អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាបអះអាងថា ផ្លូវជាច្រើនខ្សែនៅស្រុកក្រឡាញ់ ត្រូវបានសាងសង់ឡើងជាផ្លូវបេតុង ដើម្បីលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋ
AKP សៀមរាប ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ -- ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០១៨នេះ ជាពិសេសបន្ទាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្ដិទី៦នេះរួចមក ផ្លូវជាច្រើននៅក្នុងស្រុកក្រឡាញ់ ត្រូវបានកែប្រែដូចជា ផ្លូវដី ស ដែលកន្លងមានការលំបាកខ្លាំង ឥឡូវបានកសាងជាផ្លូវគ្រួសក្រហម និងផ្លូវមួយចំនួនទៀតពីមុនជាផ្លូវគ្រួសក្រហម បានសាងសង់ជាផ្លូវបេតុង។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចាក់បេតុង១ខ្សែប្រវែង១.៥០០ម៉ែត្រ ជាអំណោយរបស់ ឯកឧត្តម សៀង ណំា និងក្រុមគ្រួសារ ស្ថិតក្នុងភូមិផ្លាំង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨នេះ ឯកឧត្តមបានបញ្ជាក់ថា ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋកន្លងមកនេះឯកឧត្តមបានចំណាយថវិកាផ្ទាល់ខ្លួនរាប់លានដុល្លារសម្រាប់ជួយធ្វើផ្លូវ ប្រឡាយទឹក សាលារៀន មណ្ឌលសុខភាព និងវិស័យផ្សេងៗជាច្រើនទៀត។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបដែលទើបតែតាំងថ្មីបានចាត់ទុកឯកឧត្តម សៀង ណាំ គឺជាអ្នកតំណាងរាស្រ្តមួយរូប ដែលបានជួយធ្វើការអភិវឌ្ឍយ៉ាងខ្លាំងដែលប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសបានដឹង និងគោរពស្រលាញ់គ្រប់ៗគ្នា ហើយសកម្មភាពដ៍ល្អទាំងនេះ គឺជាគំរូសម្រាប់ឯកឧត្តម និងយកទៅអនុវត្តន៍តាម។

ឯកឧត្តម ទៀ សីហា បានលើកឡើងថា ផ្លូវចាក់បេតុង១ខ្សែប្រវែង១.៥០០ម៉ែត្រ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលបង្ហាញអំពីការអភិវឌ្ឍក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលផ្លូវបេតុងមួយខ្សែនេះ មិនត្រឹមតែបម្រើផលប្រយោជន៍ សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិផ្លាំងប៉ុណ្ណោះទេ គឺបម្រើផលប្រយោជន៍សម្រាប់ប្រជាជនទូទៅក្នុងស្រុកក្រឡាញ់នេះទាំងមូល។ ឯកឧត្ដមអភិបាលខេត្ដបានបន្ដថា ផ្លូវមួយខ្សែនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កលក្ខណៈងាយស្រួល សម្រាប់ការធ្វើដំណើរទៅមក និងការដឹកជញ្ជូនដើម្បីប្រកបអាជីវកម្ម និងលើកកម្ពស់ជីវភាពរស់នៅ និង កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្ថែមថា ពោលគឺមានផ្លូវល្អ និងស្ពានល្អ មានន័យថា យើងមានច្រកសម្រាប់ផ្សារភ្ជាប់សេដ្ឋកិច្ចកម្ពុជាទៅនឹងសេដ្ឋកិច្ចតំបន់ និងពិភពលោក ដូចទិសស្លោកមួយថា “ទីណាមានផ្លូវ ទីនោះមានក្តីសង្ឃឹម”៕

ដោយ ឃុត សៅ






