ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រមាណជា៦ម៉ឺននាក់ចូលរួមក្នុងពិធីបើកកីឡាជាតិ លើកទី២ នៅពហុកីឡដ្ឋាន ជាតិ​អូឡាំពិក

AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨​​​ –ប្រជាពលរដ្ឋ សិស្សានុសិស្ស និស្សិត ដែលមកពីគ្រឹះស្ថាន អប់រំនានា ក្នុងរាជធានីភ្នំពេញ និងភ្ញៀវជាតិ អន្តរជាតិ ប្រមាណជា ៦ ម៉ឺននាក់ បានមកចូលរួមក្នុងពីធីបើក  កីឡាជាតិលើកទី២ នារាត្រី ថ្ងៃសុក្រ ១១កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

នេះគឺជាលើកទី២ហើយ ដែលសម្ដេចតេជោនាយករដ្ឋមន្ដ្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់កិត្តិយស អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិ ខណៈកាលពីព្រឹត្តិការណ៍កីឡាជាតិលើកទី១ ឆ្នាំ២០១៦ សម្ដេចទាំងពីរក៏ធ្លាប់បានអញ្ជើញជាអធិបតីផងដែរ។ ជាមួយនឹងការប្រកាសការបក្រកួតកីឡាជាតិលើកទី២ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាត់ទុកការផ្ដល់ កិត្តិយសអញ្ជើញចូលរួម របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាការផ្តល់កម្លាំង ចិត្តដ៏សំខាន់ សម្រាប់ក្រុមគណៈកម្មការរៀបចំព្រឹត្តិការណ៍ជាតិ និងគ្រប់ភាគីពាក់ព័ន្ធ ពិសេសកីឡាករ- កីឡាការិនី ដែលត្រូវទទួលបានការយកចិត្តទុកដាក់ និងភាពកក់ក្ដៅពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញវិស័យកីឡាជាតិឱ្យកាន់តែរីកចម្រើន ឆ្ពោះទៅស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជា នឹង ធ្វើជាម្ចាស់ផ្ទះ។ នៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២នេះដែរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គបានព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានភ្លើងគប់ ដល់តំណាងកីឡាករជាតិ ហើយនាំយកភ្លើងគប់ពី ព្រះបរមរាជវាំង មកប្រគល់ជូនសម្ដេចតេជោ នាយករដ្ឋមន្ដ្រី ដើម្បីដុតបំភ្លឺគប់ ក្នុងការប្រារព្ធពិធីបើកការប្រកួត ផ្លូវការនៅពហុកីឡដ្ឋានជាតិ។ នៅក្នុងពិធីនេះផងដែរ គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាជាតិ ក៏បានត្រៀម រៀបចំនូវកម្មវិធីប្លែកៗ និងអស្ចារ្យជាច្រើនទៀត ដើម្បីអបអរពិធីបើក-បិទកីឡាជាតិ រួមមាន ការសម្ដែងចលនា កាយសម្ព័ន្ធសមស្របរបស់ក្រុមយុវជន និងក្រុមអ្នកជំនាញកីឡា ការសម្ដែងសិល្បៈ បាញ់កាំជ្រួចដ៏កម្ររួមទាំង វត្តមានរបស់កំពូលតារាងចម្រៀង ល្បីៗប្រចាំកម្ពុជា៣រូប ដូចជាលោក ព្រាប សុវត្ថិ, កញ្ញា មាស សុខសោភា និងកញ្ញា ឱក សុគន្ធកញ្ញា ដែលលើកយកបទចម្រៀង ពាក់ព័ន្ធកីឡាជាតិ ដើម្បីច្រៀងអបអរសាទរ នាឱកាសដ៏អធិកអធមនេះផងដែរ ។

គួរបញ្ជាក់ដែរថា ការប្រកួតកីឡាជាតិលើកទី២ ក្រោមប្រធានបទ «កីឡានាំមកនូវសន្តិភាព និងការអភិវឌ្ឍ» ដែលមានរយៈពេលមួយសប្តាហ៍នៅពហុកីឡដ្ឋានជាតិអូឡាំពិក នឹងព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០១៨ ដែលមានកីឡាករ កីឡាករ កីឡាការិនីចូលរួមប្រកួតបានកើនដល់ជាង ៤.០០០នាក់មកពីខេត្ត ក្រុងចំនួន២៥ និងក្រសួង ចំនួន៣ ខណៈប្រភេទកីឡាបានកើនឡើងចំនួន២៧ និង វិញ្ញាសាប្រកួតមានរហូតដល់២៧៤ ផងដែរ៕

ដោយ ជឹម ណារី

Share
    Download PDF

Comments are closed.