អង់គ្លេសមិនចាត់ការយោធាទេរហូតទាល់តែ អ.ស.ប បញ្ចប់ការស៊ើបអង្កេតនៅស៊ីរី

AKP ភ្នំពេញ ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៣—-

ញត្តិមួយរបស់រដ្ឋាភិបាលអង់គ្លេស ដែលបានផ្សព្វផ្សាយពីថ្ងៃពុធបានលើកឡើងថា ប្រទេសនេះអាចមិនចាត់ ការ យោធាទៅលើប្រទេសស៊ីរីទេ រហូតទាល់តែ អ.ស.ប បញ្ចប់ការស៊ើប អង្កេតរបស់ខ្លួន ស្តីពីការប្រើប្រាស់អាវុធគីមី ដែល គេបានចោទប្រកាន់ ។

ញត្តិនោះដែលបានយល់ព្រមដោយពួកមន្រ្តីជាន់ខ្ពស់អង់គ្លេស ដែលចូលរួមក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខជាតិ នោះនិយាយថា គេគួរធ្វើរាល់កិច្ចប្រឹងប្រែងនានា ដើម្បីធានាឲ្យមាន ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខមួយ ដែល គាំទ្រសកម្មភាពយោធាមុនគេ ប្រកាន់យកនូវ សកម្មភាពបែបនេះណាមួយនោះ ។

ញត្តិនោះបាននិយាយថា អគ្គលេខាធិការ អ.ស.ប គួរតែធានាឲ្យមានការផ្តល់ព័ត៌មាន ពិស្តារ មួយដល់ក្រុមប្រឹក្សា សន្តិសុខ អ.ស.ប ជាបន្ទាន់ស្តីពីការបញ្ចប់នូវបេសកកម្មជា ដំបូង របស់ក្រុម ស៊ើបអង្កេតនេះ ។

ទោះបីជាមានការស្តីបន្ទោសចំពោះបរាជ័យរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប កាលពីពីរ ឆ្នាំកន្លងទៅនេះ ដែលមិន ធ្វើសកម្មភាពជាឯកច្ឆ័ន្ទលើពួកស៊ីរីក៏ដោយ ក៏ញត្តិនេះបាននិយាយថា គេគប្បីធ្វើតាមដំណើរការ អ.ស.ប មួយតាម ដែលអាចធ្វើបាន ដើម្បីធានានូវភាពស្របច្បាប់ឱ្យ បានជាអតិបរមា សម្រាប់ការឆ្លើយតបណាមួយលើប្រទេសស៊ីរី ។

ញត្តិនោះបាននិយាយបន្ថែមថា មុនការចូលរួមរបស់អង់គ្លេសដោយផ្ទាល់ណាមួយ ក្នុង សកម្មភាពបែបនេះ ការបោះ ឆ្នោត មួយថែមទៀតរបស់សភារួម (House of Commons) នឹងត្រូវធ្វើ ឡើង ។សភារួមនឹងធ្វើការបោះឆ្នោតស្តីពីញត្តិនេះ នៅថ្ងៃព្រហស្បតិ៍នេះ ។

រដ្ឋាភិបាលស៊ីរីកាលពីថ្ងៃពុធនេះបានស្នើដល់អ.ស.ប ឲ្យធ្វើការស៊ើបអង្កេតការវាយប្រហារ ដោយគីមី ដែលគេបាន ចោទប្រកាន់ចំនួនបី ដែលធ្វើឡើងដោយពួកឧទ្ទាមនៅជាយក្រុងដាម៉ាស់ កាលពីថ្ងៃទី២២, ២៤ និង២៥ ខែសីហានេះ ។

តាមការស្ទាបស្ទង់មើលមួយដែលធ្វើឡើងដោយ The Sun និង You Gov ឱ្យដឹងថាប្រជា ជន៤០ភាគរយ ប្រឆាំងនឹង ទម្រង់ណានៃការចូលរួមរបស់អង់គ្លេសក្នុងប្រទេសស៊ីរី ដោយ៧៤ភាគ រយប្រឆាំងនឹងការដាក់ពង្រាយកងទ័ពអង់ គ្លេស ៦១ភាគរយប្រឆាំងនឹងការបញ្ជូនអាវុធពេញ ទំហឹង ៥០ភាគរយប្រឆាំងនឹងការវាយប្រហារដោយមីស៊ីល ។
មានតែ២៥ភាគរយប៉ុណ្ណោះនៃអ្នកដែលគេធ្វើការស្ទាបស្ទង់ គាំទ្រការវាយប្រហារដោយ មីស៊ីលលើប្រទេសស៊ីរី ៕

( ប្រភព ស៊ីនហួ, បកប្រែដោយលោក ប៉ិន មឿន ) វាយអត្ថបទៈ ធន

Share
    Download PDF

Comments are closed.