រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍អះអាងថា នៅឆ្នាំ២០២០ នឹងមានអ្នកប្រើព័ន្ធទូរស័ព្ទអត់ខ្សែ១០០ភាគរយ

AKP សៀមរាប ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨–រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអះអាងថា នៅឆ្នាំ២០២០ ប្រព័ន្ធសេវាទូរស័ព្ទអត់ខ្សែ នឹងមានសេវាគ្របដណ្ដប់ដល់ទីប្រជុំជនគ្រប់ទីកន្លែង១០០ ភាគរយនិងប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿនអាចគ្របដណ្តប់នៅទូទាំងប្រទេស៨០ភាគរយ។

​ថ្លែងក្នុងពិធីប្រកាសតែងប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប លោក សុខ សីហា ជំនួស លោក ហុងប៊ុន ដែលត្រូវបានចូលនិវត្តន៍ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានមានប្រសាសន៍ថា ពេលបច្ចុប្បន្ននេះ ប្រព័ន្ធទូរស័ព្ទចល័តមិនទាន់មានសេវាគ្របដណ្ដប់នៅទូទាំងប្រទេសនៅឡើយទេ ជាពិសេសនៅតាមទីជនបទដាក់ស្រយាល ដូចជានៅតំបន់អាវ៉ែងជាដើម។

​ឯកឧត្ដមបានបន្ដថា ចំពោះប្រព័ន្ធសេវាអ៊ីនធឺណិត 3G វិញ នៅតាមទីក្រុង ខណ្ឌ នៅទូទាំងប្រទេស មានសេវាអ៊ីនធឺណិតមានល្បឿនតែ៦០ភាគរយ ហើយសម្រាប់សេវា អ៊ីនធឺណិត4G បើនៅតាមបណ្ដាជនបទមានសេវាល្បឿនលឿន១៧ភាគរយ និងនៅទីក្រុង៥៧ភាគរយ។

​ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា រាជរដ្ឋាភិបាលត្រូវអន្ដរាគមន៍ ចំពោះវិស័យ សេវាអ៊ីនធឺណិតដោយថា ការប្រើប្រាស់ប្រព័ន្ធសេវាទូរស័ព្ទ វាអាចជួយដល់ចំណូល ដល់ថវិកាជាតិផងដែរ។ ឯកឧត្ដមបានបន្ដទៀតថា តាមការដាក់សន្ទស្សន៍នៅឆ្នាំ២០២០ ប្រព័ន្ធអ៊ីនធើណែតនឹងមានល្បឿនលឿននៅតាមទីក្រុង១០០ភាគរយ និងនៅតាមជនបទមានល្បឿនលឿន៨០ភាគរយ នឹងជួយជំរុញឱ្យប្រជាពលរដ្ឋខ្មែរ ប្រើប្រាស់១០០ភាគរយនៅទូទាំងប្រទេស។

​ជាមួយគ្នានេះដែរ ឯកឧត្ដមបានជំរុញឱ្យក្រុមហ៊ុនដំឡើងបង្គោលអង់តែន ប្រព័ន្ធទូរស័ព្ទ ឬជីកដីកប់ខ្សែកាប្លិ៍អ៊ុបទិក ត្រូវមានទំនាក់ទំនងជាមួយអាជ្ញាធរខេត្ដ និងមន្ទីរប្រៃសណីយ៍ ដើម្បីកុំឱ្យមានបញ្ហាដល់ប្រជាជនដែលពួកគាត់កំពុងរស់នៅ ព្រោះថា ការតម្លើងផ្នែកប្រព័ន្ធអេឡិចត្រូនិកនេះ ធ្លាប់មានបញ្ហាដល់ប្រជាពលរដ្ឋជាច្រើន ដោយសារក្រុមហ៊ុនទាំងនោះមិនបានធ្វើទំនាក់ទំនងជាមួយអាជ្ញាធរខេត្ដ និងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ជាដើម ខណៈដែលក្រុមហ៊ុនទាំងនោះ មានអាជ្ញាប័ណ្ណពីក្រសួង។

​ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានឱ្យដឹងថា វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍នៅក្នុងខេត្តសៀមរាប ឃើញថាមានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយ បច្ចុប្បន្ននេះមានក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុនសេវាអ៊ីនធឺណិត ស្ថានីយទូរទស្សន៍ផ្សាយបន្ត និងផ្សាយផ្ទាល់ ស្ថានីយទូរទស្សន៍ខ្សែកាបិ៍្ល ស្ថានីយវិទ្យុផ្សាយសំឡេងអែហ្វអឹម (FM) បង្គោលអង់តែនម៉ាយក្រូវ៉េវ ព្រមទាំងមានសាលសម្រាប់បម្រើសេវាអ៊ីនធឺណិត ដល់អតិថិជន ជាច្រើនកន្លែង ដែលបាននិងកំពុងប្រតិបត្តិការអាជីវកម្ម នៅលើទឹកដីនៃខេត្តសៀមរាបនេះ។

​ឯកឧត្តមបានបន្ថែមថា ភាពរីកចម្រើននៃវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍នេះបានផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ប្រព័ន្ធការងាររដ្ឋបាលរបស់រដ្ឋ និងវិស័យឯកជន ជាពិសេសបានផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការទំនាក់ទំនងគ្នាបានលឿន និងទាន់ពេលវេលាផងដែរ៕

ដោយ ឃុត សៅ

Share
    Download PDF

Comments are closed.