សម្ដេចតេជោ៖ ការដែលអំពាវនាវមិនឱ្យប្រជាជនទៅបោះឆ្នោត គឺជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស

AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨–សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា ការអំពាវនាវមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតគឺជាការបំផ្លាញសិទ្ធិពលរដ្ឋ បំផ្លាញលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញចំនួន ៣២៣៣នាក់ នាព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពីព័រណ៍កោះពេជ្រ សម្ដេចតេជោមានប្រសាសន៍ថា អ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យ គឺអ្នកអំពាវនាវមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ហើយហេតុអ្វីជនបរទេស បានគាំទ្រជនមួយក្តាប់តូច បានសាងកំហុសក្បត់ជាតិ។ បើមានបក្សចូលតែមួយចូលរួមបោះឆ្នោតគឺខុស លទ្ធិប្រជាធិបតេយ្យហើយ តែនេះ មានគណបក្សនយោបាយច្រើនចូលរួម។

សម្ដេចបានថ្លែងបន្តថា យើងមិនយល់ទេនៅពេលដែលយើង ដំណើរការបោះឆ្នោត ដែលមានគណបក្សនយោបាយ រហូតដល់២០ត្រូវបានគេប្រសិទ្ធនាមថាជាអ្នកបំផ្លាញប្រជាធិបតេយ្យ។ យើងចង់សួរទៅវិញថា តើអ្នកបំផ្លាញការបោះឆ្នោត ជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យ ឬអ្នកគាំទ្រប្រជាធិបតេយ្យ ហើយក៏សុំសួរទៅជនបរទេសមួយចំនួនថា អ្នកបានគាំទ្រជនមួយក្រុមតូច ដែលបាត់បង់នូវសិទ្ធិ ដោយសារតែកំហុស ដែលគេបានកសាងនូវអំពើក្បត់ជាតិ ហើយគេមិនបានចូលរួមការបោះឆ្នោត។

សម្តេចតេជោបានលើកជាសំណួរទៀតថា តើអ្នករៀបចំ ឱ្យមានការបោះឆ្នោត និង ចូលរួមប្រកួតប្រជែងការបោះឆ្នោត និង អ្នកដែលរារាំងប្រជា ពលរដ្ឋមិនឱ្យទៅបោះឆ្នោត និងបំផ្លាញការបោះឆ្នោត តើអ្នកណាជាអ្នកបំផ្លាញប្រជាធិបតេយ្យ។ យើងមិនយល់ទេនៅពេលដែលយើងដំណើរការបោះឆ្នោតដោយមានគណបក្សចូលរួមរហូតដល់២០ទៅហើយ គេថាយើងមកបំផ្លាញលទ្ធិប្រជាធិបតេយ្យ។

តើយើងបំផ្លាញប្រជាធិបតេយ្យមែនឬ សូមសួរទៅពួកបរទេស។ សម្តេចបន្តថា អ្នកដែលរាំងស្ទះ រារាំងមិនឱ្យប្រជាជនទៅបោះឆ្នោតតើនោះជាអ្នកប្រជាធិបតេយ្យឬទេ អ្នកទាំងនោះបានបំផ្លាញប្រជាធិបតេយ្យយ៉ាងពិតប្រាកដ និងបានប្រព្រឹត្តខុសច្បាប់រដ្ឋធម្មនុញ្ញជថែមទៀត ព្រោះច្បាប់រដ្ឋធម្មនុញ្ញបានតម្រូវឱ្យមានបក្ស ច្រើនចូលរួមបោះឆ្នោត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលនៅក្រៅប្រទេសត្រូវមើលឱ្យឃើញបញ្ហានេះ រាជរដ្ឋាភិបាលមិនហាមឃាត់សិទ្ធិរបស់អ្នកក្នុងការធ្វើសកម្មភាពនោះទេ តែក៏មិនអាចមកហាមឃាត់សិទ្ធិរបស់អ្នកដទៃនោះដែរ៕

ដោយ ជឹម ណារី

Share
    Download PDF

Comments are closed.