ឯកឧត្តម យ៉ង់ សែម អញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ

AKP ក្រចេះ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨–ឯកឧត្ដម យ៉ង់ សែម ប្រធានក្រុមសមា ជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ៨ និងជាប្រធាន គណៈកម្មាធិការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល ជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណ៤០០នាក់ នៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ កាលពីព្រឹកថ្ងៃសុក្រ ១០កើត
ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨។

អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនោះដែរមាន ឯកឧត្ដម ខៀវ មុត ប្រធាន ក្រុមសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ៥ ឯកឧត្ដម លោកជំទាវ អ្នកតំណាងរាស្រ្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត អាជ្ញាធរ ក្រុង សង្កាត់មន្ត្រីអ្នកមុខអ្នកការ ក្នុងខេត្ត ជាច្រើនរូបទៀត។

ឯកឧត្តម យ៉ង សែម ប្រធានក្រុមសមា ជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ៨ និងជាប្រធាន គណៈកម្មាធិការទី១ ព្រឹទ្ធសភា ក្នុងពិធីសំណេះ សំណាលនោះ បានមានប្រសាសន៍ថា ប្រទេស ជាតិស្ថិតក្នុងសុខសន្តិភាព ស្ថិរភាពនយោ បាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់ វិស័យបច្ចុប្បន្ននេះក៏ដោយសារមានកាដឹកនាំដ៏ឈ្លាស វៃ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាហើយក៏ ជាអ្នកដែល បាន បញ្ចប់សង្រ្គាមដ៏រាំរ៉ៃ និងបានបង្រួបបង្រួមជាតិឡើងវិញបានជោគជ័យ ក្រោមនយោបាយ ឈ្នះឈ្នះ ជាមួយនិងការយកចិត្តទុកដាក់លើចំណុចសំខាន់ៗចំនួន៣រួមមាន៖ ទី១. ធានាការ ពារអាយុជីវិតប្រជាពលរដ្ឋ ក្នុងពេលធ្វើសមាហរណកម្ម, ទី២. រក្សាអាជីពនិងមុខ របរប្រជាពលរដ្ឋឱ្យនៅដដែល និងទី៣. រក្សានូវកម្មសិទ្ធិ រួមទាំងទ្រព្យសម្បត្តិទាំងឡាយ របស់ប្រជាពលរដ្ឋ ដោយគ្មានការរឹបអូស ហើយអាចឈរជើងរស់នៅ និងប្រកប ការងារជាធម្មតានៅទីតាំងនោះបាន។

ឯកឧត្តមបញ្ជាក់ថា ភាពជោគជ័យនៃវិស័យអប់រំបច្ចុប្បន្នគឺផ្តើមចេញពីសមត្ថភាព និងប្រកបដោយគរុកោសល្យរបស់លោកគ្រូអ្នកគ្រូ ម៉្យាងបច្ចុប្បន្នកម្ពុជាមានប្រព័ន្ធអប់រំច្បាស់ លាស់ផ្ទុយពីអតីតកាលកន្លងទៅ ដែលការអប់រំធ្វើ ឡើងពីអ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ។ ឯកឧត្តម ក៏បានជំរុញដល់លោកគ្រូ អ្នកគ្រូទាំងអស់ ឱ្យខិតខំបង្កើនសមត្ថភាពការសិក្សាស្រាវជ្រាវតាម រយៈការអាន ឬការស្វែងយល់នូវ ចំណេះដឹងបច្ចេកវិទ្យាថ្មីៗ ដើម្បីឈានទៅរកការរីក ចម្រើនផ្នែកចំណេះដឹងថ្មីៗ
បន្ថែមទៀត ។

ឯកឧត្តម យ៉ង សែម ក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នក គ្រូដែលបានបង្ហាត់ បង្រៀនដល់សិស្សានុសិស្សឱ្យក្លាយជាសិស្សល្អ ពលរដ្ឋល្អ មានគំនិតចូលរួមអភិវឌ្ឍន៍សង្គម ជាតិ ស្របតាមកំណែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាល និងជំរុញឱ្យ មន្ត្រីក្នុងវិស័យអប់រំក៏ដូចជាលោកគ្រូអ្នកគ្រូទាំងអស់ចូលរួមអនុវត្តន៍ការងារកំណែទម្រង់នេះ ឲ្យទទួលបានលទ្ធផលល្អប្រសើរ ប្រកបដោយគុណភាព សមត្ថភាព ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ឲ្យមានការរីកលូតលាស់បន្តទៅមុខថែមទៀត ។

នៅក្នុងពិធីសំណេះសំណាលនោះ ឯកឧត្ដម យ៉ង់ សែម ក៏បានពាំនាំនូវសម្ភារ និងថវិកាមួយចំនួនមកចែកជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ៤០០នាក់ផងដែរ ៕

ដោយ ជួន សុជាតិ

Share
    Download PDF

Comments are closed.