សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាបប្រមាណ១.០០០នាក់ ចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្តជូនមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី២៤ ខែមិថុនា ឆ្នំា២០១៨​​ –អាជ្ញាធរខេត្តសៀមរាបបានអំពាវនាវឱ្យប្រជាពលរដ្ឋ បរិច្ចាគឈាម ដោយស្ម័គ្រចិត្តជូនមជ្ឈ មណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ខណៈ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាបអះអាងថា អត្រាប្រើប្រាស់ឈាមនៅក្នុងមន្ទីរពេទ្យមានការកើនឡើងជាបន្តបន្ទាប់។

ថ្លែងក្នុងពិធីបើកយុទ្ធនាការបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិតក្នុងខេត្តសៀមរាបកាលពីថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៨ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បាន មានប្រសាសន៍ថា ការបរិច្ចាគ ឈាមមានអត្ថប្រយោជន៍ខ្លាំងណាស់ គឺជួយដល់សង្គម ជួយអ្នកជំងឺដែលខ្វះឈាម បង្ហាញពី សាមគ្គីភាព និងចូលរួមការងារសង្គមដើម្បីប្រទេសជាតិ។ ម្យ៉ាងវិញទៀតក៏ជាការរួមចំណែក យ៉ាងសំខាន់ ក្នុងការជួយ សង្គ្រោះជីវិតជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ជាអំពើមនុស្សធម៌ និងជាពលរដ្ឋម្នាក់ដែល ឆ្លើយតបទៅនឹងសង្គមយ៉ាងពិតប្រាកដ ផងដែរ។

លោកអភិបាលរងខេត្ដបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមបរិច្ចាគឈាមដើម្បី សង្គ្រោះជីវិត ដែលជាកាយ វិការប្រកបដោយមនុស្សធម៌ដ៏មានតម្លៃបំផុត ហើយប្រជាពលរដ្ឋគ្រប់រូបគួរចូលរួមទាំងអស់គ្នា។

លោក ឡាយ គឹមស៊ួរ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងថា នេះជាលើកទី៤ហើយ ដែលសមាគម សហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប សហការជាមួយមជ្ឈមណ្ឌលផ្ដល់ឈាម នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យកុមារអង្គរ សាកល វិទ្យាល័យ វិទ្យាល័យ វិស័យឯកជន ប្រតិបត្តិករទេសចរណ៍ និងបណ្ដាក្រុមហ៊ុនប្រមាណ ៥០ក្រុមហ៊ុន បានធ្វើយុទ្ធនាការបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ លោកបាន លើកឡើងថា សម្រាប់លើក នេះមានអ្នកស្ម័គ្រចិត្តប្រមាណជា១ពាន់នាក់ បានចូលរួមបរិច្ចាក ឈាមដើម្បីជួយសង្គ្រោះជីវិត ជូនដល់មជ្ឈមណ្ឌល ផ្ដល់ឈាម នៃមន្ទីរពេទ្យបង្អែកខេត្តសៀម រាប ដែលធ្វើរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី២៣ និង២៤ ខែមិថុនា ឆ្នាំ២០១៨។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានបញ្ជាក់ថា ក្នុង រយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ អត្រានៃការប្រើប្រាស់សេវាមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានការកើនឡើងគួរកត់សំគាល់ ហើយរាល់ ការពង្រីក និងបន្ថែមសេវាឯកទេស នៅក្នុង មន្ទីរពេទ្យនេះ តម្រូវឱ្យមានការប្រើប្រាស់ឈាមកាន់តែច្រើនឡើងផងដែរ។

លោកវេជ្ជបណ្ឌិតបានបន្ដទៀតថា ការប្រើប្រាស់ឈាមនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបក្នុង ឆ្នាំ២០១៦គឺប្រើប្រាស់ ឈាមប្រមាណជា១.៣០០ប្លោក នៅឆ្នំា២០១៧ប្រើប្រាស់ឈាមអស់ប្រមាណ២.៥០០ប្លោក។ ដោយឡែកនៅក្នុងរយៈ ពេល៦ខែឆ្នំា២០១៨នេះមន្ទីរពេទ្យបង្អែកខេត្តសៀមរាបប្រើប្រាស់ឈាមអស់ជាង២.០០០ប្លោកហើយ ដូចនេះ បើតាម ការប៉ាន់ប្រមាណក្នុងឆ្នាំ២០១៨នេះអាចនឹងប្រើប្រាស់ឈាមសម្រាប់សង្គ្រោះជីវិតមនុស្សតាមរយៈការវះកាត់ផ្សេងៗប្រមាណ៣.៧០០ប្លោក។

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា បច្ចុប្បន្ននេះ មជ្ឈមណ្ឌលផ្ដល់ឈាមនៃមន្ទីរពេទ្យបង្អែក ខេត្តសៀមរាបត្រូវការ ប្រជាពលរដ្ឋបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យបានច្រើន ពោលបើតាម ផែនការ គឺត្រូវការឱ្យមានបរិច្ចាគឈាមដោយ ស្ម័គ្រចិត្ត១០០ភាគរយ ខណៈបច្ចប្បន្នមាន សប្បុរសជនជាតិ និងអន្តរជាតិដែលបានមកធ្វើការបរិច្ចាគឈាមដោយស្ម័គ្រ ចិត្តប្រមាណ៦០ភាគរយហើយ៕

ដោយ ឃុត សៅ

Share
    Download PDF

Comments are closed.