ក្លិបវិសាខាបង្ហាញសមាសភាពកីឡាករសម្រាប់លីគកំពូលកម្ពុជា រដូវកាល ២០១៩
AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ -- ក្លិបបាល់ទាត់វិសាខា ដែលជាក្រុមខ្លាំងមួយដណ្តើមបាន ចំណាត់ថ្នាក់លេខ៣ នៅក្នុងក្រប ខ័ណ្ឌលីគកំពូលកម្ពុជា កាលពីរដូវកាលមុននោះ បានបង្ហាញសមាសភាព កីឡាករចាស់-ថ្មីសរុបចំនួន២៧នាក់ ក្នុងនោះមានសមាជិកថ្មី១២នាក់ ដើម្បីត្រៀមរដូវកាលថ្មីឆ្នាំ២០១៩ ។ ពិធីនេះបានធ្វើឡើង កាលពីយប់ថ្ងៃអាទិត្យ ទី១៦ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្អង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។

ក្លិបបាល់ទាត់វិសាខាបានបង្ហាញសមាសភាពកីឡាករសរុប២៧នាក់ សម្រាប់ការត្រៀមខ្លួនសម្រាប់រដូវ កាលថ្មី ២០១៩ខាងមុខ ដោយកាលពីរដូវកាល ២០១៨ ក្រុមវិសាខាបានបង្ហាញ នូវភាពលេចធ្លោយ៉ាងខ្លាំង ដោយទើបនឹងឡើងមកពីក្របខ័ណ្ឌលំដាប់ទី២ភ្លាមនោះ បានកសាងដោយដណ្តើមបានចំណាត់ថ្នាក់លេខ៣ ជាមួយនឹងការរៀបចំខ្លួនបានល្អប្រសើរ និងការកសាងកីឡដ្ឋានផ្ទាល់ខ្លួន នៅរាជធានីភ្នំពេញ។

ជាមួយគ្នានោះ លោកជំទាវ កែ សួនសុភី ភរិយារបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានតែងតាំងជាប្រធានក្លិបបាល់ទាត់វិសាខាជំនួសឯកឧត្តម ស សុខា ដើម្បីដឹកនាំ និងបន្ដការអភិវឌ្ឍក្លិបឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកជំទាវបានប្ដេជ្ញាថា នឹងខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការដឹកនាំក្លិបឆ្ពោះទៅរក ភាពរីកចម្រើនតាមរយៈការធ្វើការងារជាក្រុម និងសហការជាមួយគណៈគ្រប់គ្រងក្លិបដែល មានបទពិសោធន៍ ដើម្បីធ្វើឱ្យក្លិបវិសាខាកាន់តែមានសក្ដានុពលទាំងថ្នាក់ជាតិ និងអន្ដរជាតិនាថ្ងៃ អនាគត។

ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា ដោយសារឯកឧត្តមមានភារកិច្ចមមាញឹកច្រើនក្នុងការងារ ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ទើបឯកឧត្តមពុំមានពេលវេលាគ្រប់គ្រាន់ក្នុងការដឹកនាំក្លិប ប៉ុន្ដែឯកឧត្តមបាន សន្យានឹងឆ្លៀតពេលប្រាស្រ័យទាក់ទងជាមួយថ្នាក់ដឹកនាំក្លិប និងក្រុមការងារជានិច្ច ដើម្បីលើកទឹកចិត្ត និងបន្ដ ជំរុញការអភិវឌ្ឍក្លិបឱ្យមានការរីកចម្រើនបន្ថែមទៀត៕
ដោយ ហេង ណាលីន






