សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកនយោបាយទាំងអស់ ត្រូវតាំងខ្លួនជាអ្នកលក់ទំនិញ

AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨–ក្នុងខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោតជិតចូលមកដល់ និងបន្ទាប់ពីមានសមាជិក នៃគណបក្សមួយបានចូលទៅ Comment នៅក្នុង Facebook របស់សម្តេច ដោយប្រៀបធៀបគោលនយោបាយបក្សរបស់ខ្លួន ជាមួយគោលនយោបាយគណបក្សប្រជាជនថាអន់ជាងគណបក្សខ្លួនឯងនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ បានស្នើឱ្យអ្នកនយោបាយនានាតាំងខ្លួនជាអ្នកលក់ទំនិញ ដោយឃោសនាតែទំនិញល្អរបស់ខ្លួនបានហើយកុំបង្អាប់ទំនិញអ្នកដទៃ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញចំនួន ៣២៣៣នាក់ នាព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពីព័រណ៍កោះពេជ្រ សម្ដេចតេជោមានប្រសាសន៍ថា មានអ្នកនយោបាយខ្លះដើរបង្អាប់គេ ប៉ុន្តែយកល្អយើងលើកតែពីគោលនយោបាយរបស់គណបក្សខ្លួនបានហើយ កុំដើរបង្អាប់គោលនយោបាយបក្សអ្នកដទៃ។ ខ្ញុំចង់ឱ្យបណ្ដាបក្សនយោបាយទាំងអស់ ក្លាយទៅជាអ្នកឃោសនាពាណិជ្ជកម្មទំនិញ គេលើកតែទំនិញរបស់គេៗមិនដែលបង្អាប់ទំនិញអ្នកដទៃនោះទេ។

សម្តេចតេជោបានបន្តថា មេដឹកនាំបក្សមួយនោះ ធ្លាប់បានផ្ញើសារអរគុណសម្តេចដែលបានប្រឹងប្រែងរំដោះជីវិតរបស់ពួកគេ និងបានបញ្ជូនពួកគេឱ្យទៅសិក្សានៅប្រទេសអាល្លឺម៉ង់ទៀត។ អ្នកខ្លះមិនទាន់បានបង្ហាញស្នាដៃមួយណាឱ្យចេញជារូបរាងផង តែបានអួតក្អេងក្អាង។ ខ្ញុំស្គាល់ ខ្ញុំយល់ ប៉ុន្តែអ្នកមិនទាន់ចេះគ្រប់គ្រងមនុស្ស សូម្បីតែអង្គការមួយឯងមិនទាន់អាចគ្រប់ គ្រងបានផង កុំថាឡើយគ្រប់គ្រងប្រទេសមួយ ដែលមានប្រជាជនរាប់លានអ្នក។ ដូច្នេះយកល្អលើកតែពីគោលនយោបាយរបស់ខ្លួនបានហើយ កុំបង្អាប់អ្នកដទៃឱ្យសោះ។

សម្តេចតេជោបន្តថា ខ្ញុំគ្រាន់តែចង់បញ្ជាក់ប្រាប់ទៅអ្នកឯងថា មេរបស់អ្នកឯងដែលជាបេក្ខភាព នាយករដ្ឋមន្ត្រីនោះ គឺជាមនុស្សដែលនាយករដ្ឋមន្ត្រីធ្លាប់បានបញ្ជូនទៅរៀននៅអាល្លឺម៉ង់ ហើយធ្លាប់បានអរគុណខ្ញុំនៅក្នុងកិច្ចប្រជុំរវាងរាជរដ្ឋាភិបាល ជាមួយអង្គការជាតិ អន្តរជាតិ នៅគណៈរដ្ឋមន្ត្រីដែលមានទាំងជនបរទេសចូលរួមផង អំពីការរំដោះអ្នកឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានបញ្ជូនអ្នកទៅសិក្សានៅប្រទេសអាល្លឺម៉ង់។ ដូចនេះអ្នកមិនគួរមកប្រៀបធៀបជាមួយនិងខ្ញុំនោះទេ។ អ្នកកុំលើកមេរបស់អ្នកទៅផុតពីអ្នកដទៃឱ្យសោះ សូមឱ្យបានត្រឹមតែកូនខ្ញុំនោះ វាល្មមគ្រប់គ្រាន់ហើយកុំប្រៀបធៀបជាមួយខ្ញុំ។ សម្តេចបានថ្លែងបន្ថែមថា សម្តេចសុខចិត្តចាញ់ការលើកឡើងនានា របស់បក្សនយោបាយដទៃ តែការលើកឡើងនោះគ្រាន់តែជាការលើកឡើងលើក្រដាសតែប៉ុណ្ណោះ។

ក៏ប៉ុន្តែអ្នកត្រូវរង់ចាំពិនិត្យមើលលទ្ធផល ក្រោយការបោះឆ្នោត២៩កក្កដា៕

ដោយ ជឹម ណារី

Share
    Download PDF

Comments are closed.