សម្តេចចៅហ្វាវាំង គង់ សំអុល ជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ចំនួនជាង៧០០នាក់ នៅក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨–សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួង ព្រះបរមរាជវាំង និងជាតំណាងរាស្រ្ដមណ្ឌលខេត្ដកំពង់ឆ្នាំង អមដំណើរដោយ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្ដី ទទួលបន្ទុកកិច្ចការទូទៅក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្រ្ដីក្រោមឱវាទបានអញ្ជើញចុះសួរ សុខទុក្ខ និងសំណេះ សំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋចំនួនជាង៧០០នាក់ នៅឃុំព្រៃគ្រី ឃុំជលសារ ឃុំពាមឆ្កោក ស្រុក   ជលគិរី ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤     ខែមិថុនា ឆ្នាំ២០១៨។

សម្ដេចចៅហ្វាវាំង គង់ សំអុល បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតា ជាតិខ្មែរ ជាទិសក្ការដ៏ខ្ពង់ខ្ពស់បំផុត និងពីសំណាក់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេច អគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅក្នុង ឃុំព្រៃគ្រី ឃុំជលសារ និងឃុំពាម ឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ សម្ដេចចៅហ្វាវាំង បានមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព នយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ សម្ដេចចៅហ្វាវាំងបានបន្តថា ប្រមុខរាជរដ្ឋាភិបាល កម្ពុជា បាននិង កំពុងយកចិត្តទុកដាក់ក្នុងការស្ដារហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ដែលកត្តាទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋកាន់តែ មានជីវភាពល្អប្រសើរ ស្របតាមកម្មវិធីគោលនយោបាយរបស់ រាជរដ្ឋាភិបាល។ សម្ដេចចៅ ហ្វាវាំង ក៏បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវមានតម្លាភាព ក្នុងការផ្តល់សេវា សាធារណៈ និងដោះស្រាយតាមសំណូមពរចាំបាច់ ជាពិសេសការផ្ដល់នូវតម្រូវការប្រចាំថ្ងៃជូនពួក គាត់ត្រូវតែធ្វើឱ្យ បានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងអាកប្បកិរិយារួសរាយ រាក់ទាក់ ទន់ភ្លន់ ទាំងនេះជាក្រមសីលធម៌ របស់មន្ត្រីហើយនឹងប្រាកដប្រជា ឱ្យទទួលបាននូវ ការគាំទ្រមកវិញ ពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ ទន្ទឹមនេះ ត្រូវចូលរួមពង្រឹង សន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន អនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ទប់ស្កាត់ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារ និងធ្វើការអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋត្រូវយកចិត្ត ទុកដាក់ថែរក្សាសុខភាព និងគោរពច្បាប់ចរាចរណ៍។ លើសពីនេះទៀត ត្រូវធ្វើការណែនាំដល់ប្រជាពលរដ្ឋឱ្យត្រៀម ឯកសារពាក់ព័ន្ធនានា សម្រាប់ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

សម្ដេចចៅហ្វាវាំង ក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់អប់រំប្រជាពលរដ្ឋនៅតាមមូល ដ្ឋានរបស់ខ្លួន កុំឱ្យធ្វើចំណាក ស្រុកខុសច្បាប់ បង្កើនមុខរបបក្នុងគ្រួសារ កុំឱ្យប្រព្រឹត្តបទ ល្មើសផ្សេងៗ ដែលសង្គមស្អប់ខ្ពើម។ ជាមួយគ្នានេះសម្ដេច ចៅហ្វាវាំង ក៏បានថ្លែងអំណរ គុណដល់ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងទាំងអស់ ដែលបានរួមសាមគ្គីគ្នាថែរក្សាសុខសន្តិភាព និងសូមបន្តថែរក្សានូវអ្វីៗដែលជាសមិទ្ធផលយើងមានសព្វថ្ងៃនេះ។

សម្ដេចចៅហ្វាវាំងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ដើម្បីបន្តសុខសន្តិភាព ភាពសុខសាន្ត និងការអភិវឌ្ឍបន្តទៅទៀត។

ក្នុងឱកាសនោះដែរសម្ដេចចៅហ្វាវាំង គង់ សំអុល ក៏បាននាំយកសារុង និងថវិកាចែក ជូនដល់ប្រជាពលរដ្ឋជាង៧០០ គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបាន សារុង១ និង ថវិកា១ម៉ឺនរៀលផងដែរ ៕

ដោយ សោម ឫទ្ធី

Share
    Download PDF

Comments are closed.