សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ បានបញ្ជូនដល់សភាជាតិហើយ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៣—
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ បានបញ្ជូនដល់សភាជាតិហើយ ហើយរសៀល ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៣ បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមប្រគល់ភារកិច្ច ជូនគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤នេះចំនួន ១២សំឡេងនៃ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ទាំងមូល។
យោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភារសៀលថ្ងៃទី០៤ ខែវិច្ឆិកានោះដែរបានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានអនុម័តយល់ព្រមប្រគល់ភារកិច្ចជូនគណៈកម្មការ មហាផ្ទៃ ការពារជាតិអង្កេត បោសសំអាត និងមុខងារសារធារណៈ ពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត ក្រសួងមុខងារសាធារណៈ ដោយសហការជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ចំនួន ១២សំឡេង នៃចំនួនសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ទាំងមូល និងបានអនុម័តយល់ព្រមប្រគល់ភារកិច្ចជូនគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១២ ចំនួន១២សំឡេងនៃចំនួន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ទាំងមូល៕

ដោយ ប៉ាល់ សុង

Share
    Download PDF

Comments are closed.