ជនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយ កុមារកំព្រា និងជនពិការចំនួន១៣៩គ្រួសារ ក្នុងស្រុក ទឹកផុស ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ –សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្រ្តៃយ៍ កាកបាទក្រហមកម្ពុជា រួមដំណើរដោយ គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បាន ចុះសាកសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហម ខេត្តកំពង់ឆ្នាំងចែក ជូនប្រជាពលរដ្ឋងាយរង គ្រោះបំផុត ដូចជា ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ និងអ្នកកើតជំងឺរ៉ាំរ៉ៃ សរុបចំនួន១៣៩គ្រួសារ ក្នុងស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង។ ពិធីនេះបានធ្វើឡើង កាលពីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាបឋមសិក្សាវាលស្បូវ។

ក្នុងឱកាសនោះ សម្តេចចៅហ្វាវាំង គង់ សំអុល បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងគិតគូរ ពីសុខុមាលភាពមនុស្សវ័យ ចាស់ ជូនលោកយាយ លោកតា និងប្រជាពលរដ្ឋទាំងអស់ ព្រមទាំងផ្តាំផ្ញើឱ្យបរិភោគអាហារមានអនាម័យ ទឹកដាំពុះ ជៀងវាងការប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹង ដែលជាហេតុបង្កឱ្យមានអំពើហិង្សា ឬបទ​ល្មើសផ្សេងៗ និងចូលរួមគោរព ច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពរបស់ខ្លួន។​ ជាមួយគ្នានេះដែរ ក្នុងនាម គ្រួសាររងគ្រោះទាំងអស់បានសំដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរ មានក្តីមេត្តា ករុណា និងទឹកចិត្តជ្រះ​ថ្លា ជួយដោះស្រាយទុក្ខលំបាក ដល់ប្រជាជនរងគ្រោះជួបការលំបាកបានទាន់ពេលវេលា។

សូមបញ្ជាក់ថា បន្ទាប់ពីពិធីសំណេះសំណាលរួច សម្តេចចៅហ្វាវាំង គង់ សំអុល ក៏បាននាំយកអំណោយ​មនុស្សធម៌ជូនគ្រួសារនីមួយៗទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ១០កំប៉ុង មុង១ សារុង១ ក្រមា១ ភួយ១ នំប៉័ង១ដើម ទឹកសុទ្ធ១ដប និងថវិកា ២០.០០០រៀល ថវិកាសម្តេចផ្ទាល់បន្ថែម១គ្រួសារ ១០.០០០រៀល ទៀត។

តមកនៅព្រឹកថ្ងៃដដែលនោះដែរ សម្តេចចៅហ្វាវាំងគង់ សំអុល អនុប្រធានអចិន្រ្តៃយ៍ កាកបាទក្រហម​កម្ពុជារួមដំណើរដោយឯកឧត្តមទេសរដ្ឋមន្រ្តី គុយ សុផល ព្រមប្រតិភូបានចុះ សួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន១០០នាក់ នៅ សាលាបឋមសិក្សា វាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សម្តេចចៅហ្វាវាំង បានផ្តាំផ្ញើនូវ សេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមឱ្យកូនចៅខិតខំរៀនសូត្រ ឱ្យក្លាយជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ សម្រាប់ជួយកសាង ប្រទេសជាតិឱ្យមានសន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍។ ក្នុងឱកាសនោះដែរ សម្តេចចៅហ្វាវាំង ក៏បានផ្ដល់ជូនថវិកាដល់ លោកគ្រូ អ្នកគ្រូ៣នាក់ ម្នាក់ៗទទួលបានថវិកា៥០.០០០រៀល និង សិស្សានុសិស្ស៩៧នាក់ ដោយម្នាក់ៗទទួលបានស្ករគ្រាប់១កញ្ចប់ និងថវិកា១៥.០០០រៀល៕

ដោយ សោម ឬទ្ធី

Share
    Download PDF

Comments are closed.