អ្នកជំនាញឯកទេសផ្នែកប្រព័ន្ធប្រសាទ៖ អ្នកកើតជំងឺទឹកនោមផ្អែម ឬលើសឈាម ជាហានិភ័យខ្ពស់ចំពោះការកើតជំងឺដាច់សរសៃឈាមខួរក្បាល
AKP ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ -- អ្នកជំនាញឯកទេសផ្នែកប្រព័ន្ធប្រសាទបានលើកឡើងថា ការកើតជំងឺដាច់សរសៃឈាមខួរក្បាល គឺភាគច្រើនបណ្ដាលមកពីគឺអ្នកជំងឺលើសឈាម ជំងឺទឹកនោមផ្អែម លើសខ្លាញ់ មនុស្សធាត់ និងអ្នកដែលពិសារបារី ដែលបង្កជាហានិភ័យខ្ពស់កើតជំងឺស្រ្កូក ឬដាច់សរសៃឈាមក្នុងខួរក្បាល។

ក្នុងសិក្ខាសាលាស្ដីពីការការពារ និងការព្យាបាលជំងឺស្ទះ និងដាច់សរសៃឈាមខួរ ក្បាលកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ លោកស្រីវេជ្ជបណ្ឌិត ហុក តុលា អ្នកជំនាញឯកទេសផ្នែកប្រព័ន្ធប្រសាទនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានបញ្ជាក់ថា ជំងឺដាច់សរសៃឈាមខួរក្បាលគឺជាជំងឺដែលគ្រោះថ្នាក់បំផុត និងត្រូវការសង្គ្រោះជាបន្ទាន់ ហើយប្រសិនបើមិនបានជួយសង្គ្រោះអ្នកជំងឺទាន់ពេលវេលាទេគឺអាចបង្កទៅជាផលវិបាកដូចជាអ្នកជំងឺក្លាយជាពិការភាព និងឈានទៅដល់ការស្លាប់ថែមទៀត។

លោកស្រីវេជ្ជបណ្ឌិតបានបន្ដថា ការដាច់សរសៃឈាមក្នុងខួរក្បាល ក្នុងករណីបន្ទាន់ ត្រូវបញ្ចូនអ្នកជំងឺមកកាន់មន្ទីរពេទ្យ ដើម្បីគ្រូពេទ្យព្យាបាលដោយថ្នាំពិសេសម្យ៉ាងគឺថ្នាំរំលាយគ្រាប់ឈាម ប្រសិនបើក្នុងករណីត្រឹមរយៈពេល៤ម៉ោងកន្លះ ក្នុងការប្រើប្រាស់ថ្នាំនេះ ដល់អ្នកជំងឺ។ លោកស្រីបានអំពីអាក្ការៈខ្លះៗដែលបានកើតឡើងចំពោះជំងឺស្ទះ និងដាក់សរសៃឈាមខួរក្បាលគឺបង្ហាញនូវរោគសញ្ញាទៅតាមស្ថានភាពខុសៗគ្នា ប៉ុន្ដែសញ្ញាសម្គាល់ធំៗចំនួនដែលត្រូវចាប់អារម្មណ៍ភ្លាមៗនោះគឺអ្នកជំងឺវៀចមាត់ ធ្លាក់មុខមួយចំហៀង ឬដៃប្រែជាទន់ កាន់របស់អ្វីលែងជាប់ ឬការនិយាយស្ដីមិនច្បាស់ និងនិយាយមិនចេញជាដើម ព្រមទាំងការចងចាំមិនបានត្រឹមត្រូវខុសពីធម្មតា ដែលនេះបង្ហាញពីរោគសញ្ញារបស់មនុស្សកើតស្រ្កូក ឬដាច់សរសៃឈាមខួរក្បាល។

លោកស្រីវេជ្ជបណ្ឌិតបានពន្យល់ថា ជំងឺស្ទះ និងដាច់សរសៃឈាមខួរក្បាលនេះគឺកើតឡើងបណ្ដាលមកពីមូលហេតុដោយសារតែមានការដាច់សរសៃឈាមតូច១ដែលមានកំណកខ្លាញ់នៅក្នុងសរសៃឈាមធំក្នុងខួរក្បាល ដែលរត់ទៅកកស្ទះនៅខាងលើ ឬមកពីកំណកឈាមចេញពីបេះដូង។
លោកស្រីវេជ្ជបណ្ឌិតបានណែនាំថា ដើម្បីចូលរួមការពារ និងព្យាបាលអ្នកជំងឺស្ទះ និងដាច់សរសៃឈាមខួរក្បាលនេះ បើអ្នកជំងឺដឹងជាមុនថា បានកើតឡើងហើយ ត្រូវរួសរាន់ប្រញាប់មកមន្ទីរពេទ្យ ឱ្យបានទាន់ពេលវេលាពីព្រោះគ្រូពេទ្យអាចជួយសង្គ្រោះអ្នកជំងឺដោយប្រើថ្នាំពិសេសម្យ៉ាង ខណៈពេលអ្នកជំងឺមកដល់មន្ទីរពេទ្យក្នុងរយៈពេលត្រឹមតែ៤ម៉ោងកន្លះ ដើម្បីធ្វើការរំលាយគ្រាប់ឈាម ហើយអ្នកជំងឺអាចរួចផុតពីគ្រោះថ្នាក់។

លោកវេជ្ជបណ្ឌិត អាសាវីន ចំជីត(Assawin Chomjit) អ្នកជំនាញឯកទេសផ្នែកប្រព័ន្ធ ប្រសាទនៃមន្ទីរពេទ្យបាងកក ប្រទេសថៃ បានឱ្យដឹងថា ដើម្បីការពារជំងឺស្រ្កូក ឬជំងឺដាច់ សរសៃឈាមខួរក្បាលនេះ គឺត្រូវហាត់ប្រាណឱ្យបានទៀងទាត់ ការត្រួតពិនិត្យ និងកំណត់របបអាហារឱ្យបានត្រឹមត្រូវ ជាពិសេសអ្នកដែលមានជំងឺទឹកនោមផ្អែម ឬជំងឺបេះដូង ដែល មានបញ្ហាប្រឈមខ្ពស់ ដែលអាចកើតជំងឺស្រ្កូក ឬដាច់សរសៃឈាមខួរក្បាល ហើយត្រូវរួសរាន់មកជួបគ្រូពេទ្យជំនាញ ដើម្បីបង្ការ ទប់ស្កាត់កុំឱ្យកើតជំងឺនេះ៕
ដោយ អ៊ុន រិទ្ធី






