បើកវេទិកាពិភាក្សាជាមួយវិស័យឯកជន ដើម្បីបង្កើតឱកាសការងារសម្រាប់ពលករចំណាកស្រុក

AKPភ្នំពេញថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៣—
វេទិកាពិភាក្សាជាមួយវិស័យឯកជន អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត ដើម្បីបង្កើត ឱកាសការងារ សម្រាប់ពលករ ចំណាកស្រុកបាន បើកធ្វើនៅសណ្ឋាគារ កាំបូឌីយ៉ាណា ព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៣ ក្រោមការរៀបចំដោយអង្គការ ខារ៉ាមកម្ពុជា និងឧបត្ថម្ភថវិកាដោយទីភ្នាក់ងារ សហរដ្ឋអាមេរិក ដើម្បីអភិ វឌ្ឍន៍អន្តរជាតិ(USAID) តាមរយៈវីនរ៉ក់អន្តរជាតិ។

លោក មាស សាណែត នាយកកម្មវិធីនៃអង្គការខារ៉ាមកម្ពុជាបានលើកឡើងពីគោលបំណងនៃវេទិកានេះ ថា គឺដើម្បីស្វែងយល់ពីចរន្តការងារ និងបញ្ហាប្រឈមរបស់និយោជក និងកម្មករក្នុងការធានាឲ្យមានការងារ សមរម្យ និងបង្កើតឱកាសការងារសម្រាប់ពលករចំណាកស្រុក។ទី១-កសាងបណ្តាញ និងពង្រឹងទំនាក់ទំនងជា មួយវិស័យឯកជន អង្គការសង្គមស៊ីវិល ពលករចំណាកស្រុក និងភាគីពាក់ព័ន្ធសំខាន់ៗ។ ទី២-ដើម្បីកំណត់ពីយុទ្ធ សាស្ត្រដើម្បីធ្វើឲ្យពលករដែលធ្វើមាតុភូមិនិវត្តន៍ និងពលករដែលត្រៀមធ្វើចំណាកស្រុកមានទំនាក់ទំនងជាមួយ នឹងនិយោជក ដោយផ្តល់ឲ្យនូវការងារសមរម្យ និងមានសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា ព្រមទាំងចែករំលែក ព័ត៌មានស្តីពីឱកាសការងារដល់ពលករចំណាកស្រុក។

លោក សួង សង្វាវុទ្ធី ប្រធានផ្នែកផែនការ និងសហប្រតិបត្តិការ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារបាន បញ្ជាក់ថា វេទិកាថ្ងៃនេះគឺជាការចូលរួមចំណែកមួយក្នុងការបង្កលក្ខណៈងាយស្រួលដល់ភាគីពាក់ព័ន្ធនានានៅ ក្នុងទីផ្សារការងារ ដើម្បីទទួលបានព័ត៌មានពីគ្នាទៅវិញទៅមកសំដៅបង្កើតឱកាសការងារ និងការងារសមរម្យ ដល់ពលករចំណាកស្រុក។ លោកក៏បានឲ្យដឹងថា ក្នុងចំណោមប្រទេសអាស៊ាន ប្រទេសកម្ពុជាមានប្រជាពលរដ្ឋ វ័យក្មេងច្រើនជាងគេ ដោយយុវជនអាយុពី ១៥ ទៅ ៣០ ឆ្នាំមានចំនួន ៣៣ ភាគរយនៃប្រជាជនទាំងមូល។ ជាមធ្យមមានកម្លាំងពលកម្មវ័យក្មេងចូលទីផ្សារការងារចំនួនពី ៣០០ ០០០ នាក់ក្នុងមួយឆ្នាំ ហើយចំនួននេះនឹង កើនឡើងដល់ ៤០០ ០០០ នាក់ក្នុងពេលដ៏ខ្លីខាងមុខ។ កំណើននៃយុវជនវ័យក្មេងដែលឈានចូលទីផ្សារការងារ ជាកត្តាអំណោយផលមួយសម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជា តែទន្ទឹមនឹងនេះវាជាភារកិច្ចរបស់រាជរដ្ឋាភិបាលក្នុង ការបង្កើតការងារ ដើម្បីបំពេញតម្រូវការការងាររបស់យុវជនដែលចូលក្នុងទីផ្សារការងារថ្មី។

