យូណេស្កូ ៖ កិច្ចប្រជុំ អាយស៊ីស៊ី-អង្គរ នឹងប្រារព្ធនៅក្រុងសៀមរាប

AKP ភ្នំពេញថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១២–

កិច្ចប្រជុំគណៈកម្មាធិការបចេ្ចកទេសសម្របសម្រួលអន្តរជាតិ សម្រាប់ការការពារ និងអភិវឌ្ឍន៍ ឧទ្យានប្រវត្តិសាស្រ្តអង្គរ (អាយស៊ីស៊ី) លើកទី២១ នឹងប្រារព្ធឡើងពីថ្ងៃទី៥ ដល់ថ្ងៃ​ទី៧ ខែមិថុនា ឆ្នាំ២០១២ នៅទីស្នាក់ការអាជ្ញាធរ​អប្សរាក្នុងក្រុងសៀមរាប។

គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍ឧទ្យានប្រវត្តិសាស្រ្តអង្គរ(អាយស៊ីស៊ី)ត្រូវបានបង្កើតឡើងបន្ទាប់ ពីប្រាសាទអង្គរវត្តត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែ​ធ្នូឆ្នាំ១៩៩២។ ការបង្កើតអាយស៊ីស៊ី​ ឡើងគឺជាលក្ខ ខណ្ឌ មួយរបស់គណៈកម្មាធិការ​បេតិកភណ្ឌពិភពលោក​ក្នុង​ការ​ចុះឧទ្យានអង្គរ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​​របស់អង្គការយូណេស្កូ ។

បន្ទាប់ពីពេលនោះមក អាយស៊ីស៊ី បានរៀបចំការប្រជុំជាទៀងទាត់រយះពេលពីរដងក្នុងមួយឆ្នាំ ដោយ ផ្អែកទៅលើដំណើរការ និងប្រតិបតិ្ត ការជាក់ស្តែងក្នុងតំបន់អភិរក្ស។ អាយស៊ីស៊ី គឺជាយន្តការអន្តរ ជាតិមួយ សម្រាប់សម្របសម្រួលរាល់ជំនួយពីបណ្តាប្រទេស​និងអង្គការ ផ្សេងៗ ហើយធានានូវដំណើរការយ៉ាងរលូន​ និងស៊ីសង្វាក់គ្នារាល់គម្រោងទាំងឡាយដោយផ្តោតសំខាន់ទៅលើស្តង់ដារបចេ្ចកទេស និង ហិរញ្ញវត្ថុ។អាយស៊ីស៊ី ស្ថិតក្រោមសហប្រធាននៃប្រទេសបារាំង​និង​ជប៉ុន ដែលជាតំណាងស្ថានទូតរបស់ប្រទេសទាំងពីរនេះប្រចាំកម្ពុជា។  អង្គការយូណេស្កូ មានតួនាទីជាលេខាធិការដ្ឋានរបស់អាយ​ស៊ីស៊ី ។

នៅថ្ងៃទី​៥​ ខែមិថុនា ដែលជាថ្ងៃដំបូង នៃកិច្ចប្រជុំបចេ្ចកទេសលើកនេះ លេខាធិការដ្ឋាន ដោយ សហការជាមួយអាជ្ញាធរ​អប្សរា នឹង​រៀបចំ ដំណើរទស្សនាមួយទៅរមណីយដ្ឋានទ័ពជ័យ ដែលជាស្ថានីយ បុរាណវិទ្យាមួយ។ ទស្សនកិច្ចនេះនឹងមានការចូលរួមពីអ្នកជំនាញកម្ពុជា ពោលគឺ​ស្ថាបត្យករ​ និងបុរាណវិទូ​។ នៅថៃ្ងបន្ទាប់ គឺថ្ងៃទី៦​ និងទី៧ ខែមិថុនា​គឺជាថ្ងៃសំរាប់ធ្វើបទបង្ហាញមួយចំនួន ដោយអ្នកឯកទេសអំពី ប្រធានបទ​ពាក់ព័ន្ធនឹងការអភិរក្សការស្រាវជ្រាវទេសចរណ៍ការការពារ​ និងការអភិវឌ្ឍសហគម។​ សហប្រធាននៃកិច្ចប្រជុំលើកនេះ គឺ លោកស្រី កាទ្រីន ម៉ង់ស៊ីប ទីប្រឹក្សាសហប្រតិបតិ្តការ​និងសកម្មភាព វប្បធម៌​ នៃស្ថានទូតបារាំង ​និង លោក​ យ៉ូស៊ីហ៊ីរ៉ូ ហ៊ីហ្គុឈី​ រដ្ឋមន្រ្តី ប្រ ចាំស្ថានទូតជប៉ុន។ ឯកឧត្តម សុខ​អាន ឧបនាយករដ្ឋមន្រ្តី​រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី​ជាតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិ បាលកម្ពុជា និង​ជា​ប្រធានអាជ្ញាធរ​អប្សរា នឹងធ្វើសេចក្តីថ្លែងការណ៍មួយក្នុងពេលប្រជុំនេះ។ តំណាងអង្គការយូណេស្កូ ប្រចាំ កម្ពុជាលោកស្រីអែននី ឡីម៉ៃស្រែ្ទក៏នឹងធ្វើសេចក្តីថ្លែងការណ៏មួយដែរ ។

ការយកចិត្តទុកដាក់​របស់រាជរដ្ឋាភិបាលកម្ពុជា និងសហប្រធាន អាយស៊ីស៊ី​ ពីមួយឆ្នាំទៅមួយឆ្នាំ ទៅលើក្រុមការងារនៅតាមមូលដ្ឋាន ទាំងអស់ បង្ហាញពីការសហការជាលក្ខណះអន្តរជាតិ និង ពហុភាគី ចំពោះ គម្រោងទាំងអស់ ដែលកំពុងអនុវត្តនៅអង្គរ។

ការពិនិត្យមើលជាច្រើនឆ្នាំកន្លងមកនេះ បានផ្តល់នូវ ហេតុផល នៃសេចក្តីរីករាយចំពោះកិច្ចការដែលសម្រេចបាន និងទំនាក់ទំនងល្អដែល កើត មាននៅក្នុង ក្របខ័ណ្ឌនេះ៕ ដោយលោក ហ៊ុន យុទ្ធគុណ

Share
    Download PDF

Comments are closed.