ្ស៊ិកាំប៉ូជម្រើសជាតិ ដោយឈ្នះមេដាយប្រាក់៤ និងសំរឹទ្ធិ៣។

ប្រធានសហព័ន្ធរូបនេះអះអាងថា តាមរយៈការប្រកួតសម្រិតសម្រាំងជើងឯកថ្នាក់ជាតិឆ្នាំនេះនឹងជួយលើកកម្ពស់គុណភាពបច្ចេកទេសរបស់កីឡាករ-កីឡាការិនី ជាពិសេសថ្នាលយុវជន កាន់តែល្អប្រសើរបន្ថែមទៀត ក្នុងគោលដៅត្រៀមខ្លួនសម្រាប់ការចូលរួមប្រជែងមេដាយលើឆាកអន្តរជាតិ និងទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខផងដែរ។

សូមរម្លឹកថា ប្រភេទកីឡាសូរីនហ្ស៊ិកាំប៉ូបានចាប់កំណើតនៅកម្ពុជា កាលពីខែឧសភា ឆ្នាំ២០១១ ដោយក្រុមកីឡាជម្រើសជាតិការ៉ាតេដូ វ៉ាដូរីយូ ដែលដឹកនាំដោយលោកគ្រូ ឡាច ច័ន្ទសុវណ្ណ ជាប្រធានសហព័ន្ធ និងបានអភិវឌ្ឍន៍វិស័យកីឡារីកចម្រើនយ៉ាងឆាប់រហ័សដោយកម្ពុជាបានបង្ហាញខ្លួនលើឆាកអន្តរជាតិជាបន្តបន្ទាប់ដោយឈ្នះមេដាយ៨គ្រឿង ក្នុងស៊ីហ្គេម ២០១១ និងមេដាយសំរឹទ្ធិ៣ ក្នុងស៊ីហ្គេមឆ្នាំ២០១៣ និងធ្លាប់ ឈ្នះមេដាយសំរឹទ្ធិ១គ្រឿងពីជើងឯកពិភពលោក នៅសហរដ្ឋអាមេរិក។ បច្ចុប្បន្នសហព័ន្ធជាតិមួយនេះកំពុងយកចិត្តទុកដាក់ពង្រឹងគុណភាពក្នុងការត្រៀមស៊ីហ្គេមជាបន្តបន្ទាប់ និងចូលរួមប្រកួតជើងឯកពិភពលោក នៅប្រទេសជប៉ុន នាឆ្នាំ២០២១ ខាងមុខផងដែរ៕

ដោយ ហេង ណាលីន






