គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់​​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា

AKP ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨–សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​ មាន​៦ ជំពូក​ និង​​៣០ ​មាត្រា ត្រូវ​បា​ន​​គណៈ​រដ្ឋមន្ត្រីធ្វើការអនុម័ត ក្នុងសម័យ​ប្រជុំ​ពេញអង្គរបស់ខ្លួន នាព្រឹកថ្ងៃសុក្រ ១១កើត ខែ​ជេ​ស្ឋ ឆ្នាំ​ច​ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹ​ង​​ថ្ងៃទី២៥ ខែ​ឧ​ស​​ភា ឆ្នាំ២០១៨ នៅវិមានសន្តិភាព ក្រោ​ម​អ​ធិ​​បតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច​អគ្គ​មហា​សេ​នា​ប​តី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​ នៃ​ព្រះ​រា​ជាណាចក្រកម្ពុជា។

​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ និង​អត្ថ​ប្រយោជន៍ផ្សេងៗ​របស់​កម្មករ​និ​យោជិ​ត​​វិស័យ​​វាយនភណ្ឌ​ កាត់​ដេរ​ និង​ផលិត​ផល​ស្បែកជើង​ បាន​អនុវត្ត​ន៍១៣​លើក​រួចមក​ហើយ​ដែ​ល​​​ធ្វើ​ឱ្យ​ប្រាក់ ​ឈ្នួល​អប្បបរមា​បានកើន​ឡើង​ពី ៤០​ដុល្លារ​នៅ​ឆ្នាំ​១៩៩៧ មក​ដល់​១៧០ ដុ​ល្លា​រអាម៉េរិក​​នៅ​ឆ្នាំ​២០១៨​។ ស្ថិត​​ក្នុង​បរិបទ​ប្រកួតប្រជែងដ៏ខ្លាំងក្លា ក្នុង​​វិស័យ​​ពាណិជ្ជកម្ម​អ​ន្ត​រ​ជាតិនៅក្នុង​តំបន់​​ការ​គ្រប់​​គ្រង​លើ​តម្លៃ​​ពល​កម្ម​ដ៏​សម​ស្រប​មួយ ​គឺជា​ចំណុច​អាទិភាព​ដែ​ល​​​ប្រទេស​កម្ពុជា​ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ជាចាំបាច់​បំផុត។

ការ​ពង្រឹង​យន្តការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ស្ថាន​ភាព​សេដ្ឋ​កិច្ច ​និង​សង្គម​របស់​ប្រទេស។ សេចក្តីព្រាង​ច្បាប់​នេះ​មាន​គោល​បំណង​ និង​គោល​ដៅ​ លើក​កម្ព​ស់​​​ជីវ​ភាព​រស់​នៅ​សមរម្យ ថ្លៃ​ថ្នូរ​ បង្កើត​ឱកាស​ការងារ​ និង​បង្កើន​ផលិត​ភាព​របស់​កម្មករនិ​យោ​ជិ​ត។ ជំរុញ​ឱ្យ​មាន​បរិយាកាស​វិនិយោគ និ​ងធុរកិច្ចកាន់​តែ​ប្រសើរ​ប្រកប​ដោយ​ភាព​ទាក់​ទាញ។

ធា​នា​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរ​មា​សម្រាប់​ជន​ទាំង​ឡាយ​ ដែល​ស្ថិត​នៅ​ក្រោម​បញ្ញត្តិ​នៃ​ច្បាប់​​ស្តី​ពី​ការ​ងារ​។ បង្កើត​នី​តិ​វិ​ធី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​តាម​បែប​វិទ្យាសាស្រ្ត​ ដោយ​ផ្អែក​លើ​​លក្ខណៈ​វិនិ​ច្ឆ័យ​បែប​សង្គម​ និង​សេដ្ឋកិច្ច​។ បង្កើត​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ ដើ​ម្បី​​​ជា​យន្ត​ការ​ត្រី​ភាគី​សម្រាប់​សិក្សា​ស្រាវ​ជ្រាវ​ និង​ផ្តល់​អនុសាសន៍​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​ និង​អត្ថ​ប្រយោជន៍ផ្សេងៗរបស់​ជន​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្រោម​​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការ​ងារ​។ ច្បាប់​នេះ​មាន​វិសាល​ភាព​គ្រប​ដណ្តប់​លើ​សហគ្រាស​ឬ​គ្រឹះស្ថាន​ និង​ជនទាំង​ឡាយ​ដែ​ល​​ស្ថិត​នៅ​ក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការ​ងារ។

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​ មាន​៦ ជំពូក​ និង​​៣០ ​មាត្រា​ គឺជា​សមិទ្ធ​ផ​ល ​ថ្មី​មួយ​ទៀត​ក្នុង​ការ​អភិវឌ្ឍ​ក្រប​ខ័ណ្ឌ​គតិយុត្ត​ដើម្បី​គាំ​ទ្រ​ការ​អនុវត្ត​យុទ្ធ​សាស្រ្ត​ចតុកោណ​ដំ​ណាក់​កាល​ទី​៣ របស់​រាជ​រដ្ឋា​ភិបាល​ នី​តិកាល​ទី​៥ ​នៃ​រដ្ឋ​សភា៕

ដោយ ជឹម ណារី

Share
    Download PDF

Comments are closed.