ស្នងការខេត្តព្រះសីហនុ ផ្សព្វផ្សាយច្បាប់ បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ ភ្នាក់ងារសន្តិសុខបោះឆ្នោត

AKP ព្រះសីហនុ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ –ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីច្បាប់ បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រម សីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខការពារការិយាល័យបោះឆ្នោត ដោយមានការចូលរួមពីនាយ នាយរងនគរ បាល អធិការក្រុង ស្រុកចំនួន ១៣២នាក់ និងកម្លាំងប្រជាការពារ ២៤នាក់។

ពិធីនេះបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិ  ស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។

ឯកឧត្ដម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានណែនាំមន្ត្រីនគរបាលដែលមានតួនាទី ភារកិច្ច ការពារសន្តិសុខ នៅតាមការិយាល័យបោះឆ្នោត ត្រូវយកចិត្តទុកដាក់ស្តាប់ការពន្យល់បក ស្រាយរបស់គ្រូបង្គោល អំអំពីច្បាប់ បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខ ការពារការិយាល័យបោះ ឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី២៩ ខែខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ ឯកឧត្តមបានបន្ដថា មន្ត្រីនគរបាលត្រូវយល់ដឹងអំពីសិទ្ធិ តួនាទី និង ភារកិច្ចរបស់ខ្លួន និងត្រូវមានវិន័យ ក្រមសីលធម៌ជាមន្ត្រីយុត្តិធម៌។

ឯកឧត្តមបានបន្ដទៀតថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦នេះ មានសារៈសំខាន់ណាស់ ដែលមិនអនុញ្ញាតឱ្យក្រុម ឬជនណាមកអុកឡុក រារាំង គំរាមកំហែង បំភិតបំភ័យដល់ប្រជាពលរដ្ឋដែលចូលរួម បោះឆ្នោតនោះឡើយ។ ឯកឧត្តមសង្ឃឹមថា មន្ត្រី សន្ដិសុខទាំងអស់ នឹងសហការជាមួយគណៈកម្មការរៀបចំ ការបោះឆ្នោតខេត្ដ ដើម្បីជំរុញឱ្យ ដំណើរការបោះឆ្នោតនៅតាមការិយាល័យក្នុងខេត្តព្រះសីហនុ ទទួលបាន លទ្ធផលល្អ តាមផែនការគ្រោងទុក ៕

ដោយ ងូ សុមុនី

Share
    Download PDF

Comments are closed.