លោកក៏បានបញ្ជាក់ជូនដែរថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកំពុងផ្តោតការយកចិត្តទុកដាក់ជាខ្លាំង ក្នុងការបង្កើតការងារ និងការអភិវឌ្ឍជំនាញ ជាពិសេសក្នុងចំណោមយុវជនដែលធ្វើចំណាកស្រុក ព្រមទាំងការធ្វើ ឲ្យប្រសើរឡើងនូវដំណើរការទីផ្សារការងារ ដូចដែលបានកំណត់ជាគោលនយោបាយអាទិភាពនៅក្នុងយុទ្ធសាស្ត្រ ចតុកោណដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជាដំណាក់កាលទី ២ និងផែនការយុទ្ធសាស្ត្រអភិ វឌ្ឍន៍ជាតិបច្ចុប្បន្នកម្មឆ្នាំ២០០៩-២០១៣។គោលដៅនៃយុទ្ធសាស្ត្រទាំងនេះគឺសំដៅជំរុញ និងធានាកំណើនសេដ្ឋ កិច្ចជាតិ ដែលឈានទៅបង្កើតការងារកាន់តែល្អប្រសើរ និងច្រើនថែមទៀតជូនប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាល បានយល់ថាជាកត្តាចាំបាច់មួយក្នុងការលើកកម្ពស់កំរិតជីវភាពកាត់បន្ថយភាពក្រីក្រ ព្រមទាំងចូលរួមរក្សាស្ថេរ ភាព និងភាពសុខដុមរមនាក្នុងសង្គមជាតិ។

ដោយឈរលើការអនុវត្តយុទ្ធសាស្ត្រខាងលើកម្ពុជាកំពុងទាក់ទាញអ្នកវិនិយោគិនបរទេសជាច្រើនមកបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់ ដែលបានផ្តល់ការងារ និងប្រាក់ចំណូលយ៉ាង ច្រើនដល់ប្រជាជនកម្ពុជា ជាពិសេសដល់យុវជននៅតាមជនបទ ។ ប៉ុន្តែជាបញ្ហាកម្លាំងពលកម្មនៅក្នុងប្រទេសកម្ពុជាហាក់ដូចជានៅខ្វះខាតសម្រាប់ផ្គត់ផ្គង់ដល់រោងចក្រឧស្សាហកម្ម ដែលកំពុងមានតម្រូវការច្រើនដោយសារ កម្លាំងពលកម្មកម្ពុជាមួយភាគបានហូរទៅកាន់ប្រទេសជិតខាង និងប្រទេសដែលមានឧស្សាហកម្មរីកចម្រើនមួយ ចំនួន ដែលអាចទទួលបានប្រាក់កម្រៃច្រើនជាងក្នុងប្រទេស ។ ប្រការនេះហើយដែលទាមទារឲ្យរដ្ឋាភិបាល សង្គម ស៊ីវិល វិស័យឯកជនរួមគ្នាដើម្បីរកវិធីដោះស្រាយជួយដល់ពលករទាំងអស់នេះទាំងពេលបច្ចុប្បន្ន និងអនាគត។

លោក សៀង ម៉េង អនុប្រធានកម្មវិធីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដំណាក់កាលទី២ (CTIP II) បាន លើកឡើងថា ទោះបីលោកបដិសេធថាមិនបានដឹងពីតួលេខច្បាស់លាស់ពលករចំណាកស្រុក ប៉ុន្តែលោកដឹងថា ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋ និងយុវជនជាច្រើនបានធ្វើចំណាកស្រុក ដើម្បីស្វែងរកការងារទាំងនៅក្នុង និងក្រៅ ប្រទេស ជាពិសេសទៅប្រទេសថៃ ដែលឆ្លងដែនដោយពុំមានឯកសារ និងមានការសម្របសម្រួលដោយមេខ្យល់។ លោកបន្តថា ការធ្វើចំណាកស្រុកដោយប្រថុយប្រថាននេះ ពលករងាយនឹងប្រឈម និងងាយរងគ្រោះដោយការ កេងប្រវ័ញ្ចកំលាំងពលកម្ម ការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភពំពានផ្សេងៗ ជាពិសេសពុំទទួលបាននូវការ ការពារសិទ្ធិរបស់ពលករនៅតាមបណ្តាប្រទេសទទួលនានា៕

ដោយ ប៉ាល់ សុង

 

Share
    Download PDF

Comments are closed.