កូរ៉េខាងត្បូង និងខាងជើងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគណៈកម្មាធិការរួមសម្រាប់សួនឧស្សាហកម្មកាវសុង

AKP ភ្នំពេញ ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៣—-

ក្រសួងបង្រួបបង្រួមរបស់ក្រុងសេអ៊ូលបាននិយាយពីថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងត្បូងនិង ខាងជើងបានចុះហត្ថលេខា ជាផ្លូវការលើកិច្ចព្រមព្រៀងមួយ ស្តីពីការបង្កើតគណៈកម្មាធិការរួម មួយ ដើម្បីគ្រប់គ្រងសួនឧស្សាហកម្មកាវសុង ។

តាមក្រសួងបង្រួបបង្រួមឱ្យដឹងថា នៅក្រោមកិច្ចព្រមព្រៀងនោះក្រុងសេអ៊ូលនិងក្រុងព្យុង យ៉ាងនឹងបង្កើតគណៈកម្មាធិ ការគ្រប់គ្រងរួមមួយ សម្រាប់សួនឧស្សាហកម្មកាវសុងដែលមាន ប្រធានមួយរូបនិងសមាជិក៥រូបរបស់ភាគី នីមួយៗមក ពីភាគីទាំងពីរនៅក្នុងគណៈកម្មាធិការនោះ។

គណៈកម្មាធិការនេះដែលនឹងទទួលខុសត្រូវការគ្រប់គ្រងតំបន់ឧស្សាហកម្មនេះ គ្រោងនឹង ធ្វើកិច្ចប្រជុំជាទៀងទាត់មួយ ត្រីមាសម្តង ។ ការប្រជុំលើកដំបូងរបស់គណៈកម្មាធិការរួមនេះនឹងធ្វើ នៅថ្ងៃចន្ទខាងមុខនេះ ។

គេនឹងបង្កើតអនុគណៈកម្មាធិការ៤ទៀត ដែលរួមមានអនុគណៈកម្មាធិការទទួលខុសត្រូវ ការធានាសុវត្ថិភាពបុគ្គលិក ការពារទ្រព្យសម្បត្តិ ធ្វើការពិភាក្សា ការឆ្លងកាត់ គមនាគមន៍ និងគយ ព្រមទាំងពង្រឹងការប្រកួតប្រជែងជាសកល ។

អនុគណៈកម្មាធិការដែលនឹងមានប្រធានមួយរូប និងសមាជិកប្រហែល៣រូបក្នុងអនុគណៈ កម្មាធិការនិមួយៗ មកពីភាគី ទាំងពីរគ្រោងនឹងជួបប្រជុំគ្នាជាទៀងទាត់មួយខែម្តងៗ ។

លើសពីនេះទៀតកូរ៉េទាំងពីរ គ្រោងនឹងបង្កើតលេខាធិការដ្ឋានអចិន្រ្តៃយ៍មួយ ដើម្បីផ្តល់ ការគាំទ្រខាងរដ្ឋបាលដល់គណៈ កម្មាធិការ និងអនុគណៈកម្មាធិការនេះ ។

ការបង្កើតគណៈកម្មាធិការនេះនឹងផ្តល់ដល់ក្រុងសេអ៊ូល ក្នុងការនិយាយដោយស្មើភាពគ្នា មួយជាមួយក្រុងព្យុងយ៉ាង ស្តីពីការគ្រប់គ្រងសួនឧស្សាហកម្មនេះ ។ កាលពីមុនតំបន់ឧស្សាហកម្ម នេះត្រូវបានគ្រប់គ្រងតែឯង ដោយការិយាល័យទូ ទៅសម្រាប់ការណែនាំ ការអភិវឌ្ឍនៃតំបន់ ពិសេសកណ្តាលរបស់កូរ៉េខាងជើង ៕

( ប្រភព ស៊ីនហួ, បកប្រែដោយលោក ប៉ិន មឿន ) វាយអត្ថបទៈ ធន

Share
    Download PDF

Comments are closed.