គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋបារាំងអញ្ជើញមកដល់កម្ពុជាហើយ
AKP សៀមរាប ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ -- គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋបារាំង ដឹកនាំដោយឯកឧត្តម ស៊ីលវ៉ាំង វ៉ាសឺម៉ង់ (Sylvain WASERMAN) អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំង បានអញ្ជើញមកដល់កម្ពុជាហើយ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយៈពេល៦ថ្ងៃ ។

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៦ថ្ងៃនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាប្រទេសបារាំង បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប និងទស្សនាប្រាង្គ ប្រាសាទខ្មែរ មុននឹងបន្តដំណើរមកកាន់រាជធានីភ្នំពេញ ដែលគណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំសំខាន់ៗ របស់កម្ពុជា។

តាមកម្មវិធីគ្រោងទុកឯកឧត្តម ស៊ីលវ៉ាំង វ៉ាសឺម៉ង់ គ្រោងចូលជួបសម្តែងការគួរសម និងធ្វើសវនាការជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈាង វុន ប្រធាន គណ:កម្មការទី៥នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-បារាំង ព្រមទាំងគ្រោងជួបពិភាក្សាជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជួបពិភាក្សាការងារជាមួយឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីផងដែរ៕

ដោយ ប៉ាល់ សុង






