ក្រុមចំបាប់នារីមកពីសាធារណរដ្ឋកូរ៉េមកហ្វឹកហាត់រួមគ្នាជាមួយក្រុមចំបាប់កម្ពុជា ដើម្បីបង្កើនបច្ចេកទេស
AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ -- ប្រតិភូអត្តពលិកកីឡាចំបាប់នារីមកពីសាធារណរដ្ឋកូរ៉េត្រូវបាន អនុញ្ញាតឱ្យចូលជួបសំណេះ សំណាលជាមួយប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន កាលពីល្ងាចថ្ងៃ អង្គារទី០៤ ខែធ្នូ ឆ្នាំ២០១៨ មុនបើកយុទ្ធនាការហ្វឹកហាត់រួមគ្នាជាមួយក្រុមចំបាប់កម្ពុជា រយៈ ពេលជិត១ សប្តាហ៍។

ក្រុមប្រតិភូកីឡាចំបាប់នារីមកពីសាធារណរដ្ឋកូរ៉េចំនួន៦នាក់គ្រោងហ្វឹកហាត់រួមគ្នាជាមួយក្រុមអត្តពលិកកីឡាចំបាប់កម្ពុជាតាមការស្នើរសុំរបស់ក្រសួងអប់រំយុវជន និងកីឡាក្នុង គោលដៅផ្លាស់ប្តូរបទពិសោធន៍ និងបង្កើនបច្ចេកទេសដល់អត្តពលិកកីឡាចំបាប់កម្ពុជា ដើម្បី ត្រៀមខ្លួនស៊ីហ្គេមនៅប្រទេសហ្វ៊ីលីពីន នាឆ្នាំ២០១៩។

ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ប្រតិភូកីឡាចំបាប់មកពីប្រទេស កូរ៉េខាង ត្បូងនេះ ត្រូវស្នាក់នៅហ្វឹកហាត់ជាមួយក្រុមកីឡាករ-កីឡាការិនីចំបាប់កម្ពុជា ដែលអត្តពលិក កូរ៉េនេះមានកម្រិតខ្ពស់ៗ ដើម្បីផ្តល់បទពិសោធន៍បច្ចេកទេសល្អៗដល់ក្រុមអត្តពលិកកម្ពុជា ដែលអាចជួយជំរុញ និងបណ្តុះបណ្តាលបន្ថែមនូវចំណេះ ដឹងថ្មីៗពីការវិវឌ្ឍជឿនលឿនរបស់ អន្តរជាតិចែករំលែកដល់ក្រុមអត្តពលិកកម្ពុជាពង្រឹងសមត្ថភាពត្រៀមសម្រាប់ចូលរួមប្រកួត អន្តរជាតិនានា។ឯកឧត្ដមបានអះអាងទៀតថា ឆ្នាំ២០១៩ខាងមុខនេះ កម្ពុជានឹងស្នើសុំឱ្យភាគី កូរ៉េបញ្ជូនអត្តពលិកចំបាប់នារីកម្ពុជាទៅហ្វឹកហាត់រួមគ្នានៅទីនោះ ដើម្បីពង្រឹងសមត្ថភាព បន្ថែម ត្រៀមប្រជែងដណ្តើមមេដាយ នៅស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វ៊ីលីពីន។ ក្រៅពី នេះ សហព័ន្ធក៏នឹងត្រៀមបញ្ជូន អត្តពលិក៥នាក់ផ្សេងទៀតទៅហ្វឹកហាត់នៅ សាធារណរដ្ឋ ប្រជាមានិតចិន ដែលការទៅហ្វឹកហាត់នេះទទួលបានការគាំទ្រឧបត្ថម្ភពីលោក ហ្គោឌេនតាន់ អនុប្រធានទី១គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕

ដោយ ហេង ណាលីន